លោក ​Biden តស៊ូ​ទប់ស្កាត់​សង្គ្រាម​នៅ​ហ្កាហ្សា ខណៈ​ដែល​ជម្លោះ​នេះ​រាលដាល​ដល់​ក្រុម​ជាច្រើន

រូបឯកសារ៖ ប្រធានាធិបតីសហរដ្ឋ​អាមេរិក​លោក Joe Biden ស្ថិតនៅ​សេតវិមាន កាល​ពី​ថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ២០២៣។ (AP Photo/Andrew Harnik)

ស្របពេល​ដែល​រដ្ឋាភិបាល​អ៊ីស្រាអែល​ដឹកនាំ​ដោយ​នាយករដ្ឋ​មន្ត្រី Benjamin Netanyahu កំពុង​ពង្រីក​ការវាយប្រហារ​នៅ​តំបន់​ហ្កាហ្សា ការគំរាម​កំហែង​សងសឹក​របស់​អ៊ីរ៉ង់​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការវាយប្រហារ​តាម​អាកាស​ដែល​បាន​សម្លាប់​មន្ត្រី​យោធា​ជាន់​ខ្ពស់​មួយ​រូបនិងការវាយប្រហារ​ពី​សំណាក់​ក្រុម​នានា​ដែល​គាំទ្រ​ដោយ​អ៊ីរ៉ង់​នៅ​តំបន់​នេះ​អាច​ធ្វើ​ឲ្យ​សង្គ្រាម​ផ្ទុះ​ឡើង​ពេញ​ទំហឹង។ វាជា​ហានិភ័យ​មួយ​ដែល​ប្រធានា ធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden មិន​អាច​ទប់ស្កាត់​បាន ខណៈ​ពេល​ដែល​លោក​កំពុង​ប្រឹងប្រែង​សម្រាប់​ការ​បោះ​ឆ្នោត​នៅ​ឆ្នាំ២០២៤។

កាលពី​ថ្ងៃ​ទី២៦ ខែ​ធ្នូ រដ្ឋាភិបាល​ក្រុង​តេហេរ៉ង់​បាន​ប្ដេជ្ញា​សងសឹក​ចំពោះ​អ្វី​ដែល​ខ្លួន​បាន​ហៅ​ថា​ជា​ការធ្វើ​ឃាត​លោក Seyed Razi Mousavi នៅ​ក្នុង​ប្រទេស​ស៊ីរី​ដែល​ជា​ទីប្រឹក្សា​ជាន់​ខ្ពស់​នៃ​កង​កម្លាំង​ឆ្មាំ​បដិវត្តន៍​ឥស្លាម។

លោក Mousavi ត្រូវ​បាន​រាយការណ៍​ថាមាន​ជាប់​ពាក់ព័ន្ធ​នឹង​ការផ្គត់ផ្គង់​អាវុធ​ទៅឱ្យក្រុម Hezbollah ដែល​ជាក្រុម​ជីវពល​គាំទ្រ​ដោយ​អ៊ីរ៉ង់​នៅ​ក្នុង​ប្រទេស​លីបង់​និង​ស៊ីរី។ ក្រុម​នេះ​បាន​បង្កើន​ការវាយប្រហារ​នៅតាម​ព្រំដែន​ភាគ​ខាង​ជើង​នៃ​ប្រទេស​អ៊ីស្រា អែល​ដើម្បី​បង្ហាញ​ពី​សាមគ្គីភាព​របស់​ពួក​ជាមួយ​នឹង​ពលរដ្ឋ​ប៉ាឡេស្ទីន​នៅ​តំបន់​ហ្កាហ្សា។ អ៊ីស្រាអែល​មិន​បាន​អះអាង​ថា​ពួក​គេ​ជាអ្នក​នៅ​ពីក្រោយ​ការសម្លាប់​លោក Mousavi នេះ​ទេ។

