លោក Biden នឹង​ស្តាប់​ទស្សនៈ​ប្រទេស​មូស្លីម​ស្តីពី​តំបន់​ហ្កាហ្សា​ក្នុង​កិច្ចប្រជុំ​ជាមួយ​ប្រធានាធិបតី​ឥណ្ឌូណេស៊ី

រូបឯកសារ៖ ប្រធានាធិបតី​ឥណ្ឌូណេស៊ី​លោក Joko Widodo ស្វាគមន៍​ប្រធានាធិបតី​អាមេរិក​លោក Joe Biden នៅឧទ្យាន Ngurah Rai នៅ​ខាងក្រៅ​កិច្ចប្រជុំកំពូល G20 នៅ​កោះបាលី ប្រទេស​ឥណ្ឌូណេស៊ី កាលពី​ថ្ងៃទី១៦ ខែវិច្ឆិកាឆ្នាំ២០២២។

ប្រធានាធិបតី​សហរដ្ឋអាមេរិកលោក​ Joe Biden មាន​កំណត់នឹង​ស្តាប់​មតិ​របស់​ប្រទេស​កាន់​សាសនាឥស្លាម​នៅ​ជុំវិញរបស់​ពិភពលោកស្តី​ពី​សង្គ្រាម​ក្នុង​តំបន់ហ្កាហ្សា​ ក្នុង​អំឡុង​ពេល​នៃ​កិច្ចប្រជុំមួយជាមួយ​ប្រធានាធិបតី​ឥណ្ឌូណេស៊ី​ លោក​ Joko Widodo នៅ​សេតវិមាន​នៅ​រសៀល​ថ្ងៃ​ចន្ទ​នេះ ម៉ោង​ក្នុង​រដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក​។ លោក ​Joko Widodo​ កំពុង​ស្ថិត​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន ដើម្បី​បង្កើន​កម្រិត​ចំណង​ការទូតជា​មួយ​សហរដ្ឋអាមេរិ ដល់​កម្រិត«​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់ជ្រុងជ្រោយ» ដែល​ជា​កម្រិតចំណង​ទាក់ទង​ការទូត​ខ្ពស់​បំផុតរបស់​ឥណ្ឌូណេស៊ី។

មេដឹកនាំ​នៃ​ប្រទេស​ទាំង​ពីរ​មាន​ទស្សនៈ​ផ្ទុយ​គ្នាលើ​ជម្លោះក្នុង​តំបន់ហ្កាហ្សា​ ដោយ​លោក Biden ផ្តល់​ការ​គាំទ្រ​ឥតងាករេ​ចំពោះ​ប្រទេស​អ៊ីស្រាអែល​ ខណៈ​លោក Widodo បាន​ទាមទារ​សុំ​ឱ​មានបទ​ឈប់បាញ់​គ្នា​ជា​បន្ទាន់​មួយក្នុង​តំបន់​ហ្កាហ្សា​ ​និង​គាំទ្រ​បេសកកម្ម​របស់​អង្គការ​សហប្រជាជាតិ​ ដែល​កំពុង​ប្រមូល​ភស្តុតាង​នានា​ស្តី​ពី​ឧក្រិដ្ឋកម្ម​សង្គ្រាម​ ដែល​ប្រព្រឹត្ត​ឡើងដោយ​ភាគី​ទាំង​ពីរ ចាប់​តាំង​ពី​ក្រុម​ហាម៉ាស់វាយប្រហារ​ទៅ​លើ​អ៊ីស្រាអែល​កាល​ពី​ថ្ងៃ​ទី​៧​ខែ​តុលា​មក។​

