អាជ្ញាធរ​ចាប់​យក​កង់​យុវជន​មាតា​ធម្មជាតិ ​នាំ​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ​កាន់​តែ​ខ្លាំង​អំពី​ការ​រឹត​ត្បិត​សេរីភាព

មន្ត្រីប៉ូលិសកំពុងចាប់យកកង់របស់ក្រុមយុវជនមាតាធម្មជាតិ ដែលមានគម្រោងជិះកង់ពីកោះកុង ទៅកាន់ទីក្រុងភ្នំពេញ ដើម្បីដាក់ញត្តិស្នើសុំឲ្យរដ្ឋាភិបាលដាក់ «កោះកុងក្រៅ» ជាតំបន់ការពារ នៅខេត្តកោះកុង ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២០។ (រូបថតដកស្រង់ពីហ្វេសប៊ុកអាឡិច ហ្គន់សាឡេស ដេវិតសុន)

យុទ្ធនាការ​ជិះកង់​ដាក់​ញត្តិ​របស់​យុវជន​មាតា​ធម្មជាតិ​ ពី​ខេត្ត​កោះកុង​សំដៅ​មក​រាជធានី​ភ្នំពេញ​បាន​ខកខាន ​ ក្រោយ​កម្លាំង​អាជ្ញាធរ​ឃាត់​ចាប់​យក​កង់​របស់​ពួកគេ។ ​សកម្មភាព​អាជ្ញាធរ​នេះ​នាំ​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ​កាន់​តែ​ខ្លាំង​លើ​ការ​រឹត​ត្បិត​សេរីភាព​នៅ​ក្នុង​ប្រទេស​កម្ពុជា។​

យុវជន​ប្រមាណ​២០​នាក់​បាន​ចាប់ផ្តើម​យុទ្ធនាការ​ជិះកង់​មាន​ចម្ងាយ​ផ្លូវ​ប្រមាណ​៣០០​គីឡូម៉ែត្រ ​ទាមទារ​ឲ្យ​ដាក់​«កោះ​កុងក្រៅ»​ក្នុង​ខេត្ត​កោះ​កុង​ជា​តំបន់​ការពារ។ ​ យុទ្ធនាការ​នេះ​ចាប់​ផ្តើម​តាំង​ពី​ថ្ងៃ​អង្គារ​ ដោយ​ពួកគេ​ធ្វើ​ដំណើរ​តាម​កង់​ចំនួន​១១​គ្រឿង​ ម៉ូតូ​ចំនួន​២​គ្រឿង និង​ម៉ូតូ​កង់បី​ចំនួន​១គ្រឿង។ ​យុទ្ធនាការ​ចេញ​ពី​ទីរួម​ខេត្ត​កោះកុង​សំដៅ​មក​ភ្នំពេញ​ ដើម្បី​ដាក់​ញត្តិ​ទៅ​លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន។​ តាម​គម្រោង​យុទ្ធនាការ​ជិះកង់​របស់​ក្រុម​យុវជន​មាតា​ធម្មជាតិ​នេះ​ចាប់​ផ្តើម​ពី​ថ្ងៃ​ទី​២​ដល់​ថ្ងៃទី​៥​ខែ​មិថុនា​ឆ្នាំ​២០២០។​

នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ ​ អាជ្ញាធរ​បាន​ចុះ​ឃាត់​ការ​ធ្វើ​ដំណើរ​នេះ​ចាប់​តាំង​ពី​ម៉ោង​ជាង​៦​ព្រឹក ​នៅ​ម្តុំ​សហគមន៍​ទេស​ចរណ៍​ត្រពាំង​រូង ​ក្នុង​ស្រុក​កោះកុង។​ នេះ​បើ​យោង​តាម​សកម្មជន​បរិស្ថាន​ម្នាក់​ដែល​ធ្វើ​ដំណើរ​ក្នុង​យុទ្ធនាការ​នេះ​គឺ​កញ្ញា​រ៉ី រក្សា។​