សេតវិមាន​មិន​បាន​ឆ្លើយតប​ទៅនឹង​សំណួរ​របស់​វីអូអេ​អំពី​ថាតើ​អ៊ីស្រាអែល​បាន​ជូន​ដំណឹង​ដល់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន ​មុន​ពេល​បើកការ​វាយប្រហារ​តាម​អាកាស​ដែល​សម្លាប់​លោក Mousavi ឬ​ថាតើ​រដ្ឋបាល​សហរដ្ឋ​អមេរិក​នៅ​តែ​ជឿ​ថា​សង្គ្រាម​នៅ​ហ្កាហ្សា​អាច​ទប់ស្កាត់​កុំ​ឲ្យរាល​ដាល​បន្ត​ទៅ​ទៀត​ឬ​យ៉ាងណា។

កុមារ​ជនជាតិ​ប៉ាឡេស្ទីន​ស្ថិតនៅលើ​គំនរ​អគារ​បាក់បែក​ដែល​អគារ​នេះ​រងការ​វាយប្រហារ​តាម​អាកា​ស​របស់​អ៊ីស្រាអែល កាលពី​ថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ២០២៣។

ជម្លោះ​កំពុង​រាលដាល​កាន់​តែធំ

ភ្លាមៗ​បន្ទាប់​ពី​សង្គ្រាម​នៅ​ហ្កាហ្សា​បាន​ផ្ទុះ​ឡើង សហរដ្ឋ​អាមេរិក​បាន​បញ្ជូន​សម្ភារៈ​យោធាទៅ​កាន់​តំបន់​មជ្ឈិម​បូព៌ា​ដើម្បី​ឲ្យ​រដ្ឋាភិបាល​កំញ៉ើញ​រដ្ឋាភិបាល​ក្រុង​តេហេរ៉ង់ ​និង​ដៃគូ​និង​ជា​សារ​ប្រាប់​ទៅ​ពួក​គេ​កុំ​ឲ្យ​លូក​ដៃ​ចូល​ក្នុង​ជម្លោះ​នេះ។ ទោះយ៉ាងណា​ក៏ដោយ មាន​សញ្ញា​បង្ហាញ​ថា​ជម្លោះ​នេះ​កំពុង​រីករាល​ដាលនៅ​ជុំវិញ​តំបន់​នេះ។

កាល​ពី​ថ្ងៃទី​២៥ ខែធ្នូ​កន្លង​ទៅ លោក​ប្រធានាធិបតី Bidenបាន​ចេញ​បទបញ្ជា​ឲ្យ​បើក​ការវាយ​ប្រហារ​ដែល​«ចាំបាច់​និង​មាន​សមាមាត្រ»ទៅ​លើ​ក្រុមKataib Hezbollah ដែល​ជា​ក្រុម​ជីវពល​គាំទ្រ​ដោយ​អ៊ីរ៉ង​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ វាយប្រហារ​ដោយ​ប្រើ​ដ្រូន​ដែល​បណ្ដាល​ឲ្យ​ទាហាន​អាមេរិកាំងរងរបួស​នៅ​មូលដ្ឋាន​យោធា​អាមេរិក​ក្នុង​ទីក្រុង Irbilប៉ែក​ខាង​ជើង​នៃ​ប្រទេស​អ៊ីរ៉ាក់។

រដ្ឋាភិបាល​អ៊ីរ៉ាក់​បាន​ថ្កោលទោស​ការវាយប្រហារ​របស់​អាមេរិក ដោយ​ចាត់​ទុក​ថា​ជា​«ទង្វើ​បង្ក​អរិភាព»និង​ជា​ការ​រំលោភ​បំពាន​ទៅលើ​អធិបតេយ្យភាព​របស់​ខ្លួន។ ប៉ុន្តែ អ្នក​វិភាគ​យល់​ថា លោក​ បៃដិន គ្មាន​ជម្រើស​អ្វី​ក្រៅ​ពី​ការ​ឆ្លើយ​តប​បែប​នេះ​ទេ ពីព្រោះ​អាមេរិក​មាន​ទ័ព​ប្រហែល​៣ពាន់៥រយ​នាក់​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់​និង​ស៊ីរី​ដែល​ស្ថិត​នៅ​ក្នុង​ខ្សែបន្ទាត់​នៃ​ការវាយប្រហារ។

