លោក​ Biden ជិះ​សាក​ល្បង​រថយន្ត​ថ្មី​​ដើម្បី​​ជំរុញ​ការ​ផលិត​​រថយន្ត​ដើរ​ដោយ​ចរន្ត​អគ្គិសនី

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក Joe Biden សាកល្បង​បើក​រថយន្ដ​អគ្គិសនី​​របស់​ក្រុមហ៊ុន Ford ប្រភេទ F-150 Lightning truck នៅ​ក្រុង Dearborn រដ្ឋ Michigan​ ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១។

នៅក្នុង​ថ្ងៃតែ​មួយដែល​អ្នក​បើកបររថយន្តក្នុង​រដ្ឋ​មួយ​ចំនួ​ននៃ​ភាគ​អាគ្នេយ៍​សហរដ្ឋ​អាមេរិក​ មិន​អាច​រក​សាំង​ចាក់​រថ​យន្ត​របស់​គេបាន​នោះ​ ប្រធានាធិបតី​អាមេរិក​លោក Joe Biden បានជំរុញ​ឱ្យ​មាន​ការ​ផ្លាស់​ប្តូរទៅ​រក​ការ​ផលិត​រថយន្តដែល​ដើរ​ដោយ​ថាមពល​អគ្គិសនី​វិញ​ ដោយ​លោកព្រមាន​ថា​ ប្រទេស​ចិនកំពុង​ដើរទៅ​មុខ​ហួស​អាមេរិក​ ក្នុង​ការ​ផលិត​រថយន្តជំនាន់​ថ្មីនេះ។​

ក្នុង​ដំណើរ​ទស្សនកិច្ច​មួយ​ទៅ​កាន់​រោងចក្រ​ផលិត​រថយន្ត​ដើរ​ដោយ​ថាមពល​អគ្គិសនី ក្នុង​រដ្ឋ Michigan នោះ​ លោក​ Biden និយាយ​ថា៖​ «ប្រទេស​ចិន​គិត​ថា​ ពួក​គេ​នឹង​ឈ្នះ​យើងលើ​វិស័យ​នេះ​ ប៉ុន្តែ​ខ្ញុំ​មាន​ព័ត៌មាន​ប្រាប់​ចិនថា​ ពួក​គេនឹង​មិន​អាច​ឈ្នះ​យើង​លើការ​ប្រកួតប្រជែង​ក្នុង​វិស័យរថយន្តដើរ​ដោយអគ្គិសនី​នោះ​ទេ។ យើង​មិនអាច​ឲ្យ​ចិន​ឈ្នះ​យើងទេ។ យើង​ត្រូវ​ធ្វើ​ការ​នេះ​ឲ្យ​បាន​លឿន​រហ័ស»។

ក្រុមហ៊ុន​ផលិត​រថយន្ត Ford​ របស់​អាមេរិក បាន​ប្រកាស​ដាក់​ឱ្យ​ប្រើប្រាស់នៅ​ថ្ងៃ​ពុធ​នូវ​ប្រភេទ​រថយន្ត F-150 Lightning ដែល​ជា​ប្រភេទ​រថយន្ត​ដឹក​ទំនិញ pickupដើរ​ដោយ​ថាមពល​អគ្គិសនី​ និងជា​ប្រភេទ​រថយន្ត​ដែល​លក់​ដាច់​បំផុត​។ លោក​ប្រធានាធិបតីក៏​បាន​ជិះ​សាក​ល្បងរថយន្ត​នោះ ក្រោយ​ការ​ថ្លែង​សុន្ទរកថា​រួច​ផង​ដែរ។

លោក​ប្រធានាធិបតី​ បានថ្លែង​សុន្ទរកថា​ ក្រោយដំណើរ​ទស្សនកិច្ច​របស់​លោក​ទៅកាន់​រោងចក្រ​ផលិត​រថយន្ត​អគ្គិសនី​ Ford Rouge នៅ​ក្រុង Dearborn ដែល​ជា​ដំណើរ​ទស្សនកិច្ច​ថ្មី​ចុង​ក្រោយ​របស់​លោក​តាម​ផ្លូវ​គោកដើម្បី​ផ្សព្វផ្សាយ​នូវកញ្ចប់​ថវិកា​សម្រាប់​ការ​ស្តារ​សេដ្ឋកិច្ចអាមេរិក​ឡើង​វិញ​នោះ។

កញ្ចប់​ថវិកា​ចំនួន​ ២​លានលាន (ទ្រីលាន)​ដុល្លារ​របស់​លោក ​Biden សម្រាប់​គម្រោងបង្កើត​ការងារ​ដល់​ពលរដ្ឋ​អាមេរិក ហើយ​ដែលតម្រូវឲ្យ​មាន​ការ​យល់​ព្រម​ដោយសភា​អាមេរិក​នោះ​ មាន​ទឹក​ប្រាក់​ប្រមាណ ​១៧៤​ពាន់​លាន​ដុល្លារ​ សម្រាប់ជួយ​ផលិត​រថយន្ត​ដើរ​ដោយ​ចរន្តអគ្គិសនី។ លោក Biden ក៏​បាន​ដាក់​ចេញផង​ដែរ​នូវគោល​ដៅ​មួយ​ឱ្យ​សេដ្ឋកិច្ច​អាមេរិក​លែងពាក់ព័ន្ធ​ការ​បញ្ចេញផ្សែង​ពុល​ត្រឹម​ឆ្នាំ​២០៥០៕