ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បន្ទាប់ពី​លោក Biden ដកខ្លួន​ពី​ការ​បោះឆ្នោត លោក Trump និង​បក្ស​សាធារណរដ្ឋ​ទាមទារ​ឱ្យ​លោក​ចុះចេញ​ពី​តំណែង


រូបឯកសារ៖ ប្រធានាធិបតី​អាមេរិក លោក Joe Biden ធ្វើ​សន្និសីទ​សារព័ត៌មាន​ក្នុង​អំឡុង​កិច្ច​ប្រជុំ​កំពូល​ខួប​លើក​ទី ៧៥ របស់​អង្គការ​ណាតូ ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន សហរដ្ឋ​អាមេរិក ថ្ងៃទី ១១ ខែ​កក្កដា ឆ្នាំ ២០២៤។
រូបឯកសារ៖ ប្រធានាធិបតី​អាមេរិក លោក Joe Biden ធ្វើ​សន្និសីទ​សារព័ត៌មាន​ក្នុង​អំឡុង​កិច្ច​ប្រជុំ​កំពូល​ខួប​លើក​ទី ៧៥ របស់​អង្គការ​ណាតូ ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន សហរដ្ឋ​អាមេរិក ថ្ងៃទី ១១ ខែ​កក្កដា ឆ្នាំ ២០២៤។

បន្ទាប់ពី​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden បាន​ប្រកាស​ភ្លាមៗ​កាលពី​ថ្ងៃ​ទី ២១ ខែ​កក្កដា​ថា​ លោក​នឹង​ដកខ្លួន​ចេញ​ពី​ការ​បោះឆ្នោត​ប្រធានាធិបតី​នៅ​ខែ​វិច្ឆិកា​ខាងមុខ បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​សាធារណរដ្ឋ​លោក Donald Trump បាន​ទាមទារ​ឱ្យ​លោក​ចុះចេញ​ពី​តំណែង។

លោក Trump បាន​បញ្ជាក់​នៅ​លើ​បណ្ដាញ​សង្គម​អនឡាញ​ថា៖ «ជន​ទុច្ចរិត Joe Biden មិន​សក្តិសម​ឈរ​ឈ្មោះ​ជា​ប្រធានាធិបតី ហើយ​ប្រាកដ​ណាស់​គឺ​មិន​សក្តិសម​ធ្វើជា​ប្រធានាធិបតី​នោះ​ទេ គឺ​មិន​ដែល​សក្តិសម​ធ្វើជា​ប្រធានាធិបតី​ទាល់តែ​សោះ»។

លោក Trump បាន​ហៅ​លោក Biden ថា​ជា «ប្រធានាធិបតី​ដ៏​អាក្រក់​បំផុត​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​សហរដ្ឋ​អាមេរិក» និង​បាន​និយាយ​ថា លោក Biden «ចាកចេញ​ពី​ការ​ប្រកួត​ដោយ​អាម៉ាស់​បំផុត!»។

ប្រធាន​រដ្ឋសភា​អាមេរិក​លោក Mike Johnson និង​សមាជិក​ផ្សេង​ទៀត​ខាង​គណបក្ស​សាធារណរដ្ឋ​ដែល​ស្មោះស្ម័គ្រ​នឹង​លោក Trump បាន​គាំទ្រ​ការ​ទាមទារ​របស់​លោក Trump នេះ។

លោក Johnson បាន​បញ្ជាក់​នៅក្នុង​សារ​មួយ​ថា៖ «ប្រសិនបើ​លោក Joe Biden មិន​សក្ដិសម​ឈរ​ឈ្មោះ​ជា​ប្រធានាធិបតី លោក​ក៏​មិន​សក្តិសម​ធ្វើជា​ប្រធានាធិបតី​ដែរ។ លោក​ត្រូវតែ​លាលែង​ពី​តំណែង​ជា​បន្ទាន់។ ថ្ងៃ​បោះឆ្នោត​ទី ៥ វិច្ឆិកា​ខាងមុខ​គឺ​នៅ​យូរ​ទៀត»។

អ្នកស្រី Elise Stefanik ដែល​ជា​សមាជិក​រដ្ឋសភា​ខាង​គណបក្ស​សាធារណរដ្ឋ​ឋានៈ​ទី ៤ បាន​លើកឡើង​ថា៖ «ប្រសិនបើ​លោក Joe Biden មិន​អាច​ឈរឈ្មោះ​បោះឆ្នោត​នៅ​អាណត្តិ​ទី​ពីរ លោក​ក៏​មិន​អាច​និង​មិន​សក្តិសម​ក្នុង​ការ​ធ្វើ​ជា​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ដែរ។ លោក​ត្រូវតែ​លាលែង​ពី​តំណែង​ជា​បន្ទាន់»។

មេដឹកនាំ​រង​ខាង​គណបក្ស​សាធារណរដ្ឋ​នៃ​រដ្ឋសភា​លោក Tom Emmer ដែល​មាន​ឋានៈ​ទី ៣ នៅ​ក្នុង​ជួរ​គណបក្ស​សាធារណរដ្ឋ​នៅ​រដ្ឋសភា បាន​បញ្ជាក់​នៅ​លើ​បណ្ដាញ​សង្គម​អនឡាញ​ថា៖ «ប្រសិនបើ​គណបក្ស​ប្រជាធិបតេយ្យ​យល់​ថា​លោក Joe Biden មិន​សក្តិសម​ឈរឈ្មោះ​ជា​ប្រធានាធិបតី​នៅ​អាណត្តិ​ទី​ពីរ លោក​ក៏​ប្រាកដជា​មិន​សក្តិសម​ក្នុង​ការ​គ្រប់គ្រង​លើ​កូដ​នុយក្លេអ៊ែរ​របស់​យើងនោះ​ដែរ។ លោក Biden ត្រូវតែ​ចុះចេញ​ពី​តំណែង​ជា​បន្ទាន់»។