កាល​ពី​ថ្ងៃ​ទី២៦ ខែធ្នូ ក្រុម​កង​ជីវពល Houthi ដែល​គាំទ្រ​ដោយ​អ៊ីរ៉ង់​នៅ​ប្រទេស​យេ ម៉ែន​ដែល​គេ​ហៅ​ម្យាង​ទៀត​ថា​ជា​ក្រុម Ansar Allah បាន​អះអាង​ទទួល​ខុស​ត្រូវ​ទៅ​លើ​ការវាយប្រហារ​ដោយ​កាំជ្រួច​មីស៊ីល​ទៅ​លើ​កប៉ាល់​ដឹក​កុងតឺន័រ​នៅ​ក្នុង​សមុទ្រ​ក្រហម។ នេះ​ជា​ការវាយប្រហារ​ថ្មីៗបំផុត​ទៅ​លើ​ការដឹក​ជញ្ជូន​តាម​កប៉ាល់​នៅ​លើ​សាកលោក​ដែល​បាន​ធ្វើ​ឡើង​នៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​សប្ដាហ៍​ចុង​ក្រោយ​នេះ។ ការណ៍​នេះ​បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​បង្កើត​សម្ព័ន្ធ​កងទ័ព​ជើង​ទឹក​ពហុ ជាតិ​ដើម្បី​យាមល្បាត​ផ្លូវទឹក​នានា។

ការរាលដាល​នៃ​ជម្លោះ​ដែលមិន​អាច​ចៀស​ផុត​បាន​នៅពេល​ដែល​ក្រុម​នានា​ដែល​គាំ ទ្រ​ដោយ​អ៊ីរ៉ង់​កំពុង​ប្រជែង​គ្នា​ដើម្បី​បង្ហាញ​ការគាំទ្រ​របស់​ពួក​គេ​ដល់ក្រុម​ហាម៉ាស់។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោក Michael Knights អ្នកស្រាវជ្រាវ​នៅ​វិទ្យាស្ថាន​វ៉ាស៊ីនតោន​ដែល​បាន​សិក្សា​អំពី​ក្រុម​ជីវពល​នានា​គាំទ្រ​ដោយ​អ៊ីរ៉ង​នៅ​ប្រទេស​អ៊ីរ៉ាក់​និង​ស៊ីរី។

លោក​បាន​ថ្លែង​ប្រាប់​វីអូអេ​ថា៖ «តួអង្គ​ខ្លះ​នៃ​សម្ព័ន្ធភាព​ប្រឆាំង​នឹង​អ៊ីស្រាអែល​និង​រដ្ឋាភិ បាល​ក្រុង​វ៉ាស៊ីនតោន​ដូចជា​ក្រុម Houthi ជាដើម កំពុង​ព្យាយាម​បង្ហាញ​ថាពួក​គេ​ពលី​ដើម្បី​ហេតុផល​នេះ​ជាង​ក្រុម​ឯទៀតៗ​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់ លីបង់ និងស៊ីរី»។ សម្ព័ន្ធ ភាព​តស៊ូ​នេះ​សំដៅ​ទៅ​លើ​ក្រុម​នានា​នៅ​ក្នុង​តំបន់​នេះ​ដែល​រណប​ខាង​យោធា​និងនយោបាយ​របស់​អ៊ីរ៉ង់។

លោក​បន្ត​ថា៖ «សមុទ្រ​ក្រហម​គឺជា​ក្ដីបារម្ភ​យ៉ាង​ពិត​ប្រាកដ ពីព្រោះ​ក្រុម Houthi គឺជា​ក្រុម​ដែល​មិន​ងាយ​រាងចាល ដោយសារ​តែ​គ្មាន​ភាគី​ណា​មួយ​ចង់​រំខាន​ដល់​ដំណើរការ​ស្វែង​រក​សន្តិភាពរបស់​រ៉ាប៊ីសាអូឌីត»។

