លោក Biden ជំរុញ​ឲ្យ​លោក Putin បន្ថយ​ការតានតឹង​នៅ​ប្រទេស​អ៊ុយក្រែន

នៅក្នុងរូបភាពដែលផ្តល់ដោយសេតវិមាននេះ លោកប្រធានាធិបតី Joe Biden បាននិយាយជាមួយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin តាមទូរស័ព្ទពីគេហដ្ឋានឯកជនរបស់លោកនៅទីក្រុង Wilmington រដ្ឋ Delaware ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១។ (AP)

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden កាលពី​ថ្ងៃ​ព្រហស្បតិ៍«បាន​ជំរុញ​ឲ្យ​ប្រទេស​រុស្ស៊ី​បន្ថយ​ការតានតឹង​ជាមួយ​ប្រទេស​អ៊ុយក្រែន»​នៅ​ក្នុង​ការ​និយាយ​តាម​ទូរស័ព្ទ​រយៈ​ពេល​៥០​នាទី​ជាមួយ​ប្រធានាធិបតី​រុស្ស៊ី។ នេះ​តាម​ការបញ្ជាក់​របស់​សេតវិមាន។ មន្ត្រី​រដ្ឋបាល​ជាន់​ខ្ពស់​ម្នាក់​របស់​សហ​រដ្ឋ​អាមេរិក​បាន​និយាយ​ថា ​លោក​ប្រធានាធិបតី Vladimir Putin មិន​បាន​សន្យា​ជាក់លាក់​អំពី​កងទ័ព​រុស្ស៊ី​រាប់​ម៉ឺន​នាក់​ពង្រាយ​នៅ​តាម​បណ្តោយ​ព្រំដែន​ជាមួយ​ប្រទេស​អ៊ុយក្រែន​ទេ។

លោក​ស្រីJen Psaki អ្នក​នាំ​ពាក្យ​សេតវិមាន​បាន​និយាយ​ថា លោកBiden «បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា សហរដ្ឋ​អាមេរិក​និង​សម្ព័ន្ធមិត្ត​និង​ដៃគូ​របស់​ខ្លួន នឹង​ឆ្លើយយ៉ាង​ម៉ឺងម៉ាត់ ប្រសិនបើ​រុស្ស៊ីឈ្លានពាន​អ៊ុយក្រែន​ថែម​ទៀត។

មន្ត្រី​ជាន់​ខ្ពស់​ម្នាក់​របស់​រដ្ឋាភិបាល​វិមាន​ក្រឹមឡាំង​បាន​ប្រាប់​ពួក​អ្នក​កាសែត​ថា អំឡុងពេល​សន្ទនា​តាម​ទូរស័ព្ទ​នោះ លោកBidenបាន​ព្រមាន​លោក Putin ​ជាថ្មី​ម្តង​ទៀត​ថា សហរដ្ឋ​អា មេរិក​និង​សម្ព័ន្ធមិត្ត​នឹងដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ដ៏​ធ្ងន់ធ្ងរប្រសិន​បើ​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន។ លោក Putin បាន​ឆ្លើយតប​ដោយព្រមាន​ថា ចំណាត់ការ​បែប​នេះ​អាច​បំផ្លាញទំនាក់​ទំនង​រវាង​សហ​រដ្ឋ​អាមេរិក​និង​រុស្ស៊ី។

លោក​ស្រី ​Psaki បាន​បន្ថែម​ទៀត​ថា​ប្រទេស​ទាំង​២​នឹង​ចូលរួម​ការ​ចរចា​ដាច់​ដោយ​ឡែក​ពី​គ្នា​ចំនួន​៣​នៅ​ខែ​ក្រោយ​គឺ៖ លើក​ទី១ គឺការ​ចរចា​ទ្វេភាគី​ចាប់ផ្តើម​នៅ​ថ្ងៃ​ទី១០ ខែ​មករា​ ហើយ​បន្ទាប់​មក​ការ​ចរចា​ពហុភាគី​រវាងអង្គការ​អូតង់​និង​ក្រុម​ប្រឹក្សា​រុស្ស៊ី​ហើយ​នឹង​ជាមួយ​អង្គការ​សន្តិសុខ​និង​កិច្ច​សហប្រតិបត្តិការ​នៅ​អឺរ៉ុប។

លោក​ស្រី Psaki បាន​បន្ថែម​ទៀត​ថា​«លោក Biden ​បាន​បញ្ជាក់​ឡើង​វិញ​ថា ការជឿន​លឿន​ជា​ដុំ​កំភួន​នៅ​ក្នុង​ការ​សន្ទនា​ទាំង​នោះ​អាច​កើត​មាន​ឡើង​ក្នុង​បរិយាកាស​កាត់បន្ថយ​ការ​តាន តឹង​ជាជាង​បង្កើន​ការ​តានតឹង»។

អស់​រយៈពេល​ជាច្រើន​ខែ​ហើយ​លោក ​Putin​បាន​ដាក់​ពង្រាយ​កងទ័ព​នៅ​តាម​បណ្តោយ​ព្រំដែន​រុស្ស៊ី​និង​អ៊ុយក្រែន។ តាម​ការ​ពិនិត្យ​មើល​រូបថត​តាម​ផ្កាយ​រណប ក្រុម​មន្ត្រី​ស៊ើប​ការណ៍​សម្ងាត់​សហ​រដ្ឋ​អាមេរិក​បាន​ប៉ាន់​ស្មានថា​មាន​កងទ័ព​រុស្ស៊ី​រហូត​ដល់​១សែន​នាក់​នៅ​ក្នុង​តំបន់​នោះ។ ក្នុង​ខណៈ​នោះ​ដែរ​អ៊ុយក្រែន​បាន​ដាក់​ពង្រាយ​កងទ័ព​នៅ​ខាង​ព្រំដែន​របស់​ខ្លួន​ដែរ៕

ព័ត៌មាន​ខ្លះ​នៃ​សេចក្តីរាយការណ៍​នេះ​ដកស្រង់​មកពី​ទីភ្នាក់ងារ​ព័ត៌មាន AFP។