កញ្ញា ​រ៉ី រក្សា ​អាយុ​២២​ឆ្នាំ ​ជា​និស្សិត​ដែល​បញ្ចប់​បរិញ្ញា​បត្រ​គ្រប់គ្រង​ទេសចរណ៍​នៅ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ​បាន​ថ្លែង​ប្រាប់​ VOA​ ថា ​ អាជ្ញាធរ​បាន​ចាប់​យក​កង់​របស់​ពួក​គេ​ទាំង​អស់ រួច​ដឹក​ទៅ​ដាក់​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កោះកុង។ ​ កញ្ញា​បន្ត​ថា​ អាជ្ញាធរ​មាន​បំណង​ចង់​ឲ្យ​ពួកគេ​ផ្តិត​មេដៃ​ឈប់​ធ្វើ​យុទ្ធនាការ​នេះ។​

កញ្ញា​ឲ្យ​ដឹង​ទៀត​ថា​ ពី​ដំបូង​ឡើយ​មាន​ការ​លើក​ឡើង​ថា​ ​ការ​ឃាត់​នេះ​គឺ​ដើម្បី​ពិនិត្យ​កម្តៅ​ទាក់ទង​នឹង​ជំងឺ​កូវីដ១៩​ប៉ុន្តែ​កញ្ញា​ចាត់​ទុក​ថា​ នេះ​គ្រាន់​តែ​ជា​លេស​ប៉ុណ្ណោះ។​

កញ្ញា​ថ្លែង​ថា៖​«មួយ​ព្រឹក​ហ្នឹង​គឺ​ពួក​យើង​អត់​មាន​បាន​ពិនិត្យ​កម្តៅ​អី​ទេ​គឺ​ចរចា​តែ​ជាមួយ​អាជ្ញាធរ​ហើយ​គាត់​សួរ​ឲ្យ​ពួក​យើង​បង្ហាញ​អត្ត​សញ្ញាណ​បណ្ណ​ហើយ​ចង់​ឲ្យ​ពួក​យើង​ផ្តិត​មេដៃ​ទៅ​លើ​កំណត់​ហេតុ​ដែល​គាត់​បាន​សរសេរ»។​

ប៉ុន្តែ​កញ្ញា​មិន​ដឹង​ថា​ ​កំណត់​ហេតុ​នោះ ​និយាយ​អំពី​អ្វី​ ហើយ​ក្រុម​យុវជន​មិន​ចង់​ផ្តិត​មេដៃ​ទេ។​កញ្ញា​បន្ត​ថា​ក្រុម​របស់​កញ្ញា​មិន​បាន​បង្ក​ការ​កក​ស្ទះ​ចរាចរណ៍​ ឬ​អសន្តិសុខ​អ្វី​នោះ​ទេ។

កញ្ញា​និយាយ​ថា៖​ «ពួក​យើង​គ្រាន់​តែ​ជិះ​កង់​ហើយ​ការ​ជិះ​កង់​របស់​យើង​មាន​របៀប​រៀបរយ ​មិន​បង្ក​ផល​ប៉ះពាល់​ដល់​អ្នក​ណា ​ ​ហើយ​ថែម​ទាំង​ជួយ​ដល់​ការ​ការពារ​ធនធាន​ធម្មជាតិ​នៅ​កម្ពុជា​យើង​ផង​ដែរ។ ​ខ្ញុំ​មិន​ដឹង​ថា​ហេតុ​អ្វី​បាន​ជា​ធ្វើ​ដល់​ថ្នាក់​ហ្នឹង»។​

ក្រុម​យុវជន​ទាំង​១៨​នាក់​បាន​ពាក់​អាវ​យឺត​ដូច​គ្នា ​ដែល​មាន​រូប​កោះ​កុង​ក្រៅ ​និង​សារ​នៅ​ខាង​មុខ ​និង​ក្រោយ​អាវ​ដែល​មាន​អត្ថន័យ​ថា​«សង្រ្គោះ​កោះកុង​ក្រៅ»។ ​ ចំណែក​កង់​មួយៗ​របស់​ពួក​គេ​មាន​ទង់​ជាតិ​របស់​កម្ពុជា។​

