ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានប្រាប់ប្រធានាធិបតីប្រទេសអ៊ុយក្រែនលោក Volodymyr Zelenskiy កាលពីថ្ងៃអាទិត្យថា សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន នឹង«ឆ្លើយតបយ៉ាងម៉ឺងម៉ាត់» ប្រសិនបើរុស្ស៊ី បន្តឈ្លានពានប្រទេសអ៊ុយក្រែននោះ។
នៅក្នុងការនិយាយគ្នាតាមទូរស័ព្ទ សេតវិមានបានបញ្ជាក់ថា មេដឹកនាំទាំង២ ក៏បានពិភាក្សាពីកិច្ចខិតខំប្រឹងប្រែងខាងការទូតដើម្បីបន្ធូរបន្ថយភាពតានតឹងអំពីការដាក់ពង្រាយកងទ័ពរុស្ស៊ីនៅតាមបណ្តោយព្រំដែនភាគខាងកើតនៃប្រទេសអ៊ុយក្រែន។
លោកស្រី Jen Psaki អ្នកនាំពាក្យសេតវិមានបានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយ បន្ទាប់ពីការសន្ទនាតាមទូរស័ព្ទរបស់មេដឹកនាំទាំងពីរថា លោក Biden និងលោក Zelenskiy បានពិភាក្សាពីវិធានការនានាដើម្បី«បន្ធូរបន្ថយការតានតឹងនៅក្នុងតំបន់ Donbas និងបង្កើនសកម្មភាពវិស័យការទូតដើម្បីធ្វើឲ្យជឿនលឿនដល់ការអនុវត្តកិច្ចព្រមព្រៀងក្រុង Minsk។
លោក Zelenskiy បានផ្ញើរសារតាមបណ្តាញសង្គម Twitter ថា មេដឹកនាំទាំង២ បានពិភាក្សាគ្នាពី«ចំណាត់ការរួមរបស់អ៊ុយក្រែន សហរដ្ឋអាមេរិក និងដៃគូនានានៅក្នុងការថែរក្សាសន្តិភាពនៅតំបន់អឺរ៉ុប ការពារមិនឲ្យជម្លោះរីកកាន់តែធំឡើង ការធ្វើកំណែទម្រង់ និងដំណើរការប្រជាធិបតេយ្យ»។
លោក Zelenskiy បាននិយាយបន្តទៀតថា «យើងសូមថ្លែងអំណរគុណចំពោះការគាំទ្រគ្មានងាករេដល់ប្រទេសអ៊ុយក្រែន»។
លោកប្រធានាធិបតី Biden បានធ្វើឲ្យមានការជឿនលឿនតិចតួចជាមួយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin នៅក្នុងការធ្វើឲ្យលោក Putin ដកកងទ័ពប្រហែល ១ សែននាក់នៅតាមបណ្តោយព្រំដែនរបស់រុស្ស៊ីជាមួយរដ្ឋរបស់អតីតសហភាពសូវៀតមួយនេះ ថ្វីបើក្រុមមន្ត្រីសហរដ្ឋអាមេរិក បាននិយាយថា ពួកគេមិនជឿថា លោក Putin សម្រេចឈ្លានពានប្រទេសអ៊ុយក្រែនក៏ដោយ។
មេដឹកនាំសហរដ្ឋអាមេរិកនិងរុស្ស៊ី បានធ្វើការពិភាក្សាតាមទូរស័ព្ទចំនួន ៥០ នាទីកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ដោយលោកប្រធានាធិបតី Biden បានព្រមានលោក Putin ម្តងទៀតថា សហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តលោកខាងលិចរបស់ខ្លួន នឹងដាក់ទណ្ឌកម្មសេដ្ឋកិច្ចដ៏ខ្លាំងប្រឆាំងរដ្ឋាភិបាលក្រុងមូស្គូ ប្រសិនបើ លោក Putin ធ្វើការឈ្លានពានអ៊ុយក្រែននោះ។ លោក Biden បាននិយាយកាលពីខែមុនថា លោកមិនបានពិចារណាពីការឆ្លើយតបខាងយោធាទេ៕
ព័ត៌មានខ្លះនៃសេចក្តីរាយការណ៍នេះ ត្រូវបានដកស្រង់ពីទីភ្នាក់ងារព័ត៌មាន Associated Press និង Reuters។