ចាប់តាំង​ពី​ឆ្នាំ​២០២២ អារ៉ាប៊ីសាអូឌីត​និង​ក្រុម​ឧទ្ទាម Houthi នៅ​ប្រទេស​យេម៉ែន​បាន​ចរចា​ស្វែងរក​ការឈប់​បាញ់​គ្នា​ជា​អចិន្ត្រៃយ៍មួយដើម្បី​បញ្ចប់​សង្គ្រាម​រវាង​ពួក​គេ​ទាំង​ពីរ​ដែល​មាន​រយៈ​ពេល៨ឆ្នាំ​មក​ហើយ។

ជំរំជនភៀសខ្លួន​របស់​ជនជាតិ​ប៉ាឡេស្ទីន​នៅ​ក្រុង Rafah ដែល​ស្ថិតនៅ​ភាគខាង​ត្បូង​តំបន់​ហ្កាហ្សា ថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ២០២៣។

ហានិភ័យ​នៃ​ការ​កើត​សង្គ្រាម​រវាង​អ៊ីស្រាអែល​និង​លីបង់

ចាប់​តាំង​ពី​ជម្លោះ​នៅ​តំបន់​ហ្កាហ្សា​បាន​កើត​ឡើង អ៊ីស្រាអែល​បាន​ជាប់​ដៃធ្វើ​សង្គ្រាមយ៉ាង​ខ្លាំង​នៅ​តាម​ព្រំដែន​ជាមួយ​នឹង​ក្រុម Hezbollah នៅប្រទេស​លីបង់។

អ្នកស្រី Elisheva Machlis ជា​សាស្ត្រាចារ្យ​ផ្នែក​ការសិក្សា​អំពី​តំបន់​មជ្ឈិមបូព៌ា​នៅ​សាកលវិទ្យាល័យ Bar- Ilan ថ្លែង​ថា៖ «ស្ថានភាព​បែប​នេះ​គឺ​ហៀប​មានសង្គ្រាម​ហើយ»។

ពលរដ្ឋ​អ៊ីស្រាអែល​រាប់​ម៉ឺន​នាក់​ត្រូវ​បាន​ជម្លៀស​ចេញ​ពី​ទីក្រុង​ជាប់​ព្រំដែន​ដោយសារ​តែ​ភ័យ​ខ្លាច​ការវាយប្រហារ​របស់​ក្រុម​ Hezbollah។ អ្នកស្រី Machlis ថ្លែង​ប្រាប់​វីអូអេ​ថា វាជា​ស្ថានភាព​មួយ​ដែល​មិន​អាច​អត់​ធ្មត់​បាន ហើយ​អាច​ធ្វើ​ឲ្យ​មតិ​សាធារណៈ​ភាគ​ច្រើន​គាំទ្រ​ការពង្រីក​សង្គ្រាម​ឆ្ពោះ​ទៅ​ទិស​ខាង​ជើង។

រដ្ឋាភិបាល​លោក Netanyahu បាន​ថ្លែង​ថា សកម្មភាព​យោធា​នៅ​តែ​បន្ត​ធ្វើ​ ដើម្បី​ធានា​បាន​ថា ពលរដ្ឋ​អ៊ីស្រាអែល​អាច​ត្រឡប់​ទៅ​ផ្ទះ​សម្បែង​របស់​ពួក​គេ​វិញ។

ហានិភ័យ​នៃ​ការ​កើត​សង្គ្រាម​រវាង​អ៊ីស្រាអែល​និង​អ៊ីរ៉ង់

លោក Omar Rahman ជា​អ្នកស្រាវជ្រាវ​នៅ​ក្រុម​ប្រឹក្សា​មជ្ឈិមបូព៌ា​ស្ដីពី​បញ្ហា​សាកល។ លោក​ថ្លែង​ថា៖ «ការណ៍​ដែល​អ៊ីស្រាអែល​សម្រេច​ចិត្ត​ធ្វើ​ឃាត​សមាជិក​យោធា​អ៊ីរ៉ង់​ជាន់​ខ្ពស់​នៅ​ទីក្រុង​ដាម៉ាស់​ប្រទេស​ស៊ីរី​គឺជា​ការ​បង្កហេតុ​ដ៏​ធំ​មួយ»។

