លោក Bill Gates ជួប​ជាមួយ​​ប្រធានាធិបតី​​​ចិន​លោក Xi Jinping

លោក Bill Gates និងលោក Xi Jinping ប្រធានាធិបតីចិន ចាប់ដៃស្វាគមន៍គ្នា នៅក្នុងជំនួបមួយនៅទីក្រុងប៉េកាំង ប្រទេសចិន កាលពីថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ ២០២៣។

បណ្តាញ​សារ​ព័ត៌មាន​រដ្ឋ​នៃ​ប្រទេសចិនបាន​រាយការណ៍​នៅថ្ងៃសុក្រ​នេះថា ​សហស្ថាបនិក​ក្រុមហ៊ុន Microsoft ​និង​ជា​អ្នក​ធ្វើ​វិភាគទានមនុស្សធម៌​លោក Bill Gates ​បាន​ជួប​ជាមួយប្រធានាធិបតី​ចិន​លោក​ Xi Jinping។

លោក​ Xi ​បាន​និយាយ​នៅក្នុង​វីដេអូ​មួយ​ផ្សាយ​តាម​ទូរទស្សន៍​រដ្ឋ CCTV ​ថា៖​ «ខ្ញុំ​បាន និយាយជាញឹកញយ​ថា ទំនាក់ទំនង​រវាង​សហរដ្ឋ​អាមេរិក​និង​ប្រទេស​ចិន​ផ្អែក​លើ​ប្រជារាស្ត្រនៃ​ប្រទេស​ទាំង​ពីរ»។​ លោក Xi ​បានថ្លែង​ថា​ លោក Gates ​ជាជនជាតិ​អាមេរិកាំង​ទី ១ ដែល​លោក​បាន​ជួប​នៅ​ឆ្នាំ​នេះ ​ដោយ​លោកបាន​បន្ថែម​ថា​ លោក​ដាក់​«សេចក្តី​សង្ឃឹម​របស់លោក​លើ​ប្រជារាស្ត្រអាមេរិកាំង»។

ជំនួបរបស់​ឥស្សរជន​ពីរ​នាក់​នេះ​មាន​ឡើង​ក្រោយមូលនិធិ Bill and Melinda Gates Foundation ប្រកាសកាលពី​ថ្ងៃព្រហស្បតិ៍​ថា ​ខ្លួនផ្តល់ប្រាក់​ ៥០ លាន​ដុល្លារ​ដល់​វិទ្យាស្ថាន​ស្រាវជ្រាវ​ឱសថ​សម្រាប់​សុខភាព​សាកល Global Health Drug Discovery Institute ​នៃប្រទេស​ចិន ដើម្បី​ជួយ​ពង្រឹងសមត្ថភាព​ស្រាវជ្រាវបង្កើត​ឱសថ។

លោក Gates ​ដែល​ជាអ្នក​មាន​ជាង​គេម្នាក់​ក្នុង​ពិភពលោក​ បាន​ស្ថិត​ក្នុងប្រទេសចិនកាលពី​ថ្ងៃព្រហស្បតិ៍​ ដើម្បី​អ្វីដែល​លោក​បាន​មានប្រសាសន៍​ថា​ ជា​ជំនួប​ជាមួយ​ក្រុម​ដៃគូ​ខាង​សុខាភិបាល​និង​ការអភិវឌ្ឍ​សាកល​ ដែល​បាន​ធ្វើការ​ជាមួយ​មូលនិធិ​សប្បុរសធម៌​របស់​លោក។

លោក Gates​ បាន​សរសេរ​តាម​បណ្តាញ​ Twitter ​ថា៖ «ការ​ដោះស្រាយ​បញ្ហា​នានា​ដូចជា​ការ​ប្រែប្រួល​ធាតុអាកាស អសមភាព​ខាង​ការ​ថែទាំ​សុខភាព ​និង​អសន្តិសុខ​ស្បៀងតម្រូវ​ឱ្យមាន​ការ​បញ្ចូល​របៀប​ដោះស្រាយ​ថ្មីៗ។ ចាប់​តាំង​ពីការអភិវឌ្ឍ​ថ្នាំ​គ្រុន​ចាញ់​រហូត​ដល់​ការ​វិនិយោគក្នុង​ការ​សម្រប​សម្រួល​តាមអាកាសធាតុ គឺ​ប្រទេស​ចិន​មាន​ពិសោធន៍​ច្រើន​ក្នុង​វិស័យ​នេះ។ ​យើងត្រូវការ​ធ្វើឱ្យ​មាន​ការ​ជឿនលឿនបែប​នេះ​សម្រាប់​មនុស្សច្រើន​នាក់​ថែម​ទៀតក្នុង​ពិភពលោក»។

លោក Gates ​បាន​មាន​ប្រសាសន៍​ថា វិបត្តិ​សាកល​បាន​រារាំងការ​ជឿនលឿន​ក្នុង​ការ​បន្ថយការស្លាប់​និង​ភាពក្រីក្រ​របស់​កុមារ ​ហើយ​ថា លោក​នឹង​ធ្វើដំណើរទៅ​ផ្នែក​ខាងលិច​នៃ​ទ្វីបអាហ្វ្រិក​ ពីព្រោះ​បណ្តា​ប្រទេស​នៅ​តំបន់​អាហ្វ្រិករងគ្រោះ​ដោយ​ងាយ ​«ដោយសារតម្លៃ​ស្បៀង​អាហារខ្ពស់ បំណុលច្រើន​និង​កំណើន​អត្រា​ជំងឺ​របេង​និង​គ្រុន​ចាញ់»។

លោក Gates ​ជាឥស្សរជន​ធុរកិច្ច​ដែលទៅបំពេញ​ទស្សនកិច្ចក្នុង​ពេលថ្មីៗ​បំផុត ​បន្ទាប់ពី​លោក Tim Cook ​នៃ​ក្រុម​ហ៊ុន​ Apple ​និង​លោក​ Elon Musk ​នៃ​ក្រុម​ហ៊ុន Tesla៕

ព័ត៌មាន​ខ្លះ​សម្រាប់​សេចក្តី​រាយការណ៍​នេះ​ដកស្រង់​ចេញ​ពី​ទីភ្នាក់ងារ​សារព័ត៌មាន​ AP, AFP​ និង Reuters