លោក Biden នឹងបង្កើនការវាយប្រហារលើលោក Trump នៅក្នុងសុន្ទរកថានៃខួបវាយប្រហារវិមានសភាអាមេរិកថ្ងៃទី៦ មករា

  • ​Reuters

រូបឯកសារ៖ ប្រធានាធិបតីសហរដ្ឋ​អាមេរិក​លោក Joe Biden ថ្លែង​អំពី​គោលនយោបាយ​សេដ្ឋកិច្ច​របស់​រដ្ឋបាល​លោក​ នៅ​ទីក្រុង Milwaukee រដ្ឋ Wisconsin កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក​ Joe Biden នឹងប្រារព្ធ​ខួប​លើក​ទី ​៣ ​នៃ​ការវាយ​ប្រហារ​វិមាន​សភា​អាមេរិក ដោយ​ថ្លែង​សុន្ទរកថា​នយោបាយ​មួយ នៅ​ជិត​ទីតាំង​សង្គ្រាម​បដិវត្តន៍​ប្រវត្តិសាស្ត្រ​ក្នុង​ភូមិ​ Valley Forge ​ក្នុង​រដ្ឋ​ Pennsylvania ​ដែល​លោក​នឹងលើក​ឡើងពី​ករណី​ដែល​លោក​ Donald Trump បង្ក​ការ​គំរាមកំហែងលើ​ភាព​រស់​រាន​នៃ​លទ្ធិ​ប្រជាធិបតេយ្យ។​ ​នេះ​បើ​តាមក្រុម​យុទ្ធនាការឃោសនា​បោះឆ្នោតរបស់​លោក​ Joe Biden ដែល​បាន​និយាយ​កាល​ពី​ថ្ងៃ​ពុធ​កន្លង​ទៅ​ ហើយ​ដែល​ត្រូវ​បាន​ស្រង់​ផ្សាយ​ដោយ​ទី​ភ្នាក់ងារ​សារព័ត៌មាន Reuters។ ​

នេះ​ជា​ការ​ឈប់​សំចត​របស់លោក​ Joe Biden ​នៅ​ជិត​ទីតាំង​បន្ទាយ​ទាហានក្នុង​សម័យ​សង្គ្រាម​ក្នុង​រដ្ឋ Pennsylvania ​ដែល​អតីត​ប្រធានាធិបតី​អាមេរិក​ទី​ ១ ​លោក​ George Washington​ ​បាន​បង្កើត​ទី​បញ្ជាការ​សមរភូមិ​នៅ​ទី​នោះ​ ​ក្នុង​អំឡុង​ពេល​នៃ​សង្គ្រាម​បដិវត្តន៍​ ​ ហើយក្រុម​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​របស់​លោកនៅ​ថ្ងៃ​ចន្ទខាង​មុខ​នេះ​ ​ក៏​ធ្វើ​ដំណើរ ទៅ​កាន់ព្រះវិហារ Mother Emanuel AME Church ក្នុង​ទីក្រុង​ Charleston រដ្ឋ​ South Carolina ​ដែល​ជា​កន្លែង​ដែល​ក្រុមរើស​អើង​ពូជសាសន៍​ ស្បែក​ស​និយម​ បាន​សម្លាប់​អ្នក​គោរព​សាសនា​៩​នាក់​នៅ​ក្នុងព្រះវិហារ​ប្រវត្តិសាស្ត្រ Black church។ លោក​ Biden នឹង​ផ្តោត​ទៅ​លើអ្វី​ដែល​ក្រុម​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​របស់​លោកហៅ​ថា​ ជា​ការកើន​ឡើង​នៃ​ការ​គំរាមកំហែង​អំពើ​ហិង្សា​នយោបាយ។

ជា​រួម​ ការ​ចុះ​ទៅ​កាន់​កន្លែង​ទាំង​ពីរ​នេះ នឹង​តំណាង​ឱ្យ​ការ​វាយ​ប្រហារ​ដោយ​ផ្ទាល់បំផុតទៅ​ក្នុង​ស្រទាប់​មហាជនរបស់​លោក Biden នៅ​ក្នុងរដូវ​កាល​បោះឆ្នោតនេះ​ ប្រឆាំង​ទៅ​លើ​គូប្រជែង​ដ៏​សំខាន់​របស់​លោក​ គឺ​អតីត​ប្រធានាធិបតី​អាមេរិក​លោក​ Donald Trump​ និង​គណបក្ស​សាធារណរដ្ឋដែល​លោក​កំពុង​គ្រប់គ្រង​ ដែល​ជា​ការ​បង្ហាញ​ការបង្កើន​ការ​វាយប្រហារ​មួយ​ ក្រោយ​ពី​លោក​បាន​ចំណាយ​ពេល​ស្ទើរ​តែ​ពេញ​មួយឆ្នាំ​ ២០២៣ លើកកម្ពស់​ច្បាប់និង​សេដ្ឋកិច្ចសំខាន់ៗ​របស់​លោក។ ​