លោក​បន្ថែម​ថា៖ «រហូត​មក​ទល់​ពេល​នេះ អ៊ីរ៉ង​មិន​បាន​ជាប់​ពាក់​ព័ន្ធ​ផ្ទាល់​នៅ​ក្នុង​ជម្លោះ​នេះ​ទេ ប៉ុន្តែ ប្រសិន​បើ​មេបញ្ជាការ​របស់​ពួក​គេ​ត្រូវ​បាន​ធ្វើឃាត​បែប​នេះ វា​អាច​ធ្វើ​ឲ្យ​អ៊ីរ៉ង់​ពិបាក​បន្ត​រក្សា​គោល​ជំហរ​អត់​ធ្មត់​របស់​ពួក​គេ»។

អ៊ីស្រាអែល​មិន​បាន​ទទួល​ស្គាល់ ឬ ច្រាន​ចោល​ការ​ជាប់​ពាក់ព័ន្ធ​របស់​ខ្លួន​ក្នុង​ការ​ស្លាប់​របស់​លោក Mousavi ទេ។

លោក Trita Parsi ជា​អនុប្រធាន​ប្រតិបត្តិ​នៃ​ក្រុម​សិក្សា​ស្រាវជ្រាវ​នៃ​វិទ្យាស្ថាន Quincy Institute for Responsible Statecraft មាន​មូលដ្ឋាន​នៅ​រដ្ឋធានី​វ៉ាស៊ីតោន​ដែល​តស៊ូ​មតិ​ឱ្យ​គោល​នយោបាយ​ការបរទេស​របស់​សហរដ្ឋ​អាមេរិក។

លោក​ថ្លែង​ថាប្រសិន​បើ​អ៊ីស្រាអែល​ស្ថិត​នៅ​ពីក្រោយ​ការ​សម្លាប់​នេះ វា​ជា​ចម្ងល់​ថាតើ អ៊ីស្រាអែល​ធ្វើ​បែប​នេះ​ដើម្បី​ឱ្យ​រដ្ឋាភិបាល​ក្រុង​តេហេរ៉ង់​ញញើត​ឬ​មួយ​ចាក់ឱ្យ​អ៊ីរ៉ង់​ឆ្លើយតប​ធ្វើ​ជាលេស​មួយ​សម្រាប់​អ៊ីស្រាអែល​ពង្រីក​សង្គ្រាម។

លោក Yoav Gallant រដ្ឋមន្ត្រី​ការពារជាតិ​អ៊ីស្រាអែល​បាន​ទទួល​ស្គាល់​ថា​ប្រទេស​របស់​លោក​កំពុង​ស្ថិត​នៅ​ក្នុង​«សង្គ្រាម​ដែល​មាន​ច្រើន​ក្រុម» និង​ស្ថិត​ក្រោម​ការវាយ ប្រហារ​ពី​ភាគី​គំរាមកំហែង​ចំនួន៧ រួមមាន​ទាំង​នៅ​តំបន់​ហ្កាហ្សា តំបន់West Bank ប្រទេស​លីបង់ ស៊ីរី អ៊ីរ៉ាក់ យេម៉ែន​និង​អ៊ីរ៉ង។

ទាហារ​អ៊ីស្រាអែល​បាញ់​កាំភ្លើង​ធំ​ចេញ​ពី​ទីតាំង​មួយ​នៅ​ក្បែរ​ព្រំប្រទល់​តំបន់​ហ្កាហ្សា​ប៉ែក​ខាង​ត្បូង កាល​ពី​ថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ២០២៣។

