អតីតអនុប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden បានសម្រេចថានឹងមិនធ្វើដំណើរទៅកាន់ទីក្រុង Milwaukee រដ្ឋ Wisconsin ដើម្បីទទួលយកការតែងតាំងផ្លូវការជាបេក្ខជនប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យនៅឯសន្និបាតជាតិរបស់គណបក្ស នៅថ្ងៃទី ២០ ខែសីហាខាងមុខនេះទេ ដោយសារមានការព្រួយបារម្ភអំពីស្ថានភាព «កាន់តែអាក្រក់ជាងមុន» នៃការឆ្លងរាលដាលជំងឺកូវីដ១៩។ នេះបើតាមការបញ្ជាក់របស់អ្នករៀបចំសន្និបាតជាតិគណបក្សប្រជាធិបតេយ្យ កាលពីថ្ងៃពុធម្សិលមិញ។
គណបក្សប្រជាធិបតេយ្យបានបញ្ជាក់ថា គ្មានអ្នកថ្លែងសុន្ទរកថាណាម្នាក់ដែលគ្រោងថ្លែងនៅឯសន្និបាតនេះ នឹងធ្វើដំណើរទៅរដ្ឋ Wisconsin នោះឡើយ ដោយហេតុថាដើម្បី «ការពារកុំឲ្យមានបញ្ហាប្រឈមផ្នែកសុខភាពចំពោះសហគមន៍ដែលរៀបចំសន្និបាតនេះ ក៏ដូចជាក្រុមផលិតកម្មរបស់សន្និបាត មន្ត្រីសន្តិសុខ ដៃគូសហគមន៍ ប្រព័ន្ធផ្សព្វផ្សាយ និងអ្នកដទៃផ្សេងទៀត»។
ជាទូទៅ មនុស្សប្រហែល ៥ ម៉ឺននាក់ តាំងពីគណៈប្រតិភូ អ្នកធ្វើការ និងប្រព័ន្ធផ្សព្វផ្សាយ អាចនឹងចូលរួមនៅក្នុងព្រឹត្តិការណ៍រយៈពេល ៤ ថ្ងៃ ដែលនឹងចាប់ផ្ដើមពីថ្ងៃទី ១៧ ខែសីហាខាងមុខនេះ។
ឥឡូវនេះ ភាគច្រើននៃសន្និបាតនេះនឹងធ្វើឡើងតាមអនឡាញ ដែលទំនងជានឹងធ្វើឡើងពីទីក្រុងមួយចំនួន។
អ្នករៀបចំសន្និបាតនេះបានបញ្ជាក់ថា លោក Biden នឹងថ្លែងសុន្ទរកថាទទួលយកជាផ្លូវការនូវការតែងតាំងជាបេក្ខជនប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យនៅថ្ងៃទី ២០ ខែសីហាខាងមុខនេះ ចេញពីរដ្ឋ Dalaware ដែលជារដ្ឋកំណើតរបស់លោក៕