ក្នុងការជំរុញខាងការទូតនៅពេលថ្មីៗបំផុតនេះដើម្បីបញ្ចប់ជម្លោះនៅក្នុងតំបន់ Gaza Strip និងប្រទេសលីបង់ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថាពួកអ្នកចរចា នឹងជួបគ្នា«ក្នុងប៉ុន្មានថ្ងៃខាងមុខ»។ លោកក៏បានប្រកាសប្រាក់ជំនួយបន្ថែមរបស់សហរដ្ឋអាមេរិកចំនួន១៣៥លានដុល្លារសម្រាប់ជនស៊ីវិលប៉ាឡេស្ទីន។
លោក Blinken បាននិយាយក្នុងអំឡុងនៃសន្និសីទកាសែតនៅក្នុងទីក្រុងដូហា ជាមួយនាយករដ្ឋមន្ត្រីនិងរដ្ឋមន្ត្រីការបរទេសកាតាលោក Sheikh Mohammed bin Abdulrahman Al Thani ថា«ពាក់ព័ន្ធនឹងពួកអ្នកចរចាដែលមកជួបជុំគ្នា ការណ៍នេះ សំដៅជាពិសេសដល់ការចរចាស្តីពីការវិលត្រឡប់របស់ពួកចំណាប់ខ្មាំងនិងការឈប់បាញ់គ្នាសម្រាប់តំបន់ហ្កាហ្សា ហើយនេះជាការផ្តោតការយកចិត្តទុកដាក់ទាំងមូលនៃការងាររបស់ពួកគេ។ ដាច់ដោយឡែកពីនេះ គឺកិច្ចការងារដែលយើងកំពុងធ្វើយ៉ាងខ្លាំងដើម្បីឱ្យប្រទេសឈោងដល់ដំណោះស្រាយការទូត»។
សហរដ្ឋអាមេរិកកំពុងពិភាក្សាជាមួយបណ្តាដៃគូក្នុងតំបន់ស្តីពីផែនការដែលអនុញ្ញាតឱ្យអ៊ីស្រាអែលដកចេញពីតំបន់ហ្កាហ្សាដើម្បីធ្វើឱ្យប្រាកដថាពួកហាម៉ាស់មិនអាចរួបរួមគ្នាឡើងវិញ និងគាំទ្រពលរដ្ឋប៉ាឡេស្ទីននៅក្នុងការគ្រប់គ្រង ការពារនិងស្ថាបនាតំបន់ហ្កាហ្សាឡើងវិញ។
លោករដ្ឋមន្ត្រីការបរទេស Blinken បានថ្លែងថា«ថ្ងៃនេះ យើងកំពុងប្រកាសជំនួយឧបត្ថម្ភមនុស្សធម៌បន្ថែមដែលមានទឹកប្រាក់១៣៥លានដុល្លារ ទឹក អនាម័យ សុខភាពសម្រាលកូនសម្រាប់ពលរដ្ឋប៉ាឡេស្ទីននៅក្នុងតំបន់ហ្កាហ្សា West Bank និងក្នុងតំបន់»។
លោករដ្ឋមន្ត្រីបានបញ្ជាក់ពីភាពបន្ទាន់នៃការដោះស្រាយវិបត្តិមនុស្សធម៌នៅក្នុងតំបន់ហ្កាហ្សា ដោយលោកកត់សម្គាល់ថាបញ្ហាដ៏ខ្លាំងបំផុតដែលត្រូវបានប្រឈមជារៀងរាល់ថ្ងៃដោយកុមារ ស្ត្រីនិងបុរស។ លោក Blinken បានថ្លែងថា«ទាំងអស់នេះជាការបន្ទាន់កាន់តែខ្លាំងឡើងដោយរដូវរងារកំពុងខិតជិតមកដល់»។
ការប្រកាសនេះធ្វើឱ្យជំនួយមនុស្សធម៌សរុបរបស់សហរដ្ឋអាមេរិកកើនដល់ជាង១ពាន់២រយលានដុល្លារសហរដ្ឋអាមេរិកចាប់តាំងពីការវាយប្រហារថ្ងៃទី៧ ខែតុលា ឆ្នាំទៅមក៕