ការដាក់​សម្ពាធ​លើ​អ៊ីស្រាអែល

ខណៈ​ដែល​លោក​ប្រធានាធិបតី Joe Biden កំពុង​ប្រឹងប្រែង​សម្រាប់​ការបោះ​ឆ្នោត​នៅ​ខែ​វិច្ឆិកា ឆ្នាំ២០២៤ ការស្ទាបស្ទង់មតិ​បង្ហាញ​ថាពលរដ្ឋ​អាមេរិកាំង​ភាគច្រើន​មិន​យល់​ស្រប​នឹង​វិធានការ​របស់​លោក​សម្រាប់​តំបន់​ហ្កាហ្សា​ទេ ដែល​ការណ៍​នេះ​ធ្វើ​ឲ្យ​លោក​ទំនង​ជា​ព្យាយាម​បញ្ចៀស​សង្គ្រាម​កុំ​ឲ្យ​រាលដាល​កាន់តែ​ខ្លាំង។ រដ្ឋបាល​លោក Biden បាន​លើក​ទឹកចិត្ត​ឱ្យ​អ៊ីស្រាអែល​មាន​ការអត់​ធ្មត់​ចំពោះ​ការវាយប្រហារ​ពី​លីបង់។

សម្រាប់​តំបន់​ហ្កាហ្សា សហរដ្ឋ​អាមេរិក​បាន​អំពាវនាវ​ជា​សាធារណៈ​និង​ជា​បន្ទាន់​ឱ្យ​អ៊ីស្រាអែល​ផ្លាស់ប្ដូរ​ជំហរ​ឆ្ពោះ​ទៅរក​ដំណាក់​សង្គ្រាម​មួយ​ដែល​មាន​កំណត់​និង ដំណាក់​កាល​វះកាត់​ព្យាបាល។ យ៉ាងណា​ក៏ដោយ ការវាយ​ប្រហារ​របស់​អ៊ីស្រាអែល​ បាន​កើន​ឡើង​កាន់​តែខ្លាំង។ ចាប់តាំងពី​យប់​ថ្ងៃ​បុណ្យណូអែល​មក ការវាយប្រហារ​របស់​អ៊ីស្រាអែល​បាន​សម្លាប់​ពលរដ្ឋ​ប៉ាឡេស្ទីន​រាប់​រយ​នាក់​ដែល​ភាគ​ច្រើន​ស្ថិត​នៅ​ក្នុង​ជំរំ​ជនភៀសខ្លួន។

គណបក្ស Likud បាន​ផ្សព្វផ្សាយ​សារ​របស់​នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល Netanyahu កាល​ពី​ថ្ងៃ​ទី២៥ ខែធ្នូ​ថា៖ «យើង​កំពុង​ពង្រីក​ការ​វាយប្រហារ​បន្ថែម​ទៀត​នៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ»។

កាល​ពី​ថ្ងៃ​ទី២៦ ខែធ្នូ សហរដ្ឋ​អាមេរិក​នៅតែ​បន្ត​ដាក់​សម្ពាធ​លើ​អ៊ីស្រាអែល នៅពេល​ដែល​រដ្ឋមន្ត្រី​ការបរទេសអាមេរិក​លោក Antony Blinken និង​លោក Jake Sullivan ដែល​ជា​ទីប្រឹក្សា​សន្តិសុខជាតិ​អាមេរិក​បាន​ជួប​ជាមួយ​លោក Ron Dermer រដ្ឋមន្ត្រី​កិច្ចការ​យុទ្ធសាស្ត្រ​អ៊ីស្រាអែល​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន។ មន្ត្រី​សេតវិមាន​បាន​ប្រាប់​វីអូអេ​ថានៅ​ក្នុង​ជំនួប​នោះ មាន​ការពិភាក្សា​អំពី​បញ្ហា​នៅ​តំបន់​ហ្កាហ្សា ដោយ​ផ្ដោតលើ​ការផ្លាស់​ប្ដូរ​ទៅ​កាន់​ដំណាក់​កាល​ថ្មី​នៃ​សង្គ្រាម​ដើម្បី​ផ្ដោត​គោលដៅ​សំខាន់​ទៅ​លើ​ក្រុម​ហាម៉ាស់​និង​វិធានការ​ជាក់ស្ដែង​ដើម្បី​ធ្វើ​ឲ្យ​ប្រសើរឡើង​ដល់​ស្ថានភាព​មនុស្សធម៌ និង​កាត់​បន្ថយ​ការគ្រោះ​ថ្នាក់​លើ​ជនស៊ីវិល​ឱ្យ​នៅ​ទាប​បំផុត។

