ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden និងប្រធានាធិបតីចិនលោក Xi Jinping ត្រូវគេរំពឹងថានឹងនិយាយគ្នាក្នុងពេលឆាប់ៗនេះអំពីអ្វីដែលសេតវិមានបាននិយាយថា មានបញ្ហាជាច្រើន រួមទាំងបញ្ហាសេដ្ឋកិច្ច ភាពតានតឹងអំពីតៃវ៉ាន់ និងសង្រ្គាមរបស់រុស្ស៊ីនៅអ៊ុយក្រែន។
អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិសេតវិមាន លោក John Kirby បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃពុធថា លោកមិនអាចផ្តល់កាលបរិច្ឆេទ និងពេលវេលាហៅទូរស័ព្ទរវាងមេដឹកនាំទាំងពីរនោះទេ ប៉ុន្តែលោករំពឹងថា នឹងកើតឡើង«នៅប៉ុន្មានថ្ងៃខាងមុខនេះ»។
លោក Kirby បាននិយាយថា លោក Biden «ចង់ធ្វើឱ្យប្រាកដថា ទំនាក់ទំនងជាមួយលោកប្រធានាធិបតី Xi នៅតែបើកចំហ ពីព្រោះវាចាំបាច់។ មានបញ្ហាដែលយើងអាចសហការជាមួយចិនបាន ហើយក៏មានបញ្ហាដែលជាក់ស្តែងមិនត្រូវគ្នា និងមានភាពតានតឹង»។ លោកបាននិយាយថា ភាពតានតឹងទាក់ទងនឹងសមុទ្រចិនខាងត្បូង និងអ្វីដែលលោកហៅថា «អាកប្បកិរិយាបង្ខិតបង្ខំ និងគឃ្លើន» របស់ចិនចំពោះប្រទេសនៅក្នុងតំបន់នោះ ត្រូវបានគេរំពឹងថា នឹងជាផ្នែកមួយនៃការពិភាក្សានោះ។
ការទាក់ទងតាមទូរស័ព្ទនេះធ្វើឡើងចំពេលមានគម្រោងដំណើរទស្សនកិច្ចជាសក្តានុពលដោយប្រធានរដ្ឋសភាអាមេរិកលោកស្រី Nancy Pelosi ទៅកាន់កោះតៃវ៉ាន់ ដែលអ្នកនាំពាក្យក្រសួងការបរទេសចិន លោក Zhao Lijian បានព្រមានកាលពីថ្ងៃពុធថា «នឹងត្រូវបានឆ្លើយតបដោយបង្ខំ»។ លោក Kirby បាននិយាយថា មិនមានការផ្លាស់ប្តូរចំពោះគោលនយោបាយរបស់សហរដ្ឋអាមេរិក ដែលទទួលស្គាល់ទីក្រុងប៉េកាំង មិនមែនតៃប៉ិនោះទេ។
«ខ្ញុំប្រាកដថា ក្នុងទម្រង់ណាក៏ដោយ លោកប្រធានាធិបតីនឹងបញ្ជាក់ជាថ្មីថា គ្មានការផ្លាស់ប្តូរចំពោះការប្តេជ្ញាចិត្តរបស់អាមេរិកចំពោះគោលនយោបាយចិនតែមួយ ហើយថា យើងបន្តមិនចង់ឃើញបញ្ហាឆ្លងច្រកសមុទ្រ ឬភាពតានតឹងត្រូវបានដោះស្រាយដោយឯកតោភាគីនោះទេ ហើយពិតណាស់មិនមែនដោយកម្លាំងទេ ហើយក៏គ្មានហេតុផលធ្វើដូច្នេះដែរ»៕
ព័ត៌មានខ្លះក្នុងសេចក្តីរាយការណ៍នេះដកស្រង់ពីទីភ្នាក់ងារសារព័ត៌មាន The Associated Press និង Reuters។