លោកប្រធានាធិបតី Joe Biden ឥឡូវនេះធ្វើតេស្តទៅឃើញថាលែងមានជំងឺកូវីដ ហើយក៏លែងមានរោគសញ្ញាទៀតហើយ។ នេះបើតាមលិខិតមួយច្បាប់ពីវេជ្ជបណ្ឌិតរបស់លោក គឺលោក Kevin O'Connor។
លោកប្រធានាធិបតីត្រឡប់ទៅកាន់សេតវិមានវិញ នៅថ្ងៃអង្គារ ក្រោយពីបាននៅឆ្ងាយពីអ្នកដទៃ នៅគេហដ្ឋានរបស់លោក ក្រោយពីបានរកឃើញថាមានជំងឺកូវីដ។
លោក Biden មិនត្រូវបានគេឃើញមុខជាសាធារណៈតាំងពីថ្ងៃទី១៧ ខែកក្កដាមក ប៉ុន្តែលោកបានហៅទូរសព្ទទៅកាន់កិច្ចប្រជុំមួយរបស់យុទ្ធនាការបោះឆ្នោត កាលពីថ្ងៃចន្ទ ដើម្បីសម្តែងការគាំទ្រលោកស្រីអនុប្រធានាធិបតី Kamala Harris ដែលឡើងឈរឈ្មោះជំនួសលោក។
លោកប្រធានាធិបតី Biden នឹងថ្លែងសុន្ទរកថាទៅកាន់ប្រទេសជាតិពីសេតវិមាន នៅយប់ថ្ងៃពុធ វេលាម៉ោង៨ ម៉ោងនៅរដ្ឋធានីវ៉ាស៊ីនតោន អំពីការសម្រេចចិត្តរបស់លោក ដើម្បីដកខ្លួនពីការឈរឈ្មោះជាបេក្ខជនប្រធានាធិបតីឡើងវិញសម្រាប់ឆ្នាំ២០២៤នេះ។
លោក Biden បានសរសេរលើបណ្តាញសង្គម X ថាលោកនឹងថ្លែងអំពី «អ្វីដែលនឹងកើតឡើងទៅថ្ងៃអនាគត» ហើយនឹងថាតើលោកនឹង «បង្ហើយកិច្ចការសម្រាប់ពលរដ្ឋអាមេរិកាំង» តាមវិធីណា៕