នេះ​ជា​ជំនួប​ថ្មីៗ​បំផុត​របស់​ជំនួយការ​ជាន់​ខ្ពស់​លោកBidenក្នុង​ទំនាក់​ទំនង​ការទូត​រយៈ​ពេល​មួយ​ខែ​ជាមួយ​ភាគី​ពាក់ព័ន្ធ​នៅ​តំបន់​នេះ​ដើម្បី​ជំរុញ​ឲ្យ​មាន​ការ​បញ្ជូន​ជំនួយ​បន្ថែម​ទៀត​ទៅ​តំបន់​ហ្កាហ្សា និង​ដើម្បី​ទទួល​បាន​កិច្ចព្រមព្រៀង​ដោះ​លែង​ចំណាប់​ខ្មាំង ទោះបីជា​អាមេរិក​បន្ត​ផ្ដល់​ជំនួយ​យោធា​និង​គាំទ្រ​ផ្នែក​ការទូត​សម្រាប់​អ៊ីស្រា អែល​ក៏ដោយ។

នៅ​ឯ​អង្គការ​សហប្រជាជាតិ អ្នកស្រី Linda Thomas-Greenfield ​ឯក​អគ្គរដ្ឋទូត​សហ រដ្ឋ​អាមេរិក​បាន​ធ្វើការ​ជាមួយ​រដ្ឋ​អារ៉ាប់​មួយ​ចំនួន​ដើម្បី​រៀបចំ​ពាក្យពេចន៍​សម្រាប់​សេច ក្ដី​សម្រេច​មួយ​ស្ដីអំពី​ការឈប់​បាញ់​បណ្ដោះ​អាសន្ន​ និង​យន្តការ​ផ្ដល់​ជំនួយ​មនុស្សធម៌។ រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​អាច​នឹង​ប្រកាន់​ជំហរ​អនុបវាទដើម្បី​អនុញ្ញាត​ឱ្យក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ចេញ​សេចក្ដី​សម្រេច​នេះ។

សហរដ្ឋ​អាមេរិក​ និងអ៊ីស្រាអែល​និយាយ​ថា ប្រសិន​មាន​បទឈប់បាញ់​នៅ​ពេល​នេះ វា​អាច​ឲ្យ​ក្រុម​ហាម៉ាស់​កសាង​កម្លាំង​ពួកគេ​ឡើងវិញ។

ចាប់តាំង​ពី​ថ្ងៃទី៩ ខែតុលា ការវាយប្រហារ​តាម​យន្តហោះ​និង​នៅ​លើ​ដី​បាន​សម្លាប់​មនុស្ស​ជិត២ម៉ឺន១ពាន់​នាក់​នៅ​តំបន់​ហ្កាហ្សា។ នេះ​បើ​តាម​អាជ្ញាធរ​សុខាភិបាល​តំបន់​ហ្កាហ្សា។ ការ​វាយប្រហារ​របស់​ក្រុម​ហាម៉ាស់​ទៅលើ​ប្រទេស​អ៊ីស្រាអែល​កាល​ពី​ថ្ងៃ​ទី៧ ខែតុលា បាន​សម្លាប់​មនុស្ស១ពាន់២រយ​នាក់។ អំពើ​ហិង្សា​នេះ​គឺជា​ព្រឹត្តិការណ៍​បង្ហូរឈាម​ធ្ងន់ធ្ងរ​មួយ​នៃ​ជម្លោះ​ទឹកដី​ដែល​កើត​ឡើង​ជាច្រើន​ទសវត្សរ៍​មកហើយ​រវាង​ពលរដ្ឋ​អ៊ីស្រាអែល​និង​ប៉ាឡេស្ទីន៕

ប្រែសម្រួល​ដោយ​លោក នៀម ឆេង