សហរដ្ឋអាមេរិកក្រោមរដ្ឋបាលថ្មីរបស់លោក Joe Biden បានចាប់ផ្តើមដាក់ទណ្ឌកម្មជាបុគ្គលលើមេដឹកនាំភូមា និងកៀងគរសម្ព័ន្ធមិត្តក្នុងតំបន់និងពិភពលោក ដើម្បីដោះស្រាយបញ្ហាសំខាន់ៗ ក្នុងតំបន់ ក្នុងពិភពលោក និងបញ្ហារដ្ឋប្រហារបណ្តេញរដ្ឋាភិបាលស៊ីវិលរបស់លោកស្រី Aung San Suu Kyi ចេញពីមុខតំណែងនៅប្រទេសនៅមីយ៉ាន់ម៉ា(ភូមា)។
មកដល់ពេលនេះ សេចក្តីរាយកាណ៍នានាបង្ហាញថា ក្រុមអ្នកតវ៉ាប្រឆាំងយោធាជាច្រើននាក់ត្រូវបានសម្លាប់ ចាប់ខ្លួន និងរងរបួសនៅក្នុងប្រទេសមីយ៉ាន់ម៉ា។
លោក ឈាង វណ្ណារិទ្ធ នាយកប្រតិបត្តិនៃអង្គការវិទ្យាស្ថានទស្សនវិស័យអាស៊ី បានថ្លែងថា លោក Joe Biden នឹងគិតគូរពីបញ្ហាសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យខ្លាំងនៅភូមា។
«ចង់មិនចង់ អាមេរិកត្រូវលូកដៃជ្រៅហើយ នៅក្នុងបញ្ហាភូមានេះ ដូចជាដាក់ទណ្ឌកម្មជាដើម ក៏ប៉ុន្តែទណ្ឌកម្មនេះប្រហែលមានលក្ខណៈខុសពីលើកមុន ត្រង់ថា ទណ្ឌកម្មនេះគឺជាទណ្ឌកម្ម targeting sanctions ទៅលើតែបុគ្គលដែលរំលោភទៅលើលទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្សទេ ជាពិសេសមេទាហាន ក្រុមគ្រួសារហើយនិងក្រុមហ៊ុន»។
ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកលើប្រទេសភូមាកន្លងទៅ គឺមានការហ៊ុំព័ន្ធសេដ្ឋកិច្ចនយោបាយ ពាណិជ្ជកម្ម និងប្រទេសទាំងមូល។ ក៏ប៉ុន្តែពេលនេះ ដោយមិនចង់ប៉ះពាល់ដល់ពលរដ្ឋភូមា ទណ្ឌកម្មចុងក្រោយនោះសំដៅទៅលើបុគ្គលដែលពាក់ព័ន្ធផ្ទាល់ទៅនឹងការរំលោភសិទ្ធិមនុស្សនិងប្រជាធិបតេយ្យធ្ងន់ធ្ងរ។
ទណ្ឌកម្មទាំងនោះរាប់បញ្ចូលទាំងការបង្កកទ្រព្យសម្បតិ្តជាដើម ដែលទណ្ឌកម្មស្រដៀងគ្នានេះត្រូវសហភាពអឺរ៉ុបដាក់លើបុគ្គលជាង ១០ នាក់ ដែលជាមន្ត្រីយោធាកំពូលផងដែរ។ លោក វណ្ណារិទ្ធបញ្ជាក់ថា ការធ្វើយ៉ាងដូច្នេះ គឺជាការកាត់បន្ថយផលប៉ះពាល់ដល់ប្រជាជនភូមាជាទូទៅ។