តាម​ផ្លូវច្បាប់ ការ​ទាមទារ​របស់​គណបក្ស​សាធារណរដ្ឋ​ក្នុង​ការ​ឱ្យ​លោក Biden ចុះចេញ​ពី​តំណែង​គឺ​គ្មាន​ន័យ​នោះ​ទេ។ លោក​ប្រធានាធិបតី Biden មាន​សិទ្ធិ​អំណាច​ក្នុង​ការ​បំពេញ​តួនាទី​សម្រាប់​រយៈពេល​ដែល​នៅ​សេសសល់​នៃ​អាណត្តិ​របស់​លោក។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក Michael Thorning ប្រធាន​គម្រោង​លទ្ធិ​ប្រជាធិបតេយ្យ​រចនាសម្ព័ន្ធ​នៃ​មជ្ឈមណ្ឌល Bipartisan Policy Center។

លោក​បាន​ប្រាប់ VOA ថា៖ «គ្មាន​លក្ខខណ្ឌ​ណាមួយ​នៃ​រដ្ឋធម្មនុញ្ញ​ដែល​តម្រូវ​ឱ្យ​ប្រធានាធិបតី​ត្រូវតែ​ឈរឈ្មោះ​បោះឆ្នោត​សម្រាប់​អាណត្តិ​ទី​ពីរ​ដើម្បី​នៅ​បន្ត​ធ្វើជា​ប្រធានាធិបតី​ក្នុង​ពេលវេលា​សេសសល់​នៃ​អាណត្តិ​ទី​មួយ​នោះឡើយ»។

សេតវិមាន​មិន​បាន​ឆ្លើយតប​ចំពោះ​សំណើ​របស់ VOA ដែល​សុំ​យោបល់​ទាក់ទិន​នឹង​ការ​ទាមទារ​របស់​គណបក្ស​សាធារណរដ្ឋ​នេះទេ។

ការ​ទាមទារ​របស់​គណបក្ស​សាធារណរដ្ឋ​ឱ្យ​លោក Biden ចុះចេញ​ពី​តំណែង​នេះ​បាន​បន្ថែម​ភាព​ចលាចល​បន្ថែម​ទៀត​ដល់​នយោបាយ​សហរដ្ឋ​អាមេរិក នៅក្រោយ​ការ​ប្រកាស​របស់​លោក Biden ដែល​ធ្វើ​ឱ្យ​ផ្លូវ​ឆ្ពោះ​ទៅមុខ​សម្រាប់​គណបក្ស​ប្រជាធិបតេយ្យ​មាន​ភាព​ស្រពិចស្រពិល។

លោក Larry Sabato ប្រធាន​មជ្ឈមណ្ឌល​នយោបាយ​នៃ​សាកលវិទ្យាល័យ Virginia បាន​និយាយ​ថា គណបក្ស​សាធារណរដ្ឋ «កំពុង​លេងល្បែង​នយោបាយ»។

លោក Sabato បាន​ប្រាប់ VOA ថា៖ «សុភវិនិច្ឆ័យ​ប្រាប់​យើង​ថា​លោក Biden មាន​ការងារ​ពេញ​ម៉ោង​ពីរ​នៅ​ពេល​ឥឡូវ​នេះ។ មួយ​ធ្វើ​ជា​ប្រធានាធិបតី​និង​មួយ​ទៀត​ឈរ​ឈ្មោះ​ដណ្ដើម​តំណែង​ប្រធានាធិបតី។ ឥឡូវ​នេះ​លោក​នឹង​មាន​ការងារ​ពេញម៉ោង​តែ​មួយ​ប៉ុណ្ណោះ ហើយ​លោក​បាន​បង្ហាញ​ឱ្យ​ឃើញ​ថា​លោក​មាន​សមត្ថភាព​ពេញលេញ​ក្នុង​ការ​បំពេញ​ការងារ​នេះ។ លោក​អាច​បញ្ចប់​កិច្ចការ​មួយ​ចំនួន​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ដែល​នៅ​សេសសល់​នេះ​បាន​និង​ចាកចេញ​ប្រកប​ដោយ​សេចក្ដី​ថ្លៃថ្នូរ»។

លោក Biden បាន​ប្រកាស​ដកខ្លួន​ឈប់​ធ្វើ​ជា​បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ​នៅក្នុង​លិខិត​មួយ​ដែល​ផ្ញើ​ជូន​ជន​រួម​ជាតិ ដែល​លោក​បាន​បង្ហោះ​នៅលើ​បណ្ដាញ​សង្គម​អនឡាញ​កាលពី​រសៀល​ថ្ងៃ​ទី ២១ ខែ​កក្កដា។

លោក​បាន​និយាយ​ថា ទោះបីជា​លោក​មាន​បំណង​ឈរឈ្មោះ​ជា​ប្រធានាធិបតី​នៅ​អាណត្តិ​ទី​ពីរ​ក៏ដោយ ក៏​លោក​ជឿ​ថា «វា​ជា​ប្រយោជន៍​ដ៏​ល្អ​បំផុត​សម្រាប់​គណបក្ស​របស់​លោក​និង​ប្រទេស​ជាតិ​ដែល​លោក​ត្រូវ​ដកខ្លួន​ចេញ​និង​ផ្ដោតលើ​ការ​បំពេញ​កិច្ចការ​របស់​លោក​ក្នុង​នាម​ជា​ប្រធានាធិបតី​សម្រាប់​រយៈពេល​ដែល​នៅ​សេសសល់​នៃ​អាណត្តិ​របស់​លោក​តែ​ប៉ុណ្ណោះ»៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG