«យុទ្ធនាការ​ថ្ងៃ​ចន្ទ​ពណ៌​ខ្មៅ» ត្រូវ​ផ្អាក​ ខណៈ​កម្ដៅ​នយោបាយ​ថយ​ចុះ

រូបឯកសារ៖ ក្រុម​ប្រជារាស្ត្រ​ខ្មែរ​នៅ​ក្នុង​សហគមន៍​បឹងកក់​មាន​គ្នា​ ​ប្រមាណ​ជាង​ ១០​ នាក់​ បាន​បើក​«​យុទ្ធនា​ការ​ថ្ងៃច័ន្ទពណ៌ខ្មៅ»​ ក្នុងពេលកន្លងមក​ ដើម្បី​ទាម​ទារ​ឲ្យ​ដោះ​លែង​ លោក​ស្រី​ ទេព វន្នី​ ជ័យ​លាភី​រង្វាន់​ស្រ្តី​ជា​អ្នក​ដឹកនាំ​របស់​​អង្គការ​ Vital Voices ដែល​រងការ​ចោទប្រកាន់​ពីបទ​ «ហិង្សា​ដោយចេតនា»។​ (ហ៊ុល រស្មី/VOA)

ការ​ផ្អាក​នេះ ​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ក្រុម​អ្នក​ធ្វើ​យុទ្ធនាការ​នេះ​​រំពឹង​ថា​ ​​រដ្ឋាភិបាល​ នឹង​​ដោះ​លែង​អ្នក​ជាប់​ឃុំ​​​ទាំង​នេះ​ រួម​ទាំង​​អ្នក​ស្រី​ ​ទេព​ វន្នី ​ផង​ដែរ។

ខណៈ​ដែល​ស្ថានការណ៍​នយោបាយ​កម្ពុជា​ ហាក់​កំពុង​វិល​មក​រក​ភាព​ប្រក្រតី​ឡើងវិញ​នោះ​ ​ក្រុម​អ្នក​ធ្វើយុទ្ធនាការ បាន​សម្រេច​ផ្អាក​ការ​ធ្វើ «យុទ្ធនាការ​ថ្ងៃ​ចន្ទ​ពណ៌​ខ្មៅ»​ ដែល​មាន​គោល​បំណង​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ដោះ​លែង​មន្ត្រី​សិទ្ធិ​មនុស្ស​ និង​អគ្គ​លេខាធិការ​រង​គណៈ​កម្មការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​ (គ.ជ.ប)។

ការ​ផ្អាក​នេះ ​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ក្រុម​អ្នក​ធ្វើ​យុទ្ធនាការ​នេះរំពឹង​ថា​ រដ្ឋាភិបាល​ នឹងដោះ​លែង​អ្នក​ជាប់​ឃុំ​ទាំង​នេះ​ រួម​ទាំងអ្នក​ស្រី​ ​ទេព​ វន្នី ​ផង​ដែរ។

ក្រុម​អ្នក​ធ្វើ​យុទ្ធនាការ​ថ្ងៃ​ចន្ទ​ពណ៌ខ្មៅ​នៅ​តំបន់​បឹង​កក់​ បាន​ប្រកាសផ្អាក​យុទ្ធនាការ​ ដែល​បាន​ធ្វើ​ មក​ដល់​សប្ដាហ៍​ទី​ ៣៣​ គិត​ដល់​ត្រឹមថ្ងៃចន្ទកន្លងទៅ​នេះ។