«មួយទៀត សហរដ្ឋអាមេរិកកំពុងតែកៀងគរសម្ព័ន្ធមិត្ត ហើយនិងមិត្តភក្តិក្នុងតំបន់ហ្នឹង នៅក្នុងពិភពលោកហ្នឹង ដើម្បីដាក់សម្ពាធបន្ថែមជាពិសេសសម្ពាធការទូត និងសម្ពាធសេដ្ឋកិច្ចហ្នឹង ដើម្បីធ្វើយ៉ាងណាឲ្យមានការផ្លាស់ប្តូរ បានន័យថា ត្រឡប់មកវិញនូវគន្លងប្រជាធិបតេយ្យនៅភូមាហ្នឹង។ អីចឹងរឿងហ្នឹងជាចំណោទមួយស្មុគស្មាញ»។
គេមិនទាន់ដឹងថាតើការដាក់ទណ្ឌកម្មទាំងឡាយនេះ នឹងចេញជឫលទ្ធផលយ៉ាងណានោះទេ ដោយសារថាទម្ងន់ភូមិសាស្ត្រនយោបាយ ទម្ងន់សេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកនៅភូមា នៅមានកម្រិតទាបនៅឡើយ។ ស្របពេលជាមួយគ្នានោះ គេឃើញថា ជប៉ុនគឺជាប្រទេសមួយ ដែលមានទុនវិនយោគដ៏សំខាន់នៅភូមា បន្ទាប់ពីសីង្ហបុរី និងថៃ។
លោក ឈាង វណ្ណារិទ្ធ ថ្លែងយ៉ាងដូច្នេះ នៅចំពេលដែលលោករដ្ឋមន្ត្រីការបរទេសអាមេរិក Anthony Blinken បានធ្វើដំណើរទៅកាន់តំបន់ជាច្រើន រួមទាំងសហភាពអឺរ៉ុបផងដែរ ដើម្បីពង្រឹងសម្ព័ន្ធឡើងវិញ ជាពិសេសសម្ព័ន្ធមិត្តនៃអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ហៅថា NATO ឬអង្គការ អូតង់។
សេចក្ដីរាយការណ៍តាមបណ្តាញផ្សព្វផ្សាយ និងភស្តុតាងពីសាក្សី អះអាងថា ពលរដ្ឋមីយ៉ាន់ម៉ាកំពុងភៀសខ្លួនចេញពីប្រទេស ខណៈការបង្រ្កាបមានសភាពកាន់តែធ្ងន់ធ្ងរ ក្នុងនោះមនុស្សជាង ២៣០ ត្រូវបានសម្លាប់ ហើយមនុស្សប្រមាណជាង ២០០០ នាក់ទៀត ត្រូវបានចាប់ខ្លួន ចាប់តាំងពីរដ្ឋប្រហារថ្ងៃទី១ ខែកុម្ភៈមក។
ព្រឹត្តិការណ៍វិវត្តនានានៅប្រទេសមីយ៉ាន់ម៉ា កាន់តែមានភាពលំបាកក្នុងការកំណត់ឲ្យបានច្បាស់ បន្ទាប់ពីអាជ្ញាធរបានរឹតត្បិតប្រព័ន្ធអ៊ីនធឺណិត ដែលក្រុមបាតុករបានប្រើប្រាស់ដើម្បីរៀបចំ និងចែកចាយព័ត៌មាន។
យោធាមីយ៉ាន់ម៉ាបានចាប់ខ្លួនអ្នកសារព័ត៌មាននិងសមាជិកនៃគណបក្សរបស់លោកស្រី Aung San Suu Kyi ជាបន្តបន្ទាប់ផងដែរ ក្រៅពីអំពើហិង្សា។
លោក Phil Robertson នាយករងនៃអង្គការសិទ្ធិមនុស្ស Human Right Watch ទទួលបន្ទុកតំបន់អាស៊ី បានថ្លែងថា រដ្ឋបាលលោក Biden នឹងយកចិត្តទុកដាក់ពីរឿងភូមា ដែលជាប្រទេសសមាជិកអាស៊ានមួយផងនោះ។
