ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden បានជួបប្រជុំជាមួយប្រធានាធិបតីអៀរឡង់ លោក Michael D. Higgins និងនាយករដ្ឋមន្ត្រីរបស់ប្រទេសនេះលោក Leo Varadkar នៅថ្ងៃព្រហស្បតិ៍នេះ ហើយមានគម្រោងនឹងថ្លែងសុន្ទរកថាទៅកាន់សភាអៀរឡង់ផងដែរ។
កម្មវិធីរបស់លោកBiden នៅក្នុងប្រទេសអៀរឡង់ ក៏រួមមានផងដែរ ការបង្ហាញកីឡាយុវជន Gaelic នៅក្នុងរដ្ឋធានី Dublin និងការចូលរួមពិធីជប់លៀងអាហារពេលល្ងាចផងដែរ នៅវិមានរដ្ឋាភិបាលនៃប្រាសាទ Dublin។
លោក Biden ដែលជារឿយៗបានលើកឡើងពីការជាប់សែស្រឡាយជាមួយជនជាតិអៀរឡង់នោះ នឹងបញ្ចប់ដំណើរទស្សនកិច្ចរបស់លោកនៅយប់ថ្ងៃសុក្រស្អែកនេះ ដោយការថ្លែងសុន្ទរកថារបស់លោកនៅឯទីប្រជុំជន Ballina ដែលធ្លាប់ជាកន្លែងរស់នៅរបស់ជីដូនជីតាខាងឪពុករបស់លោកនៅឆ្នេរភាគខាងលិចប្រទេសអៀរឡង់។
លោក Biden បានប្រាប់ក្រុមមនុស្សក្នុងរដ្ឋធានី Belfast ប្រទេសអៀរឡង់ខាងជើងកាលពីពុធម្សិលមិញថា លោកសង្ឃឹមថាការបែងចែកអំណាចរដ្ឋាភិបាលដែលត្រូវបានធ្វើឡើងដោយអៀរឡង់ខាងជើងនោះ អាចត្រូវបានស្តារឡើងវិញក្នុងពេលឆាប់ៗខាងមុខនេះ ដោយលោកសន្យាថា ក្រុមហ៊ុនរបស់អាមេរិកមួយចំនួន កំពុងត្រៀមខ្លួនដើម្បីធ្វើវិនិយោគទុននៅក្នុងតំបន់នេះ។
នៅក្នុងសុន្ទរកថាអបអរសាទរ កិច្ចព្រមព្រៀងសន្តិភាពដែលមានអាយុ២៥ឆ្នាំនៅក្នុងតំបន់នេះ លោក Biden បានប្រាប់ក្រុមមនុស្សដែលចូលរួមស្តាប់លោករាប់រយនាក់ នៅសាកលវិទ្យាល័យ Ulster ថា ស្ថាប័នប្រជាធិបតេយ្យ ដែលបង្កើតឡើងនូវកិច្ចព្រមព្រៀងថ្ងៃសុក្រដ៏ល្អ ឬGood Friday Agreement នៅតែមានសារៈសំខាន់។
កិច្ចព្រមព្រៀងនេះ បានជួយបញ្ចប់ជម្លោះបង្ហូរឈាមដែលមានរយៈពេល៣០ឆ្នាំ ជុំវិញថាតើអៀរឡង់ខាងជើង គួត្រូវរួបរួមឡើងវិញជាមួយប្រទេសអៀរឡង់ ឬមួយនៅតែស្ថិតជាផ្នែកមួយរបស់ចក្រភពអង់គ្លេស៕