ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden នឹងធ្វើដំណើរទៅកាន់រដ្ឋ Kentucky នៅថ្ងៃពុធនេះ ដើម្បីពិនិត្យមើលការខូចខាតដោយសារខ្យល់ព្យុះគួច tornado ដែលបានសម្លាប់មនុស្សអស់យ៉ាងតិច៦៤នាក់ និងធ្វើឲ្យមនុស្សជាច្រើនពាន់នាក់ផ្សេងទៀតបាត់បង់លំនៅដ្ឋានកាលពីសប្តាហ៍មុន។
លោក Biden ដែលបានចុះហត្ថលេខាលើសេចក្តីប្រកាសភាពអាសន្នក្នុងរដ្ឋ Kentucky រួចហើយនោះ បាននិយាយថា លោកត្រៀមខ្លួនជាស្រេចដើម្បីធ្វើសកម្មភាពប្រហាក់ប្រហែលគ្នានេះ នៅក្នុងរដ្ឋ Illinois ផងដែរ។ លោកបានបន្ថែមទៀតថា លោកបានបញ្ជាឲ្យរដ្ឋបាលរបស់លោកត្រៀមប្រភពធនធានឲ្យបានគ្រប់គ្រាន់ដើម្បីជួយដល់មន្ត្រីមូលដ្ឋាន និងមន្ត្រីក្នុងរដ្ឋ Kentucky និងរដ្ឋផ្សេងៗទៀត ដែលទទួលរងផលប៉ះពាល់ដោយសារខ្យល់ព្យុះគួចនេះ។
លោក Biden លើកឡើងថា «យើងត្រូវធ្វើឲ្យលើសពីអ្វីដែលរដ្ឋាភិបាលសហព័ន្ធមាននៅក្នុងដៃ។ ជាឧទាហរណ៍ ទីភ្នាក់ងារគ្រប់គ្រងគ្រោះអាសន្នសហព័ន្ធ ឬ FEMA ត្រូវបង្កើតនូវគម្រោងទឹកប្រាក់រហូតដល់ ៣៥.០០០ ដុល្លារសម្រាប់ការជួយស្ថាបនាលំនៅដ្ឋានឡើងវិញជាដើម។ មានការងារជាច្រើនផ្សេងៗទៀតដែលយើងត្រូវធ្វើ ហើយយើងកំពុងចាប់ផ្តើមធ្វើ ប៉ុន្តែយើងត្រូវធ្វើការងារទាំងអស់នេះជាមួយអភិបាលរដ្ឋទាំងនោះ ដើម្បីធានាថា យើងអាចអនុវត្តកិច្ចការនេះបាន»។
លោកប្រធានាធិបតីអាមេរិក ក៏បានគូសបញ្ជាក់ផងដែរថា សារដែលលោកចង់ផ្ញើទៅកាន់បណ្តាអភិបាលរដ្ឋទាំងនោះ គឺថារដ្ឋាភិបាលសហព័ន្ធនឹងជួយពួកគេ«នូវអ្វីដែលពួកគេត្រូវការ និងនៅពេលណាដែលពួកគេត្រូវការ»។
លោកប្រធានាធិបតី Biden បានបន្ថែមទៀតថា «យើង នឹងស្ថិតនៅទីនោះដរាបណាលោកអ្នកត្រូវការការជួយឧបត្ថម្ភ»៕