«រដ្ឋបាលលោក Biden នឹងពិតជាជំរុញដល់អាស៊ានយ៉ាងខ្លាំង ដើម្បីធ្វើកិច្ចការទាក់ទងនឹងវិបត្តិរដ្ឋប្រហារនៅភូមា ទោះជាក្តីប៉ងប្រាថ្នារបស់មេដឹកនាំខ្លះ ដូចជាលោកឧត្តមសេនីយ៍ Prayut [Chan-o-cha] នៃប្រទេសថៃនិងលោក ហ៊ុន សែន នៃប្រទេសកម្ពុជា ព្យាយាមធ្វើព្រងើយចំពោះស្ថានការណ៍ទាំងស្រុងក្តី»។
លោកបានបញ្ជាក់ថា មុខមាត់អាស៊ាន គឺពិតរងគ្រោះដ៏ធ្ងន់ធ្ងរ បើមិនដោះស្រាយស្ថានការណ៍ភូមាស្តារលទ្ធិប្រជាធិបតេយ្យឡើងវិញ និងធានាការពារសិទ្ធិមនុស្សនោះទេ ទោះបីជាកម្ពុជានិងថៃបានទទូចក្នុងសេចក្តីថ្លែងការណ៍មួយចំនួន សុំឲ្យមានការបញ្ឈប់អំពើហិង្សា និងដោះស្រាយបញ្ហាដោយសន្តិវិធីក្តី។
យ៉ាងណាមិញ លោក Robertson បានយល់អំពីបញ្ហាដែលខកខានដំណើរការដោះស្រាយ។ នេះគឺដោយសារតែធម្មនុញ្ញអាស៊ានដ៏សំខាន់មួយឃ្លា ដែលចងប្រទេសទាំង ១០ រួមទាំងកម្ពុជា ជាសមាជិកមួយផងនោះ មិនឲ្យជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងប្រទេសជាសមាជិក ទោះជាថ្មីៗប្រទេសឥណ្ឌូណេស៊ីនិងម៉ាឡេស៊ី ដែលជាសមាជិកចាស់ៗ ព្យាយាមដើរតួនាទីក្នុងការសម្របសម្រួលបញ្ហាក្តី។
«កន្លងមកប្រទេសឥណ្ឌូណេស៊ី និងម៉ាឡេស៊ីដែលបានដឹកនាំកិច្ចប្រឹងប្រែងនេះ តែបញ្ហាសំខាន់ថា តើច្បាប់ស្តីពី «ការមិនជ្រៀតជ្រែក» កិច្ចការផ្ទៃក្នុងដ៏ជាក់ស្តែងក្នុងសមាជិកអាស៊ាន នឹងបង្អាក់ដល់ការជឿនលឿនទាំងឡាយ ដែលអាចកើតឡើងឬយ៉ាងណា។ កិច្ចប្រជុំពិសេសបន្ទាន់មួយរបស់អាស៊ាន ដើម្បីពិភាក្សាបញ្ហាដែលកំពុងបន្តកើតឡើងក្នុងប្រទេសភូមា គឺពិតជារឿងចាំបាច់ណាស់ពេលនេះ»។
សហរដ្ឋអាមេរិកនិងបណ្តាបស្ចិមប្រទេសមួយចំនួន បានថ្កោលទោសរដ្ឋប្រហារយោធាមីយ៉ាន់ម៉ានេះ និងបានអំពាវនាវឲ្យមានការបញ្ចប់នូវអំពើហិង្សា។ ពួកគេក៏បានអំពាវនាវឲ្យមានការដោះលែងលោកស្រី Suu Kyi និងមេដឹកនាំដទៃទៀត ដែលត្រូវបានចាប់ខ្លួនផងដែរ។
ប្រធានាធិបតីឥណ្ឌូណេស៊ីលោក Joko Widodo កាលពីថ្ងៃសុក្រទី ១៩ ខែមីនា បានអំពាវនាវឲ្យបញ្ឈប់ការបង្ហូរឈាមនៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលគ្រប់គ្រងដោយក្រុមយោធា ហើយបានអំពាវនាវដល់មេដឹកនាំបណ្តាប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍ ឲ្យមានជំនួបជាន់ខ្ពស់ ដើម្បីព្យាយាមរកមធ្យោបាយបញ្ចប់វិបត្តិកាន់តែធំឡើងនៅក្នុងប្រទេសនោះ។
