លោក Biden នឹង​មិន​​ដក​​​ការ​រឹតត្បិត​កូវីដ១៩​ដែល​​លោក Trump បាន​​ដាក់​ចំពោះ​អ្នក​ដំណើរ​ពី​​អឺរ៉ុប​និង​ប្រេស៊ីល​ទេ

  • ​Reuters

រូបឯកសារ៖ អ្នកធ្វើដំណើរម្នាក់ដើរក្នុងអាកាសយានដ្ឋាន Ronald Reagan ក្នុងរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០។

ប្រធានាធិបតី​ជាប់​ឆ្នោត​សហរដ្ឋ​អាមេរិក​លោក Joe Biden មាន​គម្រោង​ភ្លាមៗ​ ដើម្បី​បន្ត​ការ​រឹតត្បិត​ចំពោះ​អ្នកដំណើរភាគច្រើន​ដែលទើប​មក​ពីទ្វីបអឺរ៉ុប​និង​ប្រទេស​ប្រេស៊ីល​ បន្ទាប់​ពី​លោកប្រធានាធិបតី Donald Trump បាន​លុប​ចោល​លក្ខខណ្ឌ​សម្រាប់ពលរដ្ឋ​ទាំង​នោះ​ ដែលនឹង​ចូល​ជា​ធរមាន​នៅ​ថ្ងៃ​ទី​២៦ ខែ​មករា​ខាង​មុខ។ នេះបើ​តាម​អ្នក​នាំពាក្យ​របស់​លោក Biden និងរាយការណ៍​ដោយទីភ្នាក់ងារ​ព័ត៌មាន Reuters។​

កាល​ពី​ថ្ងៃ​ច័ន្ទ លោក​ប្រធានាធិបតី Trump បាន​ចុះ​ហត្ថលេខា​លើ​បទ​បញ្ជា​មួយ​ដកការ​រឹតត្បិត​ដែល​លោក​បាន​ដាក់កាល​ពី​ឆ្នាំ​មុន ដើម្បី​ឆ្លើយ​តប​នឹងការ​រាតត្បាត​នៃ​ជំងឺ​កូវីដ​១៩។​ ការ​សម្រេច​ដក​ការ​រឹតត្បិត​នេះធ្វើ​ឡើង​ បន្ទាប់​ពី​មាន​ការ​គាំទ្រពី​សមាជិក​ក្រុម​ការងារ​វីរុស​កូរ៉ូណា​និង​មន្ត្រី​សុខាភិបាល​សាធារណៈ។

ភ្លាមៗ​បន្ទាប់​ពី​បទបញ្ជា​ដក​ការ​រឹតត្បិត​ធ្វើ​ដំណើររបស់​លោក​ប្រធានាធិបតី Trump ត្រូវ​បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ អ្នកស្រី Jen Psaki អ្នក​នាំ​ពាក្យ​របស់​លោក Biden បាន​សរសេរ​សារ​តាម Twitter ថា៖ «តាម​ការណែនាំ​របស់​ក្រុម​វេជ្ជសាស្ត្រ​របស់​យើង​រដ្ឋបាល ​[លោក Biden] នឹង​មិន​មាន​បំណង​លុបចោល​ការ​រឹតត្បិត​ទាំង​អស់​នោះ​ នៅ​ថ្ងៃ​ទី២៦ ខែ​មករា​ទេ»។

បើលោក Biden ​មិន​ចេញ​វិធានការ​ថ្មីអ្វី​ទេ នោះ​បទ​បញ្ជា​របស់​លោក Trump នឹង​លុបចោលការ​រឹតត្បិត​ធ្វើ​ដំណើរ នៅ​ថ្ងៃទី​២៦ ខែ​មករា ដែល​ជាថ្ងៃសហរដ្ឋ​អាមេរិក​ នឹងចាប់​ផ្តើម​តម្រូវ​ឲ្យ​អ្នកធ្វើ​ដំណើរពី​ក្រៅ​ប្រទេស​ទាំង​អស់​ត្រូវ​បង្ហាញ​ថា​បាន​ធ្វើ​តេស្ត​ជំងឺ​កូវីដ១៩។ លោក Trump មាន​កំណត់​ពេល​ចាកចេញ​ពី​តំណែង​នៅ​ថ្ងៃ​ពុធ​ស្អែក​នេះ៕