កាលពីដំបូង ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានសម្រេចរក្សាចំនួនជនភៀសខ្លួនដែលអនុញ្ញាតឲ្យចូលក្នុងសហរដ្ឋអាមេរិកប្រចាំឆ្នាំទាប ដូចអ្វីដែលលោកអតីតប្រធានាធិបតី Donald Trump បានធ្វើ។ ប៉ុន្តែកាលពីថ្ងៃចន្ទម្សិលមិញ លោក Biden បានប្រកាសថា លោកនឹងបង្កើនចំនួនជនភៀសខ្លួនសរុបនៅឆ្នាំនេះរហូតដល់ទៅ ៤ ដង។
លោក Biden បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ខ្ញុំកែប្រែចំនួនជនភៀសខ្លួនប្រចាំឆ្នាំដែលអនុញ្ញាតឲ្យចូលក្នុងសហរដ្ឋអាមេរិកទៅចំនួន ៦២.៥០០ នាក់ សម្រាប់ឆ្នាំសារពើពន្ធនេះ។ ករណីនេះមានន័យថា ចំនួនជនភៀសខ្លួនដែលរដ្ឋបាលមុនបានកំណត់ចំនួន ១៥.០០០ នាក់ ដែលជាចំនួនដ៏ទាបក្នុងប្រវត្តិសាស្ត្រនោះ ត្រូវបានលុបចោល។ ចំនួនដ៏ទាបរបស់រដ្ឋបាលមុននេះ មិនបានឆ្លុះបញ្ចាំងអំពីគុណតម្លៃរបស់សហរដ្ឋអាមេរិក ក្នុងនាមជាជាតិមួយដែលស្វាគមន៍និងគាំទ្រជនភៀសខ្លួននោះទេ»។
លោក Biden បានបន្ថែមថា៖ «ចំនួនកំណត់ថ្មីនេះក៏នឹងពង្រឹងផងដែរនូវកិច្ចប្រឹងប្រែងដែលកំពុងធ្វើនៅពេលបច្ចុប្បន្ន ដើម្បីពង្រីកសមត្ថភាពរបស់សហរដ្ឋអាមេរិកនៅក្នុងការទទួលយកជនភៀសខ្លួន ដើម្បីឲ្យយើងអាចសម្រេចបានតាមគោលដៅរបស់យើង នៅក្នុងការទទួលយកជនភៀសខ្លួនចំនួន ១២៥.០០០ នាក់ ដែលខ្ញុំមានបំណងកំណត់សម្រាប់ឆ្នាំសារពើពន្ធបន្ទាប់»។
កាលពី ២ សប្តាហ៍មុន សេតវិមានបានប្រកាសថា ចំនួនជនភៀសខ្លួនសម្រាប់ឆ្នាំសារពើពន្ធបច្ចុប្បន្ននឹងត្រូវរក្សាទុកក្នុងចំនួន ១៥.០០០ នាក់ ដដែល ដែលជាចំនួនដែលលោក Trump បានកំណត់។ វិធានការនេះបានរងការរិះគន់ពីសមាជិកសភាមួយចំនួនខាងគណបក្សប្រជាធិបតេយ្យ និងពីក្រុមអ្នកតស៊ូមតិជនភៀសខ្លួន។
មន្ត្រីសេតវិមានបានទទួលស្គាល់ថា ការប្រកាសកាលពី ២ សប្ដាហ៍មុននេះ ដែលបានផ្សព្វផ្សាយនៅពេលដែលគណបក្សសាធារណរដ្ឋបានរិះគន់លោក Biden លើបញ្ហាលំហូរជនចំណាកស្រុកដ៏ច្រើនសន្ធឹកសន្ធាប់នៅឯព្រំដែនភាគខាងត្បូងសហរដ្ឋអាមេរិក មិនបានបញ្ជូនសារត្រឹមត្រូវនោះទេ។
ពួកគេបាននិយាយថា ការប្រកាសកាលពីថ្ងៃចន្ទគឺជាការបញ្ជាក់ថា ការទទួលយកជនភៀសខ្លួនគឺជាកិច្ចការសំខាន់សម្រាប់តួនាទីរបស់សហរដ្ឋអាមេរិកនៅក្នុងពិភពលោក៕