VOA​មិន​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​លោក​សៀង ហ៊ ​អធិការ​នគរបាល​ស្រុក​កោះ​កុង ​និង​លោក​សំ​ឃិតវៀន​ ស្នងការ​នគរបាល​ខេត្ត​កោះកុង​បាន​ទេ​នៅ​ថ្ងៃ​ពុធ​នេះ។​

យុវជនមាតាធម្មជាតិបាននាំគ្នាដើរ បន្ទាប់ពីប៉ូលិសកោះកុងបានចាប់យកកង់របស់ពួកគេ ខណៈពួកគេគ្រោងជិះកង់ពីកោះកុង ទៅកាន់ទីក្រុងភ្នំពេញ ដើម្បីដាក់ញត្តិស្នើសុំឲ្យរដ្ឋាភិបាលដាក់ «កោះកុងក្រៅ» ជាតំបន់ការពារ នៅខេត្តកោះកុង ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២០។ (រូបថតដកស្រង់ពីហ្វេសប៊ុកអាឡិច ហ្គន់សាឡេស ដេវិតសុន)

នៅ​ក្នុង​វីដេអូ​រយៈ​ពេល​ប្រមាណ​១​នាទី​កន្លះ ​ ដែល​ត្រូវ​បាន​បង្ហោះ​ដោយ​សកម្ម​ជន​ដែល​ធ្វើ​ដំណើរ នោះ​ បុរស​ម្នាក់​ដែល​ដឹកនាំ​ការ​ចុះ​ឃាត់​នោះ​ បាន​លើក​ឡើង​ថា​ ក្រុម​យុវជន​ត្រូវ​សុំ​ការ​អនុញ្ញាត​មុន​នឹង​ធ្វើ​សកម្មភាព​ទាំង​នេះ។​

សមត្ថ​កិច្ច​មិន​បាន​ឃាត់​ខ្លួន​ពួក​គេ​ទុក​នោះ​ទេ ​ ហើយ​កង់​របស់​ពួក​គេ​ត្រូវ​រក្សា​ទុក​នៅ​អធិការ​ដ្ឋាន​នគរបាល​ស្រុក​កោះកុង។​សកម្មជន​បរិស្ថាន​វ័យ​ក្មេង​ទាំង​នោះ​ក៏​សម្រេច​ដើរ​តាម​ផ្លូវ​ជា​ក្រុម​នៅ​ល្ងាច​ថ្ងៃ​ពុធ​នេះ។​ នេះ​បើ​តាម​កញ្ញា​រ៉ី រក្សា។​

លោក​ ថោង ច័ន្ទដារ៉ា ​អ្នក​សម្រប​សម្រួល​ផ្នែក​សិទ្ធិ​មនុស្ស​នៃ​សមាគម​អាដហុក​ប្រចាំ​ខេត្ត​កោះកុង ​មាន​ប្រសាសន៍​ថា​ ការ​ឃាត់​ចាប់​យក​កង់​នេះ​ជា​ការ​រំលោភ​បំពាន​សិទ្ធិ​សេរីភាព​របស់​ពួក​គាត់ ​ ខណៈ​អ្នក​ចូល​រួម​ជិះ​កង់​មិន​មាន​ចំនួន​ច្រើន​ហើយ​ក៏​មិន​ស្ទះ​ចរាចរណ៍​នោះ​ទេ។​

លោក ថោង ច័ន្ទដារ៉ា​ មាន​ប្រសាសន៍​ថា៖ ​«អា​នេះ​ដូច​ថា​ វា​មិន​ចង់​ឲ្យ​មាន​រឿង​វែង​ឆ្ងាយ ​ទៅ​ឮ​ដល់​ភ្នំពេញ​...​ ជា​ការ​ទាម​ទារ ​តវ៉ា​របស់​ពួក​គាត់​ ដែល​ចង់​ដូច​ថា​ ថែ​រក្សា​សម្បតិ្ត​ធនធាន​ធម្មជាតិ»។​

