ប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan បានជួបកាលពីថ្ងៃពុធជាមួយប្រធានាធិបតីសហរដ្ឋអាមេរិកលោកដូណាល់ ត្រាំ។ ជំនួបនៅសេតវិមានត្រូវបានគេមើលឃើញថា ជាឱកាសមួយដើម្បីធ្វើឲ្យមានទំនាក់ទំនងល្អឡើងវិញដែលមានការតានតឹងដោយការខ្វែងគំនិតលើគោលនយោបាយជាច្រើន។
កិច្ចប្រតិបត្តិការយោធារបស់តួកគីប្រឆាំងនឹងពួកកងជីវពលស៊ីរីឃឺដត្រូវគេរំពឹងស្ថិតនៅលើរបៀបវារៈលើគេនៅក្នុងការចរចារវាងប្រធានាធិបតីតួកគីលោក Erdogan និងប្រធានាធិបតីសហរដ្ឋអាមេរិកលោកដូណាល់ ត្រាំ។
រដ្ឋាភិបាលក្រុងអង់ការ៉ាបានចាត់ទុកពួកកងជីវពលស៊ីរីឃឺដជាភេរវជន ក៏ប៉ុន្តែពួកកងជីវពលនោះជាសម្ព័ន្ធមិត្តដ៏សំខាន់មួយនៅក្នុងសង្គ្រាម ដែលដឹកនាំដោយសហរដ្ឋអាមេរិកប្រឆាំងនឹងក្រុមរដ្ឋឥស្លាម។
សភាសហរដ្ឋអាមេរិកកំពុងគំរាមកំហែងដាក់ទណ្ឌកម្មយ៉ាងខ្លាំងប្រឆាំងនឹងតួកគី ដែលការដាក់ទណ្ឌកម្មខ្លះដៅលើលោក Erdogan តែម្តង។ ជំនួបរបស់ប្រធានាធិបតីនៅសប្តាហ៍នេះកើតមានឡើងនៅពេលវេលាដ៏សំខាន់នៅក្នុងទំនាក់ទំនងរវាងសម្ព័ន្ធមិត្តរបស់អង្គការអូតង់។
លោកស្រី Asli Aydintasbas តំណាងទំនាក់ទំនងការបរទេសនៅក្រុមប្រឹក្សាអឺរ៉ុបនិយាយថា៖ «មានបញ្ហាយ៉ាងច្រើនរវាងប្រទេសទាំង២។ តាមការពិត ទំនាក់ទំនងនោះមិនដែលមានភាពអាក្រក់ដូចនៅពេលសព្វថ្ងៃនេះទេ។ ហើយជាការពិត បញ្ហាដែលកំពុងបន្តកើតមានឡើងគឺ ការលុកលុយរបស់តួកគីនៅក្នុងប្រទេសស៊ីរីនិងការប្រឆាំងរបស់សហរដ្ឋអាមេរិក។ អ្វីដែលកំពុងកើតមានឡើងនៅទីនោះជាការគ្រោះថ្នាក់បំផុត»។
ថ្វីបើភាពតានតឹងទ្វេភាគីរីកកាន់តែធំឡើងក៏ដោយ ប្រធានាធិបតីប្រទេសទាំង២ ហាក់ដូចជា បានស្ថាបនាទំនាក់ទំនងការងារដ៏ល្អ ជាការត្រូវរ៉ូវគ្នា ដែលរដ្ឋាភិបាលអង់ការ៉ាជឿថា អាចផ្តល់ឱកាសធ្វើឲ្យល្អឡើងវិញ។ លោកMesut Casin ទីប្រឹក្សាខាងគោលនយោបាយការបរទេសរបស់ប្រធានាធិបតីតួកគីបាននិយាយថា៖ «ជំនួបកំពូលជាប្រវត្តិសាស្រ្តនេះ នឹងផ្តល់អត្ថប្រយោជន៍សម្រាប់ភាគីទាំង២។ ខ្ញុំកំពុងចាត់ទុកថា ជាទស្សនវិស័យសុទិដ្ឋិនិយម។ ការណ៍នេះនឹងធ្វើឲ្យមានដំណោះស្រាយនិងវិធីសាស្រ្តថ្មីរវាងប្រទេសទាំង២»។
ក៏ប៉ុន្តែ អ្នកវិភាគខ្លះបានព្រមានរដ្ឋាភិបាលក្រុងអង់ការ៉ាដែលពឹងផ្អែកតែលើលោកប្រធានាធិបតីត្រាំដើម្បីដោះស្រាយការខ្វែងគំនិតគ្នា អាចជាយុទ្ធសាស្រ្តគ្រោះថ្នាក់មួយ។នេះតាមលោកស្រី Asli Aydintasba ជាអ្នកសិក្សាស្រាវជ្រាវជាន់ខ្ពស់នៅឯក្រុមប្រឹក្សាអឺរ៉ុបសម្រាប់ទំនាក់ទំនងការបរទេស។ លោកស្រីបានថ្លែងថា៖ «កំហុសខាងយុទ្ធសាស្រ្តដ៏ធំមួយផ្នែករបស់តួកគី គឺស្ថាបនាទំនាក់ទំនងទាំងមូលដោយពឹងផ្អែកលើប្រធានាធិបតីត្រាំតែម្នាក់ ភាគច្រើនតាមសារ Twitter ។ ដូច្នេះការធ្វើរបៀបនេះគ្រោះថ្នាក់ណាស់។ ខ្ញុំចង់និយាយថា នេះជាល្បែងទំនាក់ទំនងរកាំរកូសដែលមានជាងមួយសតវត្សរ៍មកហើយ»។
លោកប្រធានាធិបតី Erdogan កំពុងស្វះស្វែងឲ្យប្រធានាធិបតីត្រាំលុបចោលការដាក់ទណ្ឌកម្មលើការទិញយន្តហោះចំបាំងទំនើបបំផុតរបស់អាមេរិក។ លោកប្រធានាធិបតីត្រាំបានផ្អឹបការលក់យន្តហោះនេះ បន្ទាប់ពីរដ្ឋាភិបាលក្រុងអង់ការ៉ា បានទិញកាំជ្រួច S-400 របស់រុស្ស៊ី។
រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនមានការភ្ញាក់ផ្អើលចំពោះចំណងទាក់ទងយ៉ាងខ្លាំងរបស់រដ្ឋាភិបាលក្រុងអង់ការ៉ាជាមួយរដ្ឋាភិបាលក្រុងម៉ូស្គូ។ លោកប្រធានាធិបតី Erdogan ត្រូវគេរំពឹងនឹងសុំទិញកាំជ្រួចមីស៊ីល Patriot របស់អាមេរិកនៅក្នុងដំណើរបំពេញទស្សនកិច្ចរបស់លោកនេះ។
ក៏ប៉ុន្តែរដ្ឋាភិបាលក្រុងអង់ការ៉ាបានប្រាប់ថា ប្រសិនបើជំនួបនៅសប្តាហ៍នេះជាមួយលោកប្រធានាធិបតីត្រាំ មិនអាចធ្វើឲ្យមានចំណងទាក់ទងល្អទេ រដ្ឋាភិបាលក្រុងម៉ូស្គូកំពុងរង់ចាំ។
ប្រែសម្រួលដោយជឹង ប៉ូជីន