ជំនួប​ប្រជុំ​របស់​លោក ​Widodo​ ជា​មួយ​លោក Biden កើត​ឡើងក្រោយ​កិច្ចប្រជុំ​កំពូល​មួយរបស់​អង្គការ​សហប្រតិបត្តិការ​ឥស្លាម OIC ក្នុង​រាជធានី​រីយ៉ាដ​ ប្រទេស​អារ៉ាប៊ីសាអូឌីត​កាល​ពី​ចុង​សប្តាហ៍កន្លង​ទៅនេះ។​ កិច្ចប្រជុំ​កំពូល​នោះ​មាន​មាន​ប្រទេស​មូស្លីមសំខាន់ៗ​ចំនួន​៧៥​ប្រទេស​ចូលរួម​ ដែល​រួម​មាន​សម្ព័ន្ធអារ៉ាប់ផង​ដែរ។​ សេចក្តីប្រកាស​រួមនៃកិច្ចប្រជុំ​កំពូល​នោះ បាន​ទាត់​ចោលហេតុផល​របស់​អ៊ីស្រាអែល​ដែល​ធ្វើ​សកម្មភាព​យោធា​ក្នុង​តំបន់​ហ្កាហ្សាថា​ជា​ការការពារ​ខ្លួននោះ​ និង​បាន​ទាមទារ​ឱ្យបញ្ចប់​សង្គ្រាម​ជា​បន្ទាន់​។ សេចក្តី​ប្រកាស​រួម​នេះ​ក៏​បានអំពាវនាវ​ឱ្យ​ផ្អាក​ការ​លក់​អាវុធទៅ​ឱ្យ​អ៊ីស្រាអែល​ និង​បង្កើនការ​ផ្តល់​ជំនួយ​មនុស្សធម៌ផង​ដែរ។​

នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ទៅ​កាន់​ក្រុម​អ្នកសារព័ត៌មាន​តាម​ប្រព័ន្ធអនឡាញ​កាល​ពី​យប់​ថ្ងៃ​អាទិត្យក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ លោក Widodo និយាយ​ថា​ លោក​នឹងផ្តល់សេចក្តី​សម្រេច​របស់​កិច្ចប្រជុំ​កំពូល​នោះ​ទៅ​ឱ្យ​លោក Biden។ លោក​បន្ថែម​ថា​ អ៊ីស្រាអែល​ត្រូវ​ទទួល​ទទួល​ខុសត្រូវ​លើអំពើ​ឃោរឃៅ​ដែល​ខ្លួន​បាន​ប្រព្រឹត្ត។​

មន្ត្រី​ជាន់​ខ្ពស់​អាមេរិកម្នាក់បាន​ប្រាប់​វីអូអេក្នុង​កិច្ចប្រជុំ​ជា​មួយ​អ្នក​កាសែត​នៅ​ថ្ងៃ​អាទិត្យ​ម្សិលមិញ​ថា​ លោក​ Biden នឹង​ស្តាប់ដោយ​យក​ចិត្តទុកដាក់​នូវ​អ្វី​ដែល​ប្រធានាធិបតី​ឥណ្ឌូណេស៊ី​លោក​ Widodo បានឮ​ពីកិច្ចប្រជុំ​កំពូល​នៃ​ប្រទេស​កាន់​សាសនា​ឥស្លាម​ ​ក៏​ដូចជា​អ្វីដែល​ជា​ទស្សនៈ​របស់​លោក​ ជុំវិញ​ការពិភាក្សាដែល​លោក​ទទួល​បានពី​ប្រទេស​អារ៉ាប៊ីសាអូឌីត​ ពី​ប្រទេស​អារ៉ាប់នានា​ ​និង​មេដឹកនាំ​នៃ​ប្រទេស​តំបន់​មជ្ឈិមបូព៌ា​នោះ។

ឥណ្ឌូណេស៊ី​មិន​មែនជាតួអង្គ​សំខាន់​ជុំវិញ​សង្គ្រាម​ក្នុង​តំបន់​ហ្កាហ្សា​ ដូច​ជា​ប្រទេស​អេហ្ស៊ីប​ ​ហ្ស៊កដានី​ និង​ប្រទេស​កាតា ដែល​មាន​តួនាទី​សំខាន់​នៅ​ក្នុង​គោលដៅ​ជា​បន្ទាន់​របស់​រដ្ឋាភិបាល​អាមេរិក​នៅ​ពេល​នេះ​ឡើយ​ ដូច​ជាការ​ជួយ​ធ្វើ​ឱ្យ​មាន​ការ​ដោះលែង​ចំណាប់ខ្មាំង​ និង​បង្កើត​ច្រក​របៀងមនុស្សធម៌​ក្នុង​តំបន់​ហ្កាហ្សា​ជា​ដើម៕​

អ្នកយកព័ត៌មាន Eva Mazrieva, Naras Prameswari និង ​Rio Tuasikal ចូលរួម​ផ្តល់​ព័ត៌មាន​ដល់​សេចក្តី​រាយការណ៍​នេះ។