លោក Biden នឹង​តែងតាំង​អតីត​មន្ត្រី​ការទូត​ជើង​ចាស់​លោក William Burns ជា​នាយក​ទីភ្នាក់ងារ CIA

រូបឯកសារ៖ លោក William Burns គឺ​ជា​មន្ត្រី​ការទូត​ជើងចាស់​សហរដ្ឋ​អាមេរិក ដែល​​ប្រធានាធិបតី​ជាប់​ឆ្នោត​លោក Joe Biden ជ្រើសរើស​សម្រាប់​តំណែង​ប្រធាន CIA។

ប្រធានាធិបតី​ជាប់​ឆ្នោត​ថ្មី​របស់​សហរដ្ឋ​អាមេរិក​លោក Joe Biden បាន​ប្រកាស​កាលពី​ថ្ងៃ​ចន្ទ​មិ្សលមិញ​ថា លោក​នឹង​តែងតាំង​មន្ត្រី​ការទូត​អាជីព​លោក William Burns ឲ្យ​ធ្វើ​ជា​នាយក​ទីភ្នាក់ងារស៊ើបការណ៍​សម្ងាត់ (CIA)។

នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​កាល​ពី​ថ្ងៃ​ច័ន្ទ ក្រុម​អន្តរកាល​របស់​លោក Biden បាន​ឲ្យ​ដឹង​ថា លោក Burns គឺជា​មន្ត្រី​អាជីព​ជើង​ចាស់​បម្រើ​ការ​ក្នុង​ក្រសួង​ការបរទេស​អាមេរិក​អស់​រយៈពេល ៣៣ ឆ្នាំ នៅ​ក្រោម​រដ្ឋបាល​របស់​ប្រធានាធិបតី​ទាំង​ខាង​គណបក្ស​សាធារណរដ្ឋ​និង​ខាង​គណបក្ស​ប្រជាធិបតេយ្យ។

លោកBurns ធ្លាប់​បាន​ធ្វើ​ជា​ឯក​អគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​ប្រទេស​ហ៊្សកដានី​នៅ​ក្រោម​រដ្ឋបាល​របស់​លោក​អតីត​ប្រធានាធិបតី Bill Clinton និង​ធ្លាប់​ធ្វើ​ជា​ឯក​អគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​ប្រទេស​រុស្សី​នៅ​ក្រោម​រដ្ឋបាល​របស់​លោក​អតីត​ប្រធានាធិបតី George W. Bush។

លោក Burns វ័យ ៦៤ ឆ្នាំ​រូប​នេះ ធ្លាប់​ធ្វើ​ជា​អនុ​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​នៅ​ក្នុង​ឆ្នាំ ២០១១ ក្រោម​រដ្ឋបាល​របស់​លោក​អតីត​ប្រធានាធិបតី Barack Obama មុន​ពេល​លោក​ចូល​និវត្តន៍​នៅ​ក្នុង​ឆ្នាំ ២០១៤ ដើម្បី​ដឹកនាំ​អង្គការ Carnegie Endowment of International Peace។

នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ លោក Biden បាន​បញ្ជាក់​ថា បទ​ពិសោធន៍​របស់​លោក Burns ដែល​ធ្លាប់​បម្រើ​ការ​ក្រោម​ការ​ដឹកនាំ​របស់​ប្រធានាធិបតី​នៃ​គណបក្ស​ទាំង​ពីរ នឹង​ធានា​ថា លោក​នឹង​នាំ​មក​នូវ​ទស្សនៈ​និង​វិធីសាស្ត្រ «មិន​ពាក់ព័ន្ធ​នឹង​នយោបាយ» ទាក់ទិន​នឹង​ទិដ្ឋភាព​ស៊ើបការណ៍​សម្ងាត់ ក្នុង​ការ​ធ្វើ​ឲ្យ​សហរដ្ឋ​អាមេរិក​មាន​សុវត្ថិភាព។

លោក Burns បាន​ទទួល​រង្វាន់​ប្រធានាធិបតី​ចំនួន ៣ សម្រាប់​ការ​បំពេញ​ការងារ​ដ៏​វិសេសវិសាល​របស់​លោក និង​រង្វាន់​កិតិ្តយស​ខ្ពស់​បំផុត​ផ្នែក​ស៊ីវិល​ពី​ក្រសួង​ការពារ​ជាតិ និង​ពី​សហគមន៍​ស៊ើបការណ៍​សម្ងាត់​សហរដ្ឋ​អាមេរិក។ លោក​ធ្លាប់​បាន​សិក្សា​នៅ​សាកល​វិទ្យាល័យ LaSalle ក្រុង​ទីក្រុង Philadelphia រដ្ឋ Pennsylvania ដោយ​ទទួល​បាន​បរិញ្ញាប័ត្រ​ប្រវត្តិសាស្ត្រ និង​ទទួល​បានសញ្ញាប័ត្រ​អនុ​បណ្ឌិត​និង​បណ្ឌិត​ផ្នែក​ទំនាក់ទំនង​អន្តរជាតិ​ពី​សាកល​វិទ្យាល័យ Oxford៕