អ្នក​ស្រី​ Julie Chávez Rodríguez ប្រធាន​ក្រុម​យុទ្ធនាការ​ឃោសនា​បោះឆ្នោតរបស់​លោក Biden បាន​លើក​ឡើង​ដូច​នេះ​ថា៖ «​ជម្រើស​របស់​អ្នក​បោះឆ្នោត​នៅ​ចុង​ឆ្នាំ​នេះ​ មិន​មែនជា​រឿង​សាមញ្ញ​ក្នុង​ការប្រកួត​ប្រជែង​នៃ​ទស្សនៈ​គ្រប់គ្រង​នោះ​ឡើយ។ ជម្រើស​របស់​ពលរដ្ឋ​អាមេរិកាំង​ក្នុង​ខែ​វិច្ឆិកា​ ឆ្នាំ​ ២០២៤ នេះ​ ​គឺស្តីពី​ការ​ការពារ​លទ្ធិ​ប្រជាធិបតេយ្យ​ និងសេរីភាព​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ​អាមេរិកាំង​គ្រប់រូប»។

រូបឯកសារ៖ អតីតប្រធានាធិបតីសហរដ្ឋអាមេរិក​និងជាបេក្ខជន​ម្នាក់​របស់​គណបក្ស​សាធារណរដ្ឋ លោក Donald Trump ចូលរួម​យុទ្ធនាការ​មួយ​នៅ​ទីក្រុង Waterloo រដ្ឋ Iowa កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣។

អ្នកគាំទ្រ​លោក Trump រាប់ពាន់​នាក់ បានវាយប្រហារ​វិមាន​សភាសហរដ្ឋ​អាមេរិក​ កាល​ពី​ថ្ងៃ​ទី​ ៦ ​ខែ​មករា​ ឆ្នាំ​ ២០២១​ ក្នុង​ការ​ប៉ុនប៉ងដើម្បី​បញ្ឈប់​ការ​ផ្តល់​ការ​បញ្ជាក់​ជា​ផ្លូវ​ការ​លើ​បរាជ័យ​ក្នុង​ការបោះឆ្នោត​របស់​ប្រធាន​គណបក្ស​សាធារណរដ្ឋ ដែល​ធ្វើ​ឱ្យ​មាន​ការ​ខូចខាត​អស់​ទឹក​ប្រាក់​រាប់​រយ​លាន​ដុល្លារ។​ មនុស្ស​ ៤ ​នាក់​បាន​ស្លាប់​ក្នុង​ថ្ងៃ​វាយប្រហារ​នោះ ​ហើយ​មន្ត្រី​ប៉ូលិសវិមាន​សភា​ម្នាក់​ដែល​បាន​តតាំង​ជា​មួយ​ក្រុម​កុប្បករ​បាន​ស្លាប់​នៅ​ថ្ងៃ​បន្ទាប់។ ជា​សរុប​ មាន​មន្ត្រី​ប៉ូលិស​ ៤ ​នាក់​បាន​ស្លាប់​ និង​មនុស្ស ១៤០ នាក់​ផ្សេង​ទៀត​ បាន​រង​របួស​ក្នុង​ការ​វាយប្រហារ​នោះ។​

លោក Trump កំពុង​ប្រឈម​នឹង​ការ​ចោទ​ប្រកាន់​លើ​ការប៉ុនប៉ង​ផ្លាស់ប្តូរ​លទ្ធផល​ឆ្នោត​ឆ្នាំ​ ២០២០​ ហើយ​ត្រូវ​បាន​ដក​ឈ្មោះ​ចេញ​ពី​សន្លឹក​ឆ្នោតនៅ​ក្នុង​រដ្ឋ​ Colorado និង​រដ្ឋ Maine ដោយ​សារ​តែ​ទង្វើរបស់​លោក​ ក្នុង​ការ​ជួយ​បញ្ឆេះ​ការវាយប្រហារ​លើ​វិមាន​សភា​អាមេរិក​នោះ។ ក្រុម​មេធាវី​របស់​លោក​ Trump បាន​ប្រឆាំងជំទាស់ដែល​ថា​លោក​បាន​ចូល​រួម​ក្នុង​ការបះបោរ​នោះ និង​បាន​លើក​ទឡ្ហីករណ៍​ថា ការ​ថ្លែង​សុន្ទរកថា​របស់​លោក Trump ទៅ​កាន់អ្នក​គាំទ្រលោកនៅថ្ងៃ​កើត​ហេតុនោះ​ ​ត្រូវ​បាន​ការពារ​ដោយ​សិទ្ធិនៃ​ការ​បញ្ចេញមតិ។