ក្រុម​អ្នក​តាម​ដាន​ស្ថាន​ភាព​សិទ្ធិ​មនុស្ស​និង​ការ​អភិវឌ្ឍ​សង្គម​កម្ពុជា​ ចាត់​ទុក​ការ​ផ្អាក​«យុទ្ធនាការ​ថ្ងៃ​ចន្ទ​ពណ៌​ខ្មៅ»​ថា​ ជា​ការ​សាក​ល្បង​ឆន្ទៈ​របស់​ក្រុម​អ្នក​នយោបាយ​ នៃ​គណបក្ស​ធំៗ​ទាំង​ពីរ នៅ​ក្នុង​ការ​ស្វែង​រក​ដំណោះ​ស្រាយ​ដើម្បី​ដោះលែង​ក្រុម​មន្ត្រី​សិទ្ធិមនុស្ស​របស់​សមាគម​ការពារ​សិទ្ធិមនុស្ស​ អាដហុក​ មន្ត្រី​គណៈកម្មាធិការជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​ និងអ្នក​ស្រី​ ទេព វន្នី​ ​សកម្មជន​ដីធ្លី​ដ៏​សកម្ម ដែល​បាន​ទទួល​ជ័យ​លាភី​រង្វាន់​ស្ត្រី​ជា​អ្នក​ដឹកនាំ​របស់​អង្គការ​ Vital Voices។​

លោក​ អំ​ សំអាត​ ​ប្រធាន​ការិយាល័យ​បច្ចេកទេស​ស៊ើប​អង្កេត​នៃ​អង្គការ​ការ​ពារ​សិទ្ធិមនុស្ស​ លីកាដូ​ ប្រាប់​ VOA នៅ​ថ្ងៃ​អង្គារ​នេះ​ថា​ ​ក្រុម​អ្នកការពារ​សិទ្ធិ​លំនៅដ្ឋាន​នៅ​តំបន់​បឹង​កក់​ ធ្វើ​ការ​សម្រេច​ចិត្ត​ត្រឹម​ត្រូវ​ក្នុង​ការ​ផ្អាក​យុទ្ធនាការ ​«ថ្ងៃ​ចន្ទ​ពណ៌​ខ្មៅ»​ នេះ​ នៅ​គ្រា​ដែល​ស្ថាន​ភាព​នយោបាយ​ បាន​ងាក​មក​រក​ស្ថានភាព​ធូរ​ស្បើយ។

លោក​និយាយ​ថា​ ការ​ផ្អាក​យុទ្ធនាការ​ថ្ងៃ​ចន្ទ​ពណ៌ខ្មៅ​នេះ​ អាច​ជា​ការ​ស្ទាប​ស្ទង់ឆន្ទៈ​នយោបាយរបស់​មេដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​ និង​គណបក្ស​សង្គ្រោះ​ជាតិ​ នៅ​ក្នុង​ការ​ជួប​ចរចា​ ដើម្បី​ដោះលែង​អ្នកជាប់​ពន្ធនាគារ​ដោយសារ​រឿងក្ដីក្ដាំ​ទាំងឡាយ​ ដែល​មាន​ជាប់​ពាក់​ព័ន្ធ​នឹង​រឿង​នយោបាយ។​

លោក​បន្តថា​ ក្រុម​អ្នក​ការ​ពារ​សិទ្ធិ​លំនៅដ្ឋាន​ នៅ​ក្នុង​តំបន់​បឹង​កក់នៅ​តែ​អាច​បន្ត​ធ្វើ​យុទ្ធនាការ​ពណ៌ខ្មៅ​នេះ​ បានដដែល​ ប្រសិន​បើ​មិន​មាន​ការ​ដោះលែង​អ្នក​ទាំង​នោះក្នុង​ខែ​ធ្នូ​នេះ។​

យ៉ាង​ណា​ក៏​ដោយ​ លោក​ជឿ​ជាក់​ថា​ ​ដំណោះ​ស្រាយ​សម្រាប់​អ្នក​ជាប់​ឃុំ​ទាំង​នោះ​នឹង​កើត​មាន ក្រោយ​ពី​មាន​ការ​លើក​លែង​ទោស​ដល់លោក​ កឹម​ ​សុខា​ អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ។

