ចំនួនករណីថ្មីនៃជំងឺអ៊ីបូឡា (Ebola) ក្នុងតំបន់អាហ្វ្រិកខាងលិចបានធ្លាក់ចុះយ៉ាងខ្លាំងកាលពីសប្តាហ៍មុនដែលកំពុងបង្កើនសេចក្តីសង្ឃឹមថាការរាលដាលក្នុងតំបន់កំពុងចុះអន់ខ្សោយ។
អង្គការសុខភាពពិភពលោកនិយាយថា ករណីអ៊ីបូឡាថ្មី៤៥ករណីបានត្រូវរាយការណ៍នៅក្នុងប្រទេសហ្គីណេ (Guinea) ប្រទេសលីបេរីយ៉ា (Liberia) និងប្រទេសសៀរ៉ាឡែអូន (Sierra Leone) នៅក្នុងសប្តាហ៍មួយដែលបានបញ្ចប់នៅថ្ងៃទី១៨ ខែមករា។
៨ករណីនៃករណីទាំងអស់នោះបានកើតមានឡើងនៅក្នុងប្រទេសលីបេរីយ៉ាដែលនេះជាចំណែកតូចមួយនៃចំនួនពី៣ទៅ៤រយករណីក្នុងមួយសប្តាហ៍នៅក្នុងខែសីហានិងខែកញ្ញា។
១១៧ករណីថ្មីបានត្រូវបញ្ជាក់នៅក្នុងប្រទេសសៀរ៉ាឡែអូន ក៏ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ អង្គការសុខភាពពិភពលោកនិយាយថា អ្នកជំងឺថ្មីកំពុងធ្លាក់ចុះយ៉ាងឆាប់រហ័ស។ ចំនួនថ្មីៗនេះតំណាងនៃការធ្លាក់ចុះជាង៥០ភាគរយនៅក្នុងរយៈពេលសប្តាហ៍កន្លងមកនេះ។
ក្រុមមន្រ្តីអង្គការសហប្រជាជាតិបានស្វាគមន៍ការធ្លាក់ចុះការឆ្លងនេះ ក៏ប៉ុន្តែបានបញ្ជាក់ថា ត្រូវឃ្លាំមើលហើយនិងត្រូវរក្សាវិធានការដែលបានប្រើប្រាស់នេះដើម្បីត្រួតត្រាមេរោគអ៊ីបូឡា។
លោកស្រី Valerie Amos អ្នកសម្របសម្រួលជំនួយសង្គ្រោះបន្ទាន់របស់អង្គការសហប្រជាជាតិបាននិយាយថា ភាពព្រងើយកន្តើយនឹងក្លាយជាសត្រូវដ៏អាក្រក់បំផុតរបស់យើង។
លោកស្រី Amos បានថ្លែងកាលពីថ្ងៃពុធនៅសន្និសីទកាសែតក្នុងទីក្រុង Davos នៃប្រទេសស្វីសនៅឯវេទិកាសេដ្ឋកិច្ចសាកលលោកឆ្នាំ២០១៥នេះ។ នៅទីនោះ លោកស្រី និងលោក David Nabarro ប្រធានឆ្លើយតបជំងឺអ៊ីបូឡារបស់អង្គការសហប្រជាជាតិចាប់ផ្តើមធ្វើការអំពាវនាវរកប្រាក់១ពាន់លានដុល្លារដើម្បីផ្តល់ថវិកាដល់កិច្ចខំប្រឹងប្រែងអន្តរជាតិប្រឆាំងជំងឺអ៊ីបូឡា៕