សេតវិមានបាននិយាយកាលពីថ្ងៃសុក្រថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden បានជ្រើសរើសចៅក្រមសាលាឧទ្ធរណ៍សហព័ន្ធលោកស្រី Ketanji Brown Jackson សម្រាប់ការតែងតាំងឱ្យក្លាយជាស្ត្រីអាមេរិកាំងស្បែកខ្មៅដំបូងសម្រាប់តំណែងចៅក្រមនៅតុលាការកំពូលសហរដ្ឋអាមេរិក។ ការសម្រេចនេះនឹងចាប់ផ្តើមការជជែកគ្នាយ៉ាងខ្លាំងក្នុងព្រឹទ្ធសភាដ៏បែកបាក់គ្នារវាងគណបក្សទាំងពីរ នៅក្នុងនីតិវិធីសម្រេចលើការតែងតាំងនេះ។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។
លោក Biden បានសម្រេចជ្រើសរើសយកលោកស្រី Jackson អាយុ៥១ឆ្នាំ សម្រាប់តំណែងចៅក្រមតុលាការកំពូលពេញមួយជីវិតនេះ ដើម្បីជំនួសចៅក្រមចូលនិវត្តន៍លោក Stephen Breyer អាយុ៨៣ ឆ្នាំ ដែលមានវ័យចំណាស់ជាងគេក្នុងចំណោមចៅក្រមតុលាការកំពូលនេះ។ ក្នុងចំណោមចៅក្រមទាំង១១៥រូបដែលធ្លាប់កាន់តំណែងនៅតុលាការកំពូលនេះ មានចៅក្រមស្បែកខ្មៅតែពីររូបប៉ុណ្ណោះ ហើយសុទ្ធតែជាបុរស។
ពេលវេលានៃការប្រកាសការតែងតាំងរបស់លោក Biden នេះ មានការប្រែប្រួលដោយសារការឈ្លានពានរបស់រុស្ស៊ីទៅលើអ៊ុយក្រែន។
សេតវិមានបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «លោកប្រធានាធិបតី Biden បានស្វែងរកបេក្ខជនដែលមានគុណវុឌ្ឍិដាច់គេ ដែលមានបុគ្គលិកលក្ខណៈល្អឥតខ្ចោះ និងការប្តេជ្ញាចិត្តឥតងាករេចំពោះនីតិរដ្ឋ»។
ប្រសិនបើព្រឹទ្ធសភាយល់ព្រមលើបេក្ខភាពរបស់លោកស្រី Jackson លោកស្រីនឹងក្លាយជាស្ត្រីទី៦ដែលបម្រើការងារក្នុងតុលាការកំពូលអាមេរិក ដែលបច្ចុប្បន្ននេះកំពុងមានចៅក្រមស្ត្រីចំនួន៣រូប។ លោកស្រីនឹងចូលរួមខាងក្រុមចៅក្រមសេរីនិយម ដែលមានចៅក្រម៣រូបទល់នឹងចៅក្រមអភិរក្សនិយមភាគច្រើនចំនួន៦រូប ក្នុងនោះ៣រូបត្រូវបានតែងតាំងដោយអតីតប្រធានាធិបតី លោក Donald Trump៕
ប្រែសម្រួលដោយលោក សឹង សុផាត