«អញ្ចឹង​បើ​សិន​អ្នកនយោបាយ​គាត់​ចរចា​គ្នា​ ហើយ​គាត់​មាន​ការ​បន្ត​វប្បធម៌​សន្ទនា​ជាមួយ​គ្នា​បន្ត​ទៀត​ អញ្ចឹង​យើង​ឃើញ​ថា​ ការ​លើក​លែង​ទោស​ទៅលើ​ឯកឧត្ដម​ កឹម សុខា​ ការ​លើក​លែង​ទោស​ ទៅលើ​លោក​ មេឃុំ​ ស៊ាង​ ចែត​ ជា​សញ្ញាណ​វិជ្ជមាន​សម្រាប់​ឆ្ពោះ​ទៅ​ការ​ដោះ​លែង​អ្នក​ទាំង​អស់​ហ្នឹង​ផង​ដែរ​បាទ»។​

លោក​ មាស នី​ អ្នក​សិក្សា​ស្រាវ​ជ្រាវ​ការ​អភិវឌ្ឍន៍​សង្គម​យល់​ថា​ ការ​ផ្អាក​យុទ្ធនាការ​ថ្ងៃ​ចន្ទ​ពណ៌ខ្មៅ​ គឺ​ជា​កាយ​វិការ​ទន់​ភ្លន់​មួយ​របស់​ក្រុម​អ្នក​ធ្វើ​យុទ្ធនាការ​នេះ​ ហើយ​ថា ការ​ផ្អាក​នេះ​ គឺជា​ការ​ទុក​ពេល​ឲ្យ​រដ្ឋាភិបាល​ ពិចារណា​លើ​ការ​ដោះលែង​ក្រុម​មន្ត្រី​សិទ្ធិមនុស្ស​ មន្ត្រី​ (គ.ជ.ប)​ និង​សកម្មជន​ការពារ​ដីធ្លី​នៅ​តំបន់​បឹង​កក់​ ដែល​ត្រូវ​បាន​ចាប់​ដាក់​ក្នុង​ពន្ធនាគារ ដោយសារ​តែ​រឿង​នយោបាយ។

លោក​អះអាង​ថា រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​គណបក្ស​ ប្រជាជន​កម្ពុជា​ អាច​នឹង​ស្តា​រប្រជាប្រិយភាព​ខ្លួន​ឡើង​វិញ​បាន​ ប្រសិន​បើ​មាន​ការ​ដោះលែង​អ្នក​ទាំងនេះ។

លោក​បន្ថែម​ថា​ រដ្ឋាភិបាល​ត្រូវ​ផ្ដោត​ទៅ​លើ​កំណែទម្រង់​ ជាជាង​ចំណាយ​ពេល​វេលា​ច្រើនហួសហេតុ​ លើ​ការ​ធ្វើ​បាប​ក្រុម​អ្នក​រិះគន់ខ្លួន​ទាំង​នោះ។​

«អញ្ចឹង​យើង​ចង់​ឃើញ​រដ្ឋាភិបាល​ គួរ​ចំណាយ​ពេល​ឲ្យ​ច្រើន​ គិត​គូ​អំពី​រឿង​ការ​កំណែទម្រង់​ទៅ ហើយ​យក​ល្អ​ គឺ​វិល​ទៅ​រកការ​អនុវត្ត​នយោបាយ​ឈ្នះៗ​ ​ ដូចដែល​សម្ដេច​លោក​ធ្លាប់​ធ្វើ​ពីមុន​មក។​ អា​ហ្នឹង​ខ្ញុំ​គិត​ថា​ គណបក្ស​ប្រជាជន​ នឹង​អាច​មាន​ការ​រស់​រាន​ជីវិត​ ដែល​ប្រកប​ដោយ​ការ​គាំទ្រ​ពី​មហាជន​ឡើង​វិញ។ ប៉ុន្តែ​ បើ​សិន​ជា​ធ្វើ​ដូច​កន្លង​មក​ហើយ​នេះ​ គឺ​មាន​អ្នក​ចាញ់​ និង​មាន​អ្នក​ឈ្នះ​ អ្នក​ដែល​រងគ្រោះ​ គឺ​មិនមែន​គណបក្ស​សង្គ្រោះ​ជាតិ​ទេ​ គឺ​ប្រជាប្រិយភាព​របស់​គណបក្ស​ប្រជាជន​ទេ​ ដែល​ត្រូវ​ទទួល​រង​ការ​ខូចខាត​នោះ»។