លោក​បន្ត​ថា​ ការ​រារាំង​នេះ​ធ្វើ​ឲ្យ​សាធារណជន​មើល​ឃើញ​ថាជា​ការ​រឹត​ត្បិត​របស់​អាជ្ញាធរ​ ដែល​នាំ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​កាន់​តែ​ខ្លាំង។​

លោក​បញ្ជាក់​ថា៖​«វា​ចូល​របត់​មួយ​មាន​លក្ខណៈ​រឹត​ត្បិត​ខ្លាំង ​ ទាំង​ការ​ធ្វើ​ដំណើរ ​ ការ​បញ្ចេញ​មតិ​របស់​ប្រជា​ពលរដ្ឋ។​នៅ​តាម​សហគមន៍ ​តាម​អី ​ ឃើញ​វា​កាន់​តែ​វិវត្ត​ទៅ​រក​ភាព​មួយ​កាន់​តែ​អាក្រក់​ទៅៗ»។​

លោក​ អំ សំអាត ​នាយក​រង​ទទួល​បន្ទុក​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ ​ មាន​ប្រសាសន៍​ថា​ ការ​ឃាត់​នេះ​មិន​ពាក់ព័ន្ធ​នឹង​ជំងឺ​កូវីដ​អ្វី​នោះ​ទេ។​លោក​ចាត់​ទុក​ថា​ ករណី​នេះ​ប្រហែល​ជា​អាជ្ញាធរ​មិន​ចង់​ឲ្យ​ក្រុម​យុវជន​ធ្វើ​យុទ្ធនាការ​នេះ។ ​ លោក​ថា ​នេះ​ជា​ការ​រឹតត្បិត​សេរីភាព​មួយ​យ៉ាង​តឹង​រ៉ឹង​សម្រាប់​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​របស់​ពួក​គាត់។​

មន្ត្រីប៉ូលិសកំពុងចាប់យកកង់របស់យុវជនមាតាធម្មជាតិ ដែលមានគម្រោងជិះកង់ពីកោះកុង ទៅកាន់ទីក្រុងភ្នំពេញ ដើម្បីដាក់ញត្តិស្នើសុំឲ្យរដ្ឋាភិបាលដាក់ «កោះកុងក្រៅ» ជាតំបន់ការពារ នៅខេត្តកោះកុង ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២០។ (រូបថតដកស្រង់ពីហ្វេសប៊ុកអាឡិច ហ្គន់សាឡេស ដេវិតសុន)

លោក​សុខ ឥសាន ​អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ​និង​ជា​សមាជិក​ព្រឹទ្ធសភា​ចាត់​ទុក​ថា​ ការ​ជិះ​កង់​នេះ​មាន​«ចេតនា​មិន​ល្អ» ​ទើប​អាជ្ញាធរ​ឃាត់​បែប​នេះ។​

នៅ​ពេលVOA ​សួរ​អំពី​ចេតនា​មិន​ល្អ​នោះ​ ​ លោក ​សុខ ឥសាន​មាន​ប្រសាសន៍​ថា៖​«វា​រំលោភ​ទៅ​លើ​តួនាទី​ភារកិច្ច​របស់​រាជ​រដ្ឋាភិបាល»​ក្នុង​ការ​ថែ​រក្សា​ធនធាន​ធម្មជាតិ។​

នៅ​ពេល​សួរ​ពី​ការ​រឹត​ត្បិត​សេរីភាព​របស់​យុវជន​ទាំង​នោះ ​ លោក​សុខ ឥសាន ​បាន​ស្នើ​ឲ្យ​សួរ​នគរបាល​ថ្នាក់​ក្រោម​វិញ។​លោក​មាន​ប្រសាសន៍​ថា៖​ «ឥឡូវ​មក​សួរ​ខ្ញុំ ​ ខ្ញុំ​អត់​ដឹង​ទេ !​ទៅ​សួរ​សមត្ថ​កិច្ច​ដែល​គេ​ឃាត់​ហ្នឹង​ទៅ ​វា​ច្បាស់​ជាង»។​

