លោក Biden ព្រមាន​លោក Xi អំពី​ការ​វិនិយោគ​របស់​បស្ចិម​ប្រទេស បន្ទាប់ពី​លោក Xi ជួប​ជាមួយ​លោក Putin

  • ​Reuters

រូបឯកសារ៖ ប្រធានាធិបតី​ Joe Biden ថ្លែងនៅ​ក្នុង​សន្និសីទ​ការសែត​មួយ​នៅថ្ងៃចុងក្រោយ​នៃ​កិច្ច​ប្រជុំ​កំពូល​អូតង់នៅទីក្រុង Madrid កាលពីថ្ងៃទី​៣០ មិថុនា ឆ្នាំ២០២២។

បន្ទាប់ពី​ប្រធានាធិបតី​ចិន​លោក Xi Jinpingបាន​ជួប​ពិភាក្សា​ជាមួយ​នឹង​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin មក ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden បាន​ប្រាប់​លោក Xi ឱ្យ «ប្រយ័ត្ន» ដោយសារតែ​រដ្ឋាភិបាល​ចិន​ពឹងផ្អែក​លើ​ការ​វិនិយោគ​របស់​បស្ចិម​ប្រទេស។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​ Reuters ​ដែល​យោង​លើ​សម្រង់​កិច្ច​សម្ភាស​មួយ​ជាមួយ​នឹង​ទូរទស្សន៍​ CNN។

លោក Biden បាន​និយាយ​ថា៖ «ខ្ញុំ​បាន​និយាយ​ថា នេះ​មិន​មែន​ជា​ការ​គំរាម​ទេ។ នេះ​គឺ​ជា​ការ​សង្កេត​ឃើញ»។

លោក Biden បាន​ថ្លែង​បន្ត​ដូច្នេះ​ថា៖ «ដោយសារ​រុស្ស៊ី​បាន​ចូល​ឈ្លានពាន​អ៊ុយក្រែន ក្រុមហ៊ុន​អាមេរិក​ចំនួន ៦០០ បាន​ដក​ចេញ​ពី​រុស្ស៊ី។ ហើយ​លោកបាន​ប្រាប់​ខ្ញុំ​ថា​សេដ្ឋកិច្ច​របស់​លោកពឹងផ្អែក​លើ​ការ​វិនិយោគ​ពី​អឺរ៉ុប​និង​សហរដ្ឋ​អាមេរិក។ ដូច្នេះ សូម​ប្រយ័ត្ន»។

លោក Putin និង​លោក Xi បាន​ជួប​ពិភាក្សា​គ្នា​រយៈពេល ២ ថ្ងៃ​កាលពី​ខែ​មីនា ដោយ​គាំទ្រទំនាក់​ទំនង​មិត្តភាព​រវាង​ចិន​និង​រុស្ស៊ី​និង​រួម​គ្នា​រិះគន់​ក្រុម​បស្ចិម​ប្រទេស។ ប៉ុន្តែ គេ​មិន​ឃើញ​មាន​សញ្ញា​ណា​មួយ​នៃ​ការ​បំបែក​ភាព​ទាល់ច្រក​ការទូត​ទាក់ទិន​នឹង​រឿង​សង្គ្រាម​នៅ​អ៊ុយក្រែន​នោះ​ទេ។ ភាគី​ទាំង​ពីរ​ក៏​បាន​ជួប​ពិភាក្សា​គ្នា​តាម​អនឡាញ​ផង​ដែរ​កាលពី​ដើម​ខែ​កក្កដា​កន្លង​ទៅ​នេះ។

គេ​ឃើញ​មាន​ភាព​តានតឹង​កើនឡើង​និង​ភាព​ទុទ្ទិដ្ឋិនិយម​នៅ​ក្នុង​ទំនាក់ទំនង​រវាង​សហរដ្ឋ​អាមេរិក​និង​ចិន​ពាក់ព័ន្ធ​នឹង​បញ្ហា​សន្តិសុខ​ជាតិ​នានា​ដូចជា​បញ្ហា​តៃវ៉ាន់ បញ្ហា​សង្គ្រាម​របស់​រុស្ស៊ី​នៅ​អ៊ុយក្រែន ការ​បង្កើន​ការ​ហាម​ឃាត់​របស់​សហរដ្ឋ​អាមេរិក​លើ​ការ​នាំចេញ​បច្ចេកវិទ្យា​ទំនើប និង​គោល​នយោបាយ​ឧស្សាហកម្ម​របស់​ចិន​ដែល​ដឹកនាំ​ដោយ​រដ្ឋ។

រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​សហរដ្ឋ​អាមេរិក​អ្នកស្រី Janet Yellen បាន​ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​ចិន​កាលពី​ពេល​ថ្មីៗ​នេះ​និង​បាន​ជួប​ពិភាក្សា​ជាមួយ​នឹង​មន្ត្រី​កំពូលៗ​របស់​ចិន។

នៅ​ពេល​ដែល​គេ​សួរ​ថា​តើ​លោក Xi បាន​ឆ្លើយតប​យ៉ាង​ម៉េច លោក Biden បាន​បញ្ជាក់​នៅ​ក្នុង​កិច្ច​សម្ភាសន៍​ជាមួយ​នឹង​ទូរទស្សន៍​ CNN ថា៖ «លោក [Xi] បាន​ស្ដាប់ ហើយ​មិន​បាន...តវ៉ា​អ្វី​ទេ។ ប្រសិនបើ​អ្នក​សង្កេត​ឃើញ លោក [Xi] មិន​បាន​គាំទ្រ​ពេញ​ទំហឹង​លើ​រុស្ស៊ី​នោះ​ឡើយ»។

លោក Biden បាន​បន្ថែម​ដូច្នេះ​ថា៖ «ដូច្នេះ ខ្ញុំ​គិត​ថា​មាន​វិធី​ដែល​យើង​អាច​ដោះស្រាយ​បញ្ហា​នេះ​បាន»៕

ប្រែសម្រួល​ដោយ​លោក​ ភី សុភាដា