ក្នុងអត្ថាធិប្បាយស្តីពីការបង្ក្រាបដ៏ខ្លាំងក្លាលើបាតុកម្មប្រឆាំងរដ្ឋប្រហារ លោក Jokowi បាននិយាយថា លោកនឹងហៅទូរស័ព្ទភ្លាមៗទៅកាន់ស្តេច Sultan Hassanal Bolkiah នៃប្រទេសប៊្រុយណេដែលជាប្រធានរបស់អាស៊ាននៅពេលបច្ចុប្បន្ននេះ និងជំរុញឱ្យព្រះអង្គ កោះប្រជុំជាបន្ទាន់ដើម្បីឲ្យមានការសន្ទនាគ្នា ការផ្សះផ្សារជាបន្ទាន់ដើម្បីស្តារលទ្ធិប្រជាធិបតេយ្យ សន្តិភាពនិងស្ថិរភាពក្នុងប្រទេសមីយ៉ាន់ម៉ាឡើងវិញ។
ឥណ្ឌូណេស៊ីបាននាំមុខនៅក្នុងកិច្ចប្រឹងប្រែងក្នុងចំណោមប្រទេសជិតខាងរបស់មីយ៉ាន់ម៉ា ដើម្បីស្វែងរកមធ្យោបាយដល់វិបត្តិដែលក្រុមសកម្មជននិយាយថា បានបណ្តាលឱ្យមនុស្សស្លាប់ របួស និងចាប់ខ្លួនពលរដ្ឋនិងអ្នកកាសែតកាន់តែច្រើនឡើងចាប់តាំងពីការតវ៉ាប្រឆាំងរដ្ឋប្រហារថ្ងៃទី ១ ខែកុម្ភៈមក ក្នុងពេលដែលមានការព្យាយាមខ្លះដើម្បីនឹងនាំឲ្យមានការស៊ើបអង្កេតពីតុលាការព្រហ្មទណ្ឌអន្តរជាតិលើបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ។
នៅក្នុងសន្និសីទកាសែតមួយ លោក Farhan Haq អ្នកនាំពាក្យរបស់លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ បានថ្លែងថា ក្រុមមន្ត្រីអង្គការសហប្រជាជាតិកំពុងទទូចដល់ក្រុមយោធាឱ្យបញ្ឈប់ការប្រើអំពើហិង្សាប្រឆាំងនឹងបាតុករអហិង្សា។
«អង្គការសហប្រជាជាតិក៏ព្រួយបារម្ភខ្លាំងផងដែរចំពោះការប្រឹងប្រែងបំផ្លាញសេរីភាពបញ្ចេញមតិដោយបង្កើនឡើងនូវការកៀបសង្កត់ទៅលើប្រព័ន្ធឃោសនាឯករាជ្យ។ មកដល់ពេលនេះមានអ្នកកាសែតយ៉ាងតិច៤០ត្រូវអាជ្ញាធរចាប់ខ្លួន»។
សេចក្តីថ្លែងការណ៍ជាអន្តរជាតិ ជាពិសេសពីសហរដ្ឋអាមរិកនិងសហគមន៍អឺរ៉ុបនិងប្រទេសនានានិងអង្គការអន្តរជាតិនានាក្នុងពិភពលោកកាន់តែខ្លាំងឡើងប្រឆាំងនឹងអំពើហិង្សា ដែលបណ្តាលឱ្យមនុស្សស្លាប់និងរបួស ក្រោយអំពើរដ្ឋប្រហារបណ្តេញរដ្ឋាភិបាលស៊ីវិលរបស់លោក ស្រី Aung San Suu Kyi ចេញពីតំណែង៕