លោក​ថុន រដ្ឋា ​យុវជន​មាតា​ធម្មជាតិ​បាន​ប្រាប់​VOA​កាល​ពី​ថ្ងៃ​អង្គារ​ថា ​ មូលហេតុ​នៃ​ការ​ធ្វើ​យុទ្ធនាការ​ជិះកង់​នេះ​គឺ​ដោយសារ​ក្រុម​យុវជន​មាតា​ធម្មជាតិ​បាន​មើល​ឃើញ​អំពី​សក្តានុពល​របស់​កោះកុង​ក្រៅ ​ដែល​ស្ថិត​ក្នុង​ឃុំ​ជ្រោយ​ប្រស់ ​ស្រុក​កោះកុង ​ខេត្ត​កោះកុង​ និង​ជា​តំបន់​ពោរពេញ​ដោយ​ធម្មជាតិ​ដែល​អាច​ទាក់ទាញ​ទេសចរណ៍​បាន​ច្រើន។​ លោក​បន្ថែម​ថា​ ក្រុម​យុវជន​បារម្ភ​ថា​ កោះ​ដែល​មាន​សក្តានុ​ពល​មួយ​នេះ​អាច​នឹង​រង​ការ​បំផ្លាញ​ដូច​កោះ​ផ្សេងៗ​ជា​ច្រើន​ទៀត។

បើ​តាម​វីដេអូ​ដែល​ក្រុម​យុវជន​មាតា​ធម្មជាតិ​បង្ហោះ​កាល​ពី​សប្តាហ៍​មុន​កោះកុង​ក្រៅ​មាន​ផ្ទៃ​ក្រឡា​ទំហំ​១០៣​គីឡូ​ម៉ែត្រ​ការ៉េ ​មាន​ឆ្នេរ​ប្រវែង​៥៣​គីឡូម៉ែត្រ ​និង​មាន​ចម្ងាយ​ប្រមាណ​៣០​គីឡូម៉ែត្រ​ពី​ក្រុង​ខេមរ​ភូមិន្ទ។ ​ កោះកុង​ក្រៅ​មាន​ដើម​ឈើ​ធំៗ ​កូន​ភ្នំ​ សត្វព្រៃ ​ ទឹកធ្លាក់​ជាច្រើន​កន្លែង ​ឆ្នេរ​ខ្សាច់​ស​ក្បុស ​និង​ផ្កា​ថ្ម​ជាដើម។​

លោក​ នេត្រ ភក្រ្តា ​អ្នក​នាំពាក្យ​ក្រសួង​បរិស្ថាន​លើក​ឡើង​ថា ​ក្រសួង​បរិស្ថាន​បាន​ចាប់​ផ្តើម​សិក្សា​តំបន់​កោះ​កុង​ក្រៅ​ ដើម្បី​ដាក់​ស្នើ​ជា​ឧទ្យាន​សមុទ្រ​ធម្មជាតិ​តាំង​ពី​៣​ឆ្នាំ​មុន​មក ​ដោយ​ត្រូវ​ការ​ពេល​វេលា​ដើម្បី​កំណត់​ពី​ទំហំ​ តំបន់​ការពារ ​ប្រភេទ​សត្វ​ដែល​ត្រូវ​ការពារ ​ បញ្ហា​ជុំវិញ​តំបន់​នេះ​ព្រមទាំង​ការ​រៀបចំ​ផែនការ​ផ្សេងៗ។ ​ លោក​បន្ត​ថា ​រហូត​មក​ដល់​ពេល​នេះ​ក្រសួង​មិន​ទាន់​អាច​កំណត់​ពី​ពេល​វេលា​និង​ទំហំ​ជាក់​លាក់​ដើម្បី​ដាក់​ស្នើ​ទៅ​រដ្ឋាភិបាល​ឲ្យ​មាន​ការ​ការពារ​នៅ​ឡើយ៕