ទី​ប្រឹក្សា​យុទ្ធនាការ​ឃោសនាបោះឆ្នោត​របស់​លោក ​Trump គឺ​លោក​ Chris LaCivita និង​អ្នក​ស្រី Susie Wiles បានផ្សព្វផ្សាយ​ពី​លិខិត​ផ្ទៃក្នុង​មួយ​ដែល​បង្ហាញ​ពីការ​គិត​ឃើញរបស់​ពួក​គេ​ក្នុង​ការបោះឆ្នោត​ប្រធានាធិបតី​។​ ​ពួក​គេ​បានបន្ទោសលោក​ Biden ​លើ​ដីកា​ចោទ​ប្រកាន់​ផ្លូវ​ច្បាប់ចំពោះ​លោក​ Trump និង​ការ​សម្រេច​ចិត្តរបស់​តុលាការក្នុង​ការ​ដក​ឈ្មោះ​លោក​ Trump ពី​សន្លឹក​ឆ្នោត។​

ពួក​គេ​សរសេរ​ដូច​នេះ​ថា៖ ​«សូម​កុំ​យល់​ច្រឡំ​លើ​រឿង​នេះ។​ ​លោក​ Joe Biden និង​សម្ព័ន្ធមិត្ត​របស់​លោក គឺ​ជា​អ្នកគំរាមកំហែង​ទាំង​កម្រោល​ទៅ​លើលទ្ធិ​ប្រជាធិបតេយ្យ​របស់​យើង។​ ជា​ការ​ពិត​ណាស់​ នេះ​ជា​វិធី​មួយ​ដែល​គេ​មិន​ដែល​ឃើញ​ពី​មុន​ទេ​ក្នុង​ប្រវត្តិសាស្ត្រ​របស់​យើង ដែល​ក្រុម​គេ​កំពុង​ធ្វើ​សង្គ្រាម​ប្រឆាំង​នឹងលទ្ធិ​ប្រជាធិបតេយ្យ»។

បើ​យោងតាម​ការ​ស្ទង់​មតិ​ថ្មីៗចុងក្រោយរបស់​ទីភ្នាក់ងារ​សារព័ត៌មាន ​Reuters/Ipsos ​បាន​បង្ហាញ​ថា​ ​លោក Trump មាន​សំឡេង​នាំ​មុខ​លោក​ Biden ​ចំនួន​ ២ ​ពិន្ទុ​ គឺប្រមាណ​ ៣៨ ​ភាគរយ​ទល់​នឹង​ ៣៦​ ភាគរយ​ ដោយ​អ្នក​ឆ្លើយតប​ចំនួន​ ២៦ ​ភាគរយ ​និយាយ​ថា​ ពួក​គេ​មិនទាន់​ច្បាស់​នៅ​ឡើយ​ ឬ​អាច​បោះឆ្នោត​ឱ្យ​អ្នក​ផ្សេង​វិញ។ ​ការ​ស្ទង់​មតិ​នេះ​ក៏​បាន​បង្ហាញ​ផង​ដែរ​ថា​ ​លោក Trump​ ជា​បេក្ខជន​នាំ​មុខ​សម្រាប់​ការតែងតាំងជា​បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​សាធារណរដ្ឋ​ ដោយមាន​សំឡេង​គាំទ្រ​ខ្ពស់​ដាច់​គេ។ ​

ក្នុង​រយៈពេលប៉ុន្មាន​សប្តាហ៍​ខាង​មុខ​នេះ ក្រុម​យុទ្ធនាការ​ឃោសនា​បោះឆ្នោតរបស់​លោក Biden ​និង​បង្កើនប្រតិបត្តិការ​និងកម្មវិធី​មួយ​ចំនួន ដែល​រួម​មាន​ការរើសនាយក​គ្រប់គ្រង​សំខាន់ៗ​នៅ​តាមរដ្ឋ​ទាំង​៥០របស់​សហរដ្ឋ​អាមេរិក​ ​និង​ធ្វើ​សកម្មភាព​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ថ្មីៗតាម​រលក​ធាតុអាកាសផង​ដែរ។​

អនុ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ ​អ្នក​ស្រី​ Kamala Harris ក៏​ត្រូវ​បាន​រំពឹង​ផង​ដែរ​ថា នឹង​ឡើង​ថ្លែង​នៅ​ក្នុង​រដ្ឋ​ South Carolina ​នៅ​ខាង​មុខសៅរ៍​នេះ​ ដែល​ធ្វើការ​បោះឆ្នោត​បថមមុន​កាលកំណត់ និង​នៅ​ថ្ងៃ​ឈប់​សម្រាក​ Martin Luther King Jr​ ក្នុង​ខែ​មករា​នេះផង​ដែរ ​ដែល​នៅ​ទី​នោះ​អ្នក​ស្រី​ក៏​ត្រូវ​គេ​រំពឹង​ថា​ នឹង​និយាយ​ពីការ​គំរាមកំហែង​លទ្ធិ​ប្រជាធិបតេយ្យ​ នៅក្នុង​រដ្ឋមួយ​នេះ​ដែល​មាន​អ្នក​បោះឆ្នោត​ជនជាតិ​ស្បែក​ខ្មៅជា​ច្រើន​ដែល​គាំទ្រ​គណបក្ស​ប្រជាធិបតេយ្យ​៕

ប្រែសម្រួល​ដោយ​លោក​ជ្រា វណ្ណារិទ្ធ​