ប្រធានាធិបតីជាប់ឆ្នោតថ្មីលោក Joe Biden នឹងធ្វើយុទ្ធនាការនៅថ្ងៃអង្គារនេះ ក្នុងរដ្ឋ Georgia ដែលស្ថិតនៅភាគខាងត្បូងសហរដ្ឋអាមេរិក សម្រាប់បេក្ខជនព្រឹទ្ធសភាអាមេរិកចំនួន២នាក់មកពីគណបក្សប្រជាធិបតេយ្យ ដែលត្រូវចូលរួមក្នុងវគ្គបោះឆ្នោតផ្តាច់ព្រ័ត្រនៅខែក្រោយ ដែលជាការកំណត់ថា តើគណបក្សប្រជាធិបតេយ្យ ឬគណបក្សសាធារណរដ្ឋ ជាអ្នកគ្រប់គ្រងព្រឹទ្ធសភាអាមេរិក ក្នុងរយៈពេល២ឆ្នាំដំបូងក្រោមការដឹកនាំរបស់លោកជាប្រធានាធិបតីថ្មី។
លោក Biden នឹងធ្វើយុទ្ធនាការរួមជាមួយបេក្ខជនទាំងពីរដែលរួមមានលោក Jon Ossoff ដែលជាផលិតករភាពយន្តឯកសារស៊ើបអង្កេត និងគ្រូគង្វាលសាសនាគ្រឹស្តលោក Raphael Warnock នៅក្នុងទីក្រុង Atlanta ដែលជារដ្ឋធានីនិងជាទីក្រុងធំបំផុតរបស់រដ្ឋ Georgia។
បេក្ខជនទាំងពីរនាក់នេះ នឹងត្រូវប្រកួតប្រជែងនឹងបេក្ខជនដែលជាសមាជិកព្រឹទ្ធសភាក្នុងតំណែងលោក David Perdue និងអ្នកស្រី Kelly Loeffler នៃគណបក្សសាធារណរដ្ឋ នៅថ្ងៃទី៥ខែមករា ខាងមុខនេះ។
ការស្ទង់មតិមួយចំនួនបានបង្ហាញថា ការបោះឆ្នោតនេះ មានលក្ខណៈប្រកៀកប្រកិតគ្នាខ្លាំង។
ប្រធានាធិបតីអាមេរិកលោក Donald Trump និងអនុប្រធានាធិបតីលោក Mike Pence បានចូលរួមធ្វើយុទ្ធការក្នុងរដ្ឋនោះរួចហើយ សម្រាប់បេក្ខជនទាំងពីរនៃគណបក្សសាធារណរដ្ឋ។
គណបក្សសាធារណរដ្ឋបច្ចុប្បន្នកាន់កាប់អាសនៈព្រឹទ្ធសភាចំនួន៥០ ទល់នឹង៤៨នៃគណបក្សប្រជាធិបតេយ្យ។ គណបក្សនេះ ត្រូវយកឈ្នះយ៉ាងហោចណាស់ឲ្យបានមួយអាសនៈ ក្នុងចំណោម២នៃអាសនៈព្រឹទ្ធសភាក្នុងរដ្ឋ Georgia ដើម្បីបន្តគ្រប់គ្រងព្រឹទ្ធសភា ដែលនឹងមានសំឡេងភាគច្រើននៅគ្រប់គណៈកម្មាធិការហើយជាអ្នកសម្រេចលើរបៀបវារៈសំខាន់ៗ៕