រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken ធ្វើការពិភាក្សានៅក្នុងប្រទេសអេហ្ស៉ីបនៅថ្ងៃព្រហស្បតិ៍នេះ អំពីកិច្ចប្រឹងប្រែងដើម្បីធានាឱ្យមានបទឈប់បាញ់នៅក្នុងសង្គ្រាមរវាងអ៊ីស្រាអែលនិងពួកហាម៉ាស់ ឱ្យមានការដោះលែងចំណាប់ខ្មាំងនៅហ្កាហ្សា និងការបញ្ជូនជំនួយមនុស្សធម៌បន្ថែម ទៅក្នុងតំបន់ហ្កាហ្សា ដើម្បីជួយជនស៊ីវិលប៉ាឡេស្ទីន ដែលត្រូវការជំនួយយ៉ាងខ្លាំង។
លោក Blinken ថែមទាំងមានគម្រោងជួបដាច់ដោយឡែកជាមួយក្រុមមន្ត្រីអេហ្ស៉ីប និងអ្នកតំណាងមកពីប្រទេសហ៊្សកដានី អារ៉ាប៊ីសាអូឌីត កាតា និងអេមីរ៉ាតអារ៉ាប់រួម ផងដែរ។
ប្រទេសមួយចំនួន ចូលរួមពាក់ព័ន្ធជាមួយនឹងការពិភាក្សាគ្នាអស់ពេលរាប់សប្តាហ៍ ដើម្បីស្វែងរកសំណើមួយដែលអ៊ីស្រាអែលនិងពួកកងជីវពលហាម៉ាស់ អាចទទួលយកបាន។
លោក Blinken នឹងប្រាប់ក្រុមមេដឹកនាំអ៊ីស្រាអែល អំពីការវិវឌ្ឍចុងក្រោយ នៅពេលដែលលោកធ្វើដំណើរទៅប្រទេសអ៊ីស្រាអែល ដើម្បីពិភាក្សាគ្នានៅថ្ងៃសុក្រនេះ។
នៅក្នុងប្រទេសអ៊ីស្រាអែល លោក Blinken នឹង«ពិភាក្សាអំពីសេចក្តីត្រូវការដើម្បីធានាការបង្ក្រាបពួកហាម៉ាស់ រួមទាំងនៅតំបន់ Rafah ដោយការពារជនស៊ីវិល មិនរារាំងដល់ការផ្តល់ជំនួយមនុស្សធម៌ និងអាចធ្វើឱ្យសន្តិសុខរបស់អ៊ីស្រាអែលមានភាពល្អប្រសើរជាងមុន។
សហរដ្ឋអាមេរិកបានសម្តែងការប្រឆាំងជំទាស់នឹងផែនការរបស់អ៊ីស្រាអែលដើម្បីវាយលុកតំបន់ Rafah ដែលអ៊ីស្រាអែលថាជារឿងសំខាន់ដើម្បីសម្រេចផែនការរបស់ខ្លួន ក្នុងការកម្ចាត់ពួកហាម៉ាស់ និងដើម្បីធានាថាក្រុមនេះមិនអាចវាយប្រហារអ៊ីស្រាអែលម្តងទៀត ដូចកាលពីថ្ងៃទី៧ខែតុលា។
ជនជាតិប៉ាឡេស្ទីនជាងមួយលាននាក់ កំពុងជ្រកកោននៅតំបន់ Rafah ដែលភាគច្រើនរត់ចេញពីផ្នែកឯទៀតៗ នៃតំបន់ហ្កាហ្សា ដើម្បីគេចពីសង្គ្រាម៕
ព័ត៌មានខ្លះសម្រាប់សេចក្តីរាយការណ៍នេះត្រូវបានដកស្រង់មកពីទីភ្នាក់ងារសារព័ត៌មាន Associated Press, Agence France-Presse និង Reuters។