លោក Biden ថា ការ​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ១៩ គឺ «ដូច​ធ្វើ​សង្គ្រាម​អញ្ចឹង​ដោយ​ត្រូវការ​អគ្គ​មេបញ្ជាការ»

លោក Joe Biden ដែល​ត្រូវ​គេ​ព្យាករណ៍​ថា​ជា​ប្រធានាធិបតី​ជាប់​ឆ្នោត​របស់​សហរដ្ឋ​អាមេរិក ថ្លែងនៅក្នុងសន្និសីទមួយនៅទីក្រុង Wilmington រដ្ឋ Delaware កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០។

លោក Joe Biden ដែល​ត្រូវ​គេ​ព្យាករណ៍​ថា​ជា​ប្រធានាធិបតី​ជាប់​ឆ្នោត​របស់​សហរដ្ឋ​អាមេរិក បាន​ប្រកាស​កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ​ថា ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ១៩ «គឺ​ដូច​ធ្វើ​សង្គ្រាម​អញ្ចឹង​ដោយ​ត្រូវការ​អគ្គ​មេបញ្ជាការ»។

លោក Biden ត្រូវ​គេ​រំពឹង​ថា ​នឹង​ស្បថ​ចូល​កាន់​តំណែង​ជា​ប្រធានាធិបតី​ទី ៤៦ បន្ត​ពី​លោក​ប្រធានាធិបតី Donald Trump នៅ​ថ្ងៃ​ទី២០ ខែ​មករា​ខាង​មុខ។

ក្នុង​អំឡុង​ពេល​នៃ​ការ​ពិភាក្សា​តុ​មូល​តាម​អនឡាញ​ជាមួយ​បុគ្គលិក​សុខាភិបាល​ជួរ​មុខ ដែល​លោក​បាន​សរសើរ​ថា​ជា​វីរជន​ដែល​កំពុង​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ១៩ លោក Biden បាន​ទស្សន៍ទាយ​ថា៖ «ខ្ញុំ អាច​នឹង​មាន​កំហុស។ ប៉ុន្តែ ខ្ញុំ​សន្យា​ជាមួយ​អ្នក​ថា ខ្ញុំ​នឹង​ទទួល​ស្គាល់​កំហុស​ទាំង​នោះ​ នៅ​ពេល​ដែល​ខ្ញុំ​ប្រព្រឹត្តខុស ហើយ​ខ្ញុំ​នឹង​ទទួល​ខុសត្រូវ [ចំពោះ​អ្វី​ដែល​ខ្ញុំ​បាន​ធ្វើ]»។

លោក Biden បាន​និយាយ​ថា នៅពេល​ដែល​លោក​ចូល​កាន់​តំណែង លោក​នឹង​ជំរុញ​ឲ្យ​អភិបាល​រដ្ឋ​នានា​ដាក់​កំហិត​ឲ្យ​អនុវត្ត​ការ​ពាក់​ម៉ាស់ ការ​ធ្វើ​តេស្ត ការ​តាមដាន​រក​អ្នក​ដែល​ប្រាស្រ័យ​ទាក់ទង​នឹង​អ្នក​ឆ្លង​ជំងឺ​កូវីដ១៩ និង​ការ​រក្សា​គម្លាត​ពី​គ្នា។

លោក Biden បាន​បន្ថែម​ថា វា​ក៏​សំខាន់​ផងដែរ​នៅ​ក្នុង​ការ​ស្វែងរក​មធ្យោបាយ​ឲ្យ​សិស្ស​អាច​ត្រឡប់​ទៅ​ចូល​រៀន​ដោយ​ផ្ទាល់​នៅ​ក្នុង​ថ្នាក់​ឡើង​វិញ ដោយសារតែ «ពួកគេ​អាច​នឹង​មិន​តាម​ទាន់​ទំនោរ​បច្ចុប្បន្ន» ដោយ​ពួកគេ​បាត់បង់​ពេល​រៀន​នៅ​ក្នុង​ថ្នាក់​ផ្ទាល់​ជា​ច្រើន ​ដោយសារតែ​ការ​ឆ្លង​រាតត្បាត​នៃ​ជំងឺ​កូវីដ១៩។

នៅ​ក្នុង​សហរដ្ឋ​អាមេរិក មក​ទល់​នឹង​ពេល​នេះ មាន​មនុស្ស​ជាង ១១ លាន ៥ សែន​នាក់ បាន​ធ្វើ​តេស្ត​ឃើញ​ថា​ឆ្លង​ជំងឺ​កូវីដ១៩ ហើយ​មនុស្ស​ជាង ២៥០.០០០ នាក់ បាន​ស្លាប់​ដោយសារ​ជំងឺ​នេះ។ នេះ​បើ​យោង​តាម​ទិន្នន័យ​របស់​សាកល​វិទ្យាល័យ Johns Hopkins