រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken កាលពីថ្ងៃសុក្របានជំរុញអ៊ីស្រាអែលឱ្យចាត់វិធានការការពារជនស៊ីវិលនិងធានាថាអ្នកទាំងនោះមិនជាប់ «នៅក្នុងការបាញ់គ្នាដ៏រន្ធត់» នោះទេ។ ការជំរុញនេះបានធ្វើឡើង ស្របពេលសហរដ្ឋអាមេរិកបន្តកិច្ចប្រឹងប្រែងបង្ការជម្លោះកុំឱ្យរីករាលដាលនៅតំបន់មជ្ឈិមបូព៌ានិងស្វែងរកដំណោះស្រាយការទូតនៅប្រទេសលីបង់។
ការថ្លែងរបស់លោក Blinken នេះបានធ្វើឡើងនៅពេលការវាយប្រហាររបស់អ៊ីស្រាអែលក្នុងតំបន់ហ្កាហ្សានិងទីក្រុងបេរូតបានបណ្តាលឱ្យមានមនុស្សស្លាប់ជាច្រើននាក់។ យោធាអ៊ីស្រាអែលថាខ្លួនដៅការវាយប្រហារលើប្រតិបត្តិករភេរវកម្ម។
លោក Blinken ថា អនាគតរបស់លីបង់គឺទុកឱ្យប្រជាជនលីបង់ជាអ្នកសម្រេច មិនមែនតួអង្គខាងក្រៅណាមួយទេ។
លោកថ្លែងប្រាប់ក្រុមអ្នករាយការណ៍ព័ត៌មាននៅសន្និសីទកាសែតមួយក្នុងវៀងចន្ទន៍នៃប្រទេសឡាវថា៖ «ប្រាកដណាស់ ប្រជាជនលីបង់មានចំណាប់អារម្មណ៍ខ្លាំងនៅក្នុងប្រទេស ដោយការជឿជាក់លើខ្លួនឯងនិងការទទួលខុសត្រូវចំពោះប្រទេសនិងអនាគតរបស់ប្រទេស។ ប្រទេសនេះអត់មានប្រធានាធិបតី ២ ឆ្នាំហើយ។ សម្រាប់ប្រជាជនលីបង់ ការមានប្រមុខរដ្ឋគឺសំខាន់ណាស់ តែនោះគឺប្រជាជនលីបង់ជាអ្នកសម្រេច មិនមែនអ្នកផ្សេងណាមួយទេ»៕
អ្នកឆ្លើយឆ្លងព័ត៌មាន VOA ប្រចាំក្រសួងការបរទេសអាមេរិកអ្នកស្រី Nike Ching រួមចំណែកក្នុងសេចក្តីរាយការណ៍នេះពីទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ។ អ្នកឆ្លើយឆ្លងព័ត៌មាន VOA ប្រចាំអង្គការសហប្រជាជាតិអ្នកស្រី Margaret Besheer អ្នកឆ្លងឆ្លើយព័ត៌មាន VOA ប្រចាំសេតវិមានអ្នកស្រី Patsy Widakuswara និងអ្នករាយការណ៍ព័ត៌មាន VOA អ្នកស្រី Natasha Mozgovaya ក៏រួមចំណែកក្នុងសេចក្តីរាយការណ៍នេះដែរ។ ព័ត៌មានខ្លះក្នុងសេចក្តីរាយការណ៍នេះត្រូវបានដកស្រង់មកពីទីភ្នាក់ងារសារព័ត៌មាន The Associated Press, Agence France-Presse និង Reuters។