លោក Biden ប្ដេជ្ញា​បង្កើន​កិច្ចប្រឹងប្រែង​ផ្ដល់​វ៉ាក់សំាង​កូវីដ១៩

រូបឯកសារ៖ វេជ្ជបណ្ឌិតប្រចាំមន្ទីរពេទ្យ Northwell Health រៀបចំវ៉ាក់សាំងកូវីដ១៩ របស់ក្រុមហ៊ុន Pfizer នៅមន្ទីរ Long Island Jewish ក្នុងទីក្រុង New Hyde Park រដ្ឋ New York កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០។

លោក​ប្រធានាធិបតី​ជាប់​ឆ្នោត​សហរដ្ឋ​អាមេរិក Joe Biden បាន​និយាយ​ថា លោក​នឹង​ផ្ដោត​កាន់​តែ​ខ្លាំង​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ១៩ ​តាម​រយ:​ការ​បង្កើន​អត្រានៃ​ការ​ចាក់​វ៉ាក់សាំង។

ស្រប​ពេលជាមួយគ្នានោះ រដ្ឋបាល​របស់​លោក ប្រធានាធិបតី​ Donald Trump ​កំពុង​ច្រាន​ចោល​ការរិះគន់​ពី​វិធី​ទប់​ទល់របស់​ខ្លួន​ប្រឆាំង​នឹង​កាឆ្លង​រាត​ត្បាត​ជាសកល​ ​ដែល​បាន​បណ្តាលឲ្យ​មនុស្សជិតប្រមាណ​ ៣៣៩.០០០ នាក់ ​ស្លាប់នៅ​ក្នុង​សហរដ្ឋអាមេរិក។

ស្ថានភាព​នៃ​ការ​ឆ្លង​ជំងឺ​កូវីដ​១៩ ​នៅ​ក្នុង​សហរដ្ឋ​អាមេរិក ​មាន​ភាព​ប្រសើរឡើង​នៅ​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ ​ពី​ការ​ឆ្លង​រាល​ដាល​ខ្លាំងក្លា​បំផុត​អស់​រយ:ពេល​ពីរខែមក​នេះ ក៏ប៉ុន្តែនៅ​តែ​មាន​ករណី​ឆ្លង​ថ្មី​ជា​មធ្យម​ជាង​ ១៨០.០០០ ករណី ជា​រៀងរាល់​ថ្ងៃ។​ មន្ត្រី​សុខាភិបាលបានព្រមាន​ពី​ការ​ធ្វើ​ដំណើរ​និង​ជួប​ជុំ​គ្នាក្នុង​ពេល​ឈប់​សម្រាក ដែលអាច​ធ្វើ​ឲ្យ​ចំនួន​ករណី​ឆ្លង​មានចំនួន​ច្រើន​ដូច​ដើម​វិញ។

ក្នុងរយៈពេល​មិន​ដល់​មួយ​ខែ ​មុន​ចូល​កាន់​តំណែង[ជា​ប្រធានាធិបតី]​លោក Biden​ បាន​និយាយ​កាល​ពី​ថ្ងៃ​អង្គារ​ ក្រោយ​កិច្ច​ប្រជុំ​ជា​មួយ​ក្រុម​អ្នក​ជំនាញថា ​រដ្ឋបាល​របស់​លោក ​Trump កំពុង​«បរាជ័យ​យ៉ាង​ខ្លាំង» លើ​កិច្ច​ប្រឹងប្រែង​ផ្ដល់​វ៉ាក់​ដល់​ពលរដ្ឋ​អាមេរិកំាង។

លោក Biden កំណត់​គោលដៅ​ថា ​នឹង​ផ្ដល់​វ៉ាក់សំាង​ឲ្យ​បាន​ចំនួន ១០០ លាន​ដូស ក្នុង​អំឡុង​ពេល ​១០០ ​ថ្ងៃ​ដំបូង ក្នុង​ពេល​កាន់​តំណែង​ប្រធានាធិបតី។​

ក្រុម Operation Warp Drive របស់​រដ្ឋបាល​លោក Trump បាន​ផ្តោតលើការ​ពន្លឿន​ពេល​កំណត់​សម្រាប់​ការផលិត​វ៉ាក់សំាង ហើយ​មេដឹកនាំ​ក្រុម​នេះ​បាន​ព្យាករ​ថា ​ពលរដ្ឋ​អាមេរិកំាង​ ២០ ​លាន​នាក់ នឹង​ទទួល​បាន​ការ​ចាក់​វ៉ាក់សំាង​នៅ​ចុង​ខែ​ធ្នូ។

ទិន្នន័យ​ចុង​ក្រោយ​ពី​មជ្ឈមណ្ឌល​គ្រប់គ្រង​និង​ការពារ​ជំងឺ​ឆ្លង ​(CDC)​ របស់​សហរដ្ឋ​អាមេរិក​បង្ហាញ​ថា មនុស្ស​ប្រមាណ​ ២,១​ លាន​នាក់​ប៉ុណ្ណោះ ទទួលបាន​វ៉ាក់​មួយ​ដូសដំបូង ​ក្នុង​ចំណោម​វ៉ាក់សំាង​ពីរ​ដូស​ដែល​ត្រូវ​ចាក់៕