ដោយរងសម្ពាធពាក់ព័ន្ធនឹងការដោះស្រាយបញ្ហាអតិផរណា ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានរិះគន់ខ្លាំងៗកាលពីថ្ងៃចន្ទលើគណបក្សសាធារណរដ្ឋ ដោយបានព្រមានថា ផែនការសេដ្ឋកិច្ចរបស់គណបក្សនេះនឹងបង្កឱ្យមានភាពចលាចលនៅក្នុងសហរដ្ឋអាមេរិក ប្រសិនបើគណបក្សនេះឈ្នះបានការគ្រប់គ្រងសភានៅក្នុងការបោះឆ្នោតពាក់កណ្ដាលអាណត្តិប្រធានាធិបតីនៅថ្ងៃទី ៨ ខែវិច្ឆិកាខាងមុខ។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។
លោក Biden បានថ្លែងដូច្នេះ នៅពេលដែលលោកបង្ហាញខ្លួននៅពីមុខក្រុមបុគ្គលិកវ័យក្មេងដ៏ស្វាហាប់របស់គណៈកម្មាធិការជាតិគណបក្សប្រជាធិបតេយ្យ (DNC) នៅឯទីស្នាក់ការកណ្ដាលរបស់គណៈកម្មាធិការនេះ។
ដោយមានរយៈពេលប្រហែលតែ ២ សប្ដាហ៍ទៀតប៉ុណ្ណោះមុនការបោះឆ្នោតពាក់កណ្ដាលអាណត្តិប្រធានាធិបតីចូលមកដល់ ការស្ទង់មតិកន្លងមកបានបង្ហាញថានៅក្នុងការបោះឆ្នោតនេះ គណបក្សសាធារណរដ្ឋមានប្រៀបជាងគណបក្សប្រជាធិបតេយ្យសម្រាប់អាសនៈរដ្ឋសភានិងមានការប្រជែងប្រកៀកប្រកិតគ្នាសម្រាប់អាសនៈព្រឹទ្ធសភា។
លោក Biden បានលើកឡើងអំពីការបញ្ជាក់របស់ថ្នាក់ដឹកនាំសភាខាងគណបក្សសាធារណរដ្ឋដែលថាពួកគេប្រហែលជានឹងមិនព្រមអនុម័តឱ្យមានការបង្កើនកម្រិតបំណុលរបស់សហរដ្ឋអាមេរិកនៅឆ្នាំក្រោយនោះឡើយ។ ការធ្វើដូច្នេះអាចបណ្ដាលឱ្យសហរដ្ឋអាមេរិកមិនអាចសងបំណុលរបស់ខ្លួនបាន ប្រសិនបើគណបក្សសាធារណរដ្ឋមិនកាត់បន្ថយអាទិភាពចំណាយមួយចំនួនរបស់លោក Biden។
លោក Biden បាននិយាយដូច្នេះថា៖ «គណបក្សសាធារណរដ្ឋបានតាំងចិត្តយកសេដ្ឋកិច្ចធ្វើជាចំណាប់ខ្មាំង។ វាគ្មានអ្វីដែលបង្កឱ្យមានភាពចលាចលជាងរឿងនេះទេ។ ...គណបក្សសាធារណរដ្ឋនឹងធ្វើឱ្យសេដ្ឋកិច្ចខូចខ្ទេចខ្ទាំ»។
លោក Biden បានបន្ថែមថា លោកនឹងមិនឯកភាពតាមការព្យាយាមណាមួយរបស់គណបក្សសាធារណរដ្ឋដែលចង់ឱ្យកាត់បន្ថយកម្មវិធីចំណាយមួយចំនួនដូចជាកម្មវិធីផលប្រយោជន៍សន្តិសុខសង្គមសម្រាប់អ្នកចូលនិវត្តន៍ជាដើមនោះឡើយ។
ទិន្នន័យស្ទង់មតិរបស់ Reuters/Ipsons បានបង្ហាញថា ពលរដ្ឋអាមេរិកាំងមានការខ្វាយខ្វល់ខ្លាំងបំផុតរឿងអតិផរណា និងបន្ទាប់មករឿងការងារ អំពើហិង្សាដោយសារកាំភ្លើង និងសិទ្ធិរំលូតកូន។
គណៈកម្មាធិការជាតិគណបក្សសាធារណរដ្ឋបានច្រានចោលការលើកឡើងរបស់លោក Biden នេះ ដោយអ្នកស្រី Emma Vaugh ដែលជាអ្នកនាំពាក្យគណៈកម្មាធិការនេះ បាននិយាយថា៖ «អ្នកបោះឆ្នោតដឹងថា នៅពេលគណបក្សប្រជាធិបតេយ្យគ្រប់គ្រងរដ្ឋាភិបាល សហរដ្ឋអាមេរិកជួបបញ្ហាតម្លៃទំនិញឡើងថ្លៃ ឧក្រិដ្ឋកម្មច្រើនជាងមុន ហើយប្រទេសជាតិតម្រង់ឆ្ពោះទៅរកទិសដៅខុស»៕
វ៉ាស៊ីនតោន —