លោក Biden នឹង​សន្យា​ផ្តល់​ប្រាក់​៤.០០០​លាន​ដុល្លារ​ដល់​កម្មវិធី​វ៉ាក់សាំង COVAX នៅ​​ជំនួប​ G7​

  • ​Reuters

ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden ថ្លែងនៅក្នុងកម្មវិធីជជែកដេញដោលរបស់សារព័ត៌មាន CNN នៅទីក្រុង Milwaukee រដ្ឋ Wisconsin កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១។

រដ្ឋបាល​របស់​ប្រធានាធិបតីលោក ​Joe Biden នឹង​សន្យា​ផ្តល់​ប្រាក់​ចំនួន ​៤.០០០​ លាន​ដុល្លារ ​ដល់​កម្មវិធី​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩ សម្រាប់​បណ្តា​ប្រទេស​ក្រីក្រ​ដែល​គេ​ហៅ​ថា COVAX នៅ​ក្នុង​ក្តីសង្ឃឹម​ទាក់ទាញ​ការ​បរិច្ចាគកាន់តែ​ខ្លាំង​ឡើង​ពី​រដ្ឋាភិបាល​ប្រទេស​ផ្សេង​ទៀត។ នេះបើ​តាម​ក្រុម​មន្ត្រី​សហរដ្ឋ​អាមេរិក ដែល​បាន​បញ្ជាក់​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ ហើយ​ត្រូវ​បាន​ចុះផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

ក្រុម​មន្ត្រី​នោះ​និយាយ​ទៀត​ថា ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden នឹង​ប្រើ​ជំនួប​លើក​ទី១ ​របស់​លោក ​ជាមួយ​មេដឹកនាំ​របស់​ក្រុម​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ជឿនលឿន​ទាំង ៧ ​ឬ G7 នៅ​ថ្ងៃ​សុក្រ​នេះ​ ដើម្បី​ប្រកាស​ការ​បរិច្ចាគ​ប្រាក់​ជា​បន្ទាន់​ចំនួន ​២.០០០​លាន​ដុល្លារ​ ដល់​កម្មវិធី COVAX ដែល​ដឹកនាំ​រួម​គ្នា​ដោយ​អង្គការ​សុខភាព​ពិភពលោក (WHO)។

កម្មវិធី COVAX នោះ​ មាន​គោលបំណង​ធ្វើ​ឲ្យ​ប្រាកដ​ថា មាន​ការផ្គត់ផ្គង់​វ៉ាក់សាំង​កូវីដ​ស្មើ​ភាព​គ្នានៅ​ជុំវិញ​ពិភពលោក។

មន្ត្រី​បញ្ជាក់​ថា សហរដ្ឋ​អាមេរិក​នឹង​ផ្តល់​ប្រាក់​ដែល​នៅ​សល់​ចំនួន​ ២.០០០ ​លាន​ដុល្លារ​ទៀត​ នៅ​ក្នុង​រយៈពេល​ ២ ឆ្នាំ​ បន្ទាប់​នៅពេល​ដែល​ប្រទេស​ផ្សេង​ទៀត​ធ្វើ​ទៅ​តាម​ការ​សន្យា​របស់​ខ្លួន។

ថវិកា​ជំនួយរបស់​សហរដ្ឋ​អាមេរិកនេះ​បាន​ទទួល​ការ​អនុម័ត​ដោយ​សភា​រួចហើយ។

ចំណាត់ការ​របស់​លោក Biden មាន​ភាព​ខុសគ្នា​យ៉ាង​ខ្លាំង​ពី​អតីត​ប្រធានាធិបតី​លោក Donald Trump ដែល​បាន​គំរាមកំហែង​ចាកចេញ​ពី​អង្គការ​សុខភាព​ពិភពលោក​ ដែល​លោក​បាន​ចោទប្រកាន់​ថា មាន​ការ​ជិត​ស្និទ្ធ​ខ្លាំង​ពេកជាមួយ​ប្រទេស​ចិន ជា​ទី​កន្លែង​ដែលជំងឺ​កូវីដ១៩ បាន​លេច​ចេញ​ឡើងដំបូង​ កាលពី​ចុងឆ្នាំ​ ២០១៩។

កម្មវិធី COVAX មាន​គោល​បំណង​ផ្តល់​ឲ្យ​វ៉ាក់សាំងយ៉ាង​តិច​ណាស់​ក៏​ចំនួន​ ២.០០០​ លាន​ដូស​ដែរ​នៅត្រឹម​ចុង​ឆ្នាំ​ ២០២១​ នេះ​ សម្រាប់​ពលរដ្ឋ​ដែល​ងាយទទួល​រងគ្រោះ​ចំនួន​ ២០ ​ភាគរយ​ នៅក្នុង​បណ្តា​ប្រទេសក្រីក្រ​ និង​ប្រទេស​ដែល​មាន​ប្រាក់​ចំណូល​មធ្យម។ កម្មវិធី​នេះ​កំពុង​ជួប​បញ្ហាខ្វះ​ថវិកា៕