លោក​ប្រធានាធិបតី Bidenធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀបចំ​ជំនួប​កំពូល​ក្រុម៤ប្រទេស​ឬ Quad នៅ​រដ្ឋ Delaware

រូបឯកសារ៖ នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese ប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden នាយករដ្ឋមន្ត្រីជប៉ុន Fumio Kishida និងនាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi ប្រមូលផ្តុំគ្នាក្នុងកិច្ចប្រជុំកំពូលរបស់មេដឹកនាំ Quad នៅក្នុងទីក្រុងតូក្យូ នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ លោកJoe Biden នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀបចំ​ជំនួប​កំពូល​លើក​ទី២ និង​ជា​លើក​ចុង​ក្រោយ​របស់​ក្រុម​ប្រទេស៤ឬQuad នៅ​ថ្ងៃ​ទី២១ ខែ​កញ្ញា​នេះ ​នៅ​ក្នុង​រដ្ឋ Delaware ដែល​ជា​ទីកន្លែង​គេហដ្ឋាន​របស់​លោក។ នេះ​បើ​តាម​ការប្រកាស​របស់​សេតវិមាន​កាលពី​ថ្ងៃ​ព្រហស្បតិ៍។

លោក​ប្រធានាធិបតី Biden កំពុង​រៀបចំ​ផែនការ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​មេដឹកនាំ៣ប្រទេស​ផ្សេង​ទៀត​របស់​ក្រុម​នោះ ​ដែល​មាន​នាយក​រដ្ឋមន្ត្រី​អូស្ត្រាលី​លោកAnthony Albanese នាយក​រដ្ឋមន្ត្រី​ឥណ្ឌា​ លោកNarendra Modi និង​នាយក​រដ្ឋមន្ត្រី​ជប៉ុន លោក Kishida Fumio។ ជំនួប​កំពូល​នេះ នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ខាង​ក្រៅ​មហា​សន្និបាត​អង្គការ​សហប្រជាជាតិ​ ដែល​កើតឡើង​ដំណាលគ្នា​នៅ​ក្នុង​បូរី​ញូវយ៉ក។

ពួក​មេដឹកនាំ​ត្រូវ​គេ​រំពឹង​ថា ​នឹង​បង្កើន​កិច្ចសហប្រតិបត្តិការ រួមមាន​ការ​យល់ដឹង​ភាព​ជា​ដៃគូ​នៃ​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​សម្រាប់​ផ្លូវ​នាវាចរ ជា​កិច្ចផ្តួចផ្តើម​ដ៏​សំខាន់​មួយ​ដែល​មាន​គោលបំណង​ទប់ទល់​នឹង​ភាពគគ្លើន​របស់​ចិន​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង។

អ្នកនាំ​ពាក្យរបស់​សេតវិមាន អ្នក​ស្រី Karine Jean-Pierreបញ្ជាក់​នៅ​ក្នុង​សេចក្តីថ្លែង ការណ៍​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា«ជំនួប​កំពូល​របស់​ពួក​មេដឹកនាំ៤ប្រទេស​ឬQuad នឹង​ផ្តោតលើ​ការបង្កើន​ការជួប​គ្នា​ជា​យុទ្ធសាស្ត្រ​ក្នុង​ចំណោម​ប្រទេស​របស់​យើង ធ្វើ​ឱ្យ​ជឿនលឿន​ទស្សនៈ​វិស័យ​រួម​នៃ​តំបន់​ឥណ្ឌូប៉ាស៊ីហ្វិក​សេរី​និង​បើក​ចំហរ ហើយ​នឹង​ផ្តល់​អត្ថប្រយោជន៍​ដ៏​សុក្រិត្យ​សម្រាប់​ដៃគូ​នានា​នៅ​ក្នុង​តំបន់​សំខាន់ៗ​ក្នុង​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក»។

លោក Biden បាន​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ជំនួប​កំពូល​របស់​មេដឹកនាំ Quad នៅ​ឯ​សេតវិមាន​នៅ​ឆ្នាំ២០២១។ ចាប់តាំង​ពី​នោះ​មក ក្រុម​នោះ​បាន​ជួប​គ្នា​ដោយ​ផ្ទាល់២ដង​នៅ​ក្នុង​ប្រទេស​ជប៉ុន។ ក្នុង​ការឆ្លុះបញ្ចាំង​នៃ​សារៈសំខាន់​របស់​ក្រុម​នោះ លោក Biden បាន​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀបចំ​ទទួល​មេដឹកនាំ​ទាំង​អស់​សម្រាប់​ដំណើរ​ទស្សនកិច្ច​ក្រោយ​មក​ជា​ផ្លូវ​រដ្ឋ​នៅ​សេតវិមាន។

ប្រទេស​ឥណ្ឌា​មាន​គម្រោង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀបចំ​ជំនួប​កំពូល​នៅ​ឆ្នាំ​នេះ ក៏ប៉ុន្តែ មេដឹកនាំ​ទាំង ៤ប្រទេស​បាន​ព្រមព្រៀង​គ្នា​ថា ​រដ្ឋាភិបាល​ឥណ្ឌា នឹង​រៀបចំ​ជំនួប​កំពូល​នោះ​នៅ​ឆ្នាំ២០២៥ ជំនួស​វិញ៕