លោកប្រធានាធិបតី Joe Biden គ្រោងនឹងរៀបចំកិច្ចពិភាក្សាជាមួយក្រុមអភិបាលរដ្ឋមកពីរដ្ឋឆ្នេរខាងលិចចំនួន៨អំពីការត្រៀមខ្លួនទប់ទល់នឹងភ្លើងឆេះព្រៃខណៈតំបន់នេះភាគច្រើនប្រឈមនឹងគ្រោះរាំងស្ងួត។
លោក Biden និងមន្ត្រីរដ្ឋបាលរបស់លោកមួយចំនួនទៀតនឹងពិភាក្សាពីសេតវិមានជាមួយអភិបាលរដ្ឋដែលចូលរួមតាមវីដេអូអនឡាញ។
លេខាព័ត៌មានសេតវិមានអ្នកស្រី Jen Psaki បានប្រាប់អ្នកសារព័ត៌មានកាលពីសប្ដាហ៍មុនថាកិច្ចប្រជុំនឹង«ផ្ដោតលើវិធីដែលរដ្ឋាភិបាលសហព័ន្ធអាចធ្វើឲ្យប្រសើរឡើងនូវការត្រៀមខ្លួននិងកិច្ចប្រឹងប្រែងទប់ទល់ការពារសុវត្ថិភាពសាធារណៈនិងជួយមនុស្សក្នុងគ្រាអាសន្ន។
អ្នកដែលចូលរួមមានអភិបាលរដ្ឋមកពីគណបក្សប្រជាធិបតេយ្យដូចជាលោក Gavin Newsom អភិបាលរដ្ឋ California លោក Jared Polis អភិបាលរដ្ឋ Colorado អ្នកស្រី Michelle Lujan Grisham អភិបាលរដ្ឋNew Mexico លោក Steve Sisolak អភិបាលរដ្ឋ Nevada អ្នកស្រីKate Brown អភិបាលរដ្ឋOregon និងលោក Jay Inslee អភិបាលរដ្ឋ Washingtonព្រមទាំងអភិបាលរដ្ឋមកពីគណបក្សសាធារណរដ្ឋលោក Spencer Cox នៃរដ្ឋUtah និងលោក Mark Gordon នៃរដ្ឋ Wyoming។
អភិបាលរដ្ឋចំនួនបីមកពីគណបក្សសាធារណរដ្ឋដែលមិនបានចូលរួមក្នុងកិច្ចពិភាក្សាគ្នានេះរួមមានលោក Dou Ducey អភិបាលរដ្ឋArizona លោក Brad Little អភិបាលរដ្ឋ Idaho និងលោកGreg Gianforte អភិបាលរដ្ឋ Montana។
លោក Gianforte បានបង្ហោះសារលើ Twitter កាលពីថ្ងៃសុក្រថាលោក«ខកចិត្តដែលបានដឹងព័ត៌មាន»ថាលោកប្រធានាធិបតី «មិនបានផ្ដល់កៅអីឲ្យរដ្ឋ Montana និងរដ្ឋផ្សេងៗទៀតដែលកំពុងប្រឈមមុខនឹងរដូវភ្លើងឆេះព្រៃធ្ងន់ធ្ងរ»។
មជ្ឈមណ្ឌលអគ្គិភ័យអន្តរកម្មជាតិដែលសម្របសម្រួលការកៀរគរធនធានដើម្បីប្រយុទ្ធប្រឆាំងនឹងភ្លើងឆេះព្រៃនៅសហរដ្ឋអាមេរិកបានព្រមានថាបណ្តារដ្ឋនៅឆេ្នរខាងលិចជាច្រើនកំពុងប្រឈមនឹងលទ្ធភាពភ្លើងឆេះព្រៃធំដុំនៅប៉ុន្មានខែខាងមុខនេះ។
របាយការណ៍ឃ្លាំមើលគ្រោះរាំងស្ងួតរបស់សហរដ្ឋអាមេរិករាយការណ៍ថាតំបន់ជាច្រើននៅរដ្ឋArizona រដ្ឋ California រដ្ឋ New Mexico រដ្ឋ Nevada និងរដ្ឋ Utahកំពុងជួបប្រទះគ្រោះរាំងស្ងួតខ្លាំង៕