ការ​ប្រកាស​ផ្អាក​យុទ្ធនាការ​ថ្ងៃ​ចន្ទ​ពណ៌ខ្មៅ​នេះ​ កើត​មាន​ឡើង​ ក្រោយ​ការ​វិល​ត្រឡប់​របស់​លោក​ ​កឹម​ សុខា​ ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ​ ទៅកាន់​រដ្ឋសភា។

លោក​ ស ខេង​ រដ្ឋមន្ត្រី​ក្រសួងមហា​ផ្ទៃ ដែល​បាន​ជួប​ផ្ទាល់​ជាមួយ​លោក​ កឹម​ សុខា​ នៅ​រដ្ឋ​សភា​ កាលពីដើម​ខែ​ធ្នូ​នេះ​ បាន​ឲ្យ​ដឹង​ថា​ នឹង​មាន​ការ​ពិនិត្យ​លើ​ការ​ឃុំ​ខ្លួន​អ្នក​ការ​ពារ​សិទិ្ធមនុស្ស​ និង​ មន្ត្រី គ.ជ.ប​ ឲ្យ​បាន​មុន​ដំណាច់​ខែ​ធ្នូ​នេះ។​

​លោក​ ស ខេង​ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ ថ្លែង​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​នៅ​រដ្ឋសភា​ យ៉ាង​ដូច្នេះ​ថា៖​

«បើ​តាម​ខ្ញុំ​ដឹង​ មុន​ដំណាច់​ខែ​ ១២​នេះ​ ​នឹង​មាន​ការ​ដោះ​ស្រាយ​ ​ករណី​មន្ត្រី​សិទ្ធិមនុស្ស ហើយ​នឹងអគ្គលេខាធិការ​រង​ ​គ.ជ.ប»។​

អ្នក​ការ​ពារ​សិទ្ធិមនុស្ស​៤នាក់​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​ អាដហុក ដែល​រួម​មាន លោក នី សុខា លោក យី សុខសាន​ ​លោក ណៃ​ វ៉ង់​ដា​ ​និង​ អ្នក​ស្រី លឹម មុនី​ ព្រមទាំង លោក នី​ ចរិយា​ ​មន្ត្រី​ជាន់​ខ្ពស់​នៃគណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ​ ដែល​ជា​អតីត​អ្នក​ការពារ​សិទ្ធិមនុស្ស​ដ៏​លេច​ធ្លោ​ម្នាក់​នៃ​សមាគម​អាដហុក​នេះ​ដែរ ​ត្រូវ​បាន​ឃុំ​ខ្លួន​ចាប់តាំង​ពី​ខែ​មេសា ឆ្នាំ​២០១៦​មក។

ការ​ចាប់ខ្លួន​ពួកគេ​កើត​មាន​ ​ក្រោម​បទ​ចោទ​ប្រកាន់​ទាក់ទង​នឹង​ការ​ផ្ដល់​ការ​ប្រឹក្សាផ្លូវច្បាប់​ដល់​នារី​កាត់​សក់​ម្នាក់​ ដែល​ត្រូវ​គេ​ចោទ​ថា ​មាន​ទំនាក់ទំនង​ស្នេហា​លួចលាក់​ជាមួយ​លោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ។​

អ្នកស្រី​ ទេព វន្នី​ ដែល​បាន​ចូលរួម​ និង​ដឹកនាំ​ការ​ធ្វើ​យុទ្ធនាការ​ថ្ងៃ​ចន្ទ​ពណ៌ខ្មៅ​យ៉ាង​សកម្ម​ដើម្បី​ទាមទារ​ឲ្យ​មាន​ការ​ដោះលែង​អ្នក​ទាំង​នោះ ត្រូវ​បាន​ចាប់​ឃុំ​ខ្លួន និង កាត់​ទោស​ក្នុង​ករណី​ជា​ច្រើន​ពាក់ព័ន្ធ​នឹង​ការ​ប្រព្រឹត្ត​អំពើ​ហិង្សា។

អ្នក​ស្រី​ បូវ​ សោភា ​ដែល​ជា​សកម្មជន​ដីធ្លី​តំបន់​បឹងកក់ដែរ​នោះ ​ប្រាប់​ ​VOA​ថា​ ក្រុម​អ្នក​ការ​ពារ​សិទ្ធិ​លំនៅដ្ឋាន​ បាន​សម្រេច​ចិត្ត​មិន​ស្លៀក​ពាក់​ខោ​អាវពណ៌​ខ្មៅ​ត​ទៅ​ទៀត​ នៅ​ក្នុង​សប្ដាហ៍​ទី​ ៣៣​នេះ​ ដោយសារ​ពួកគេ​យល់​ថា​ ការ​លើក​ឡើង​របស់​រដ្ឋមន្ត្រី​ក្រសួង​មហា​ផ្ទៃ​ លោក​ ​ស ​ខេង​ អំពី​ដំណោះ​ស្រាយ​សម្រាប់​អ្នក​ជាប់​ក្នុង​ពន្ធនាគារ​ទាំង​នោះ​ នឹង​បើកផ្លូវ​ឲ្យ​មាន​ការ​ដោះ​លែង​ពួក​គេ​ទាំង​នោះ​មក​វិញ។

អ្នកស្រី​បន្ត​ថា​ ដំណោះ​ស្រាយ​ក៏​នឹង​អាច​កើត​មាន​ចំពោះ​អ្នកស្រី​ ទេព​ វន្នី​ ផង​ដែរ។​

«ក្នុង​សប្ដាហ៍​ទី​៣៣​ ពួក​យើង​បាន​បត់​អាវ​ខ្មៅ​ទុក​ ដើម្បី​ឲ្យ​ពួកគាត់​មាន​សេរីភាព​ឡើង​មក​វិញ​ ទៅ​តាម​អនុសាសន៍​របស់​ឧប​នាយក​រដ្ឋមន្ត្រី​ ស​ ខេង។​ អញ្ចឹង​ បើ​សិន​ជា​មិន​មានការ​ដោះ​លែង​ គឺ​ពួក​ខ្ញុំ​នឹង​បន្ត​ធ្វើ​យុទ្ធនាការ​ នៅ​ខែ​០១​ បន្ត​ទៀត​ តែ​យើង​សង្ឃឹម​ជឿ​ជាក់​ពួក​គាត់​ នឹង​មាន​សេរីភាព​នៅ​ពេល​ឆាប់ៗ​នេះ»។

កម្រង​ករណី​សិក្សា​លើ​ការ​ចាប់​ខ្លួន​ក្រុម​អ្នក​តវ៉ា​ការពារ​សិទ្ធិមនុស្ស​ដែល​ចេញផ្សាយដោយ​មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្សកម្ពុជា​នៅ​ក្នុង​ឱកាសប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ​ថ្ងៃ​ទី​ ១០​ ធ្នូ​ ឆ្នាំ​២០១៦នេះ​ បាន​ឲ្យដឹង​ថា​ រហូត​មក​ដល់​ពេល​នេះ មាន​ការ​ចាប់ខ្លួន​ចំនួន​៣៣​លើក ក្នុង​ការ​តវ៉ា​នៅ​ក្នុង​យុទ្ធ​នា​ការ​ ​«ថ្ងៃ​ចន្ទ​ពណ៌​ខ្មៅ»​ ដែល​ពាក់​ព័ន្ធ​នឹង​បុគ្គល​ចំនួន​២១​នាក់​ ដែល​អ្នក​ខ្លះ​ធ្លាប់​ត្រូវ​បាន​ចាប់​ខ្លួន​ជា​ច្រើន​ដងរួច​មក​ហើយ៕​