លោក Biden ដាក់​ទណ្ឌកម្ម​លើ​ក្រុម​តាំង​ទីលំនៅ​ថ្មី​ដែល​បង្ក​អំពើហិង្សា​ ក្នុង​ទស្សនកិច្ច​នយោបាយ​មួយ​ទៅ​កាន់​រដ្ឋ ​Michigan

រូបឯកសារ៖ លោកប្រធានាធិបតី Joe Biden ថ្លែង​នៅ​ក្នុងកម្មវិធី National Prayer Breakfast ​នៅ​វិមាន​កាពីតូល ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​​លោក​ Joe Biden​​ ​ បាន​ធ្វើ​ទស្សនកិច្ច​ក្នុង​រដ្ឋ  Michigan ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ ដើម្បី​ជួប​ជាមួយ​សហជីព​កម្មករ​ផលិត​រថយន្ត​ ដែល​ជា​សកម្មភាព​ដ៏​​សំខាន់​មួយ​សម្រាប់​ជួយ​លោក​ក្នុង​ការ​ជាប់ឆ្នោត​​​ជាថ្មី​​​ឡើងវិញ​​​ នៅ​ក្នុង​រដ្ឋ​ដែល​មិន​ទាន់​មាន​ការ​សម្រេច​ចិត្ត​​​ថា​តើ​ត្រូវ​បោះ​ឱ្យ​បេក្ខជន​ណា​មួយ​នៅ​ឡើយ​នោះ​ និង​ជា​រដ្ឋ​ដែល​មាន​ពលរដ្ឋអាមេរិកាំង​ដើម​កំណើត​អារ៉ាប់​ច្រើន​គេ​បំផុត​ក្នុង​សហរដ្ឋ​អាមេរិក។​

ប្រធានាធិបតី​សហរដ្ឋ​អាមេរិកលោក​ Joe Biden ​ បាន​ធ្វើ​ទស្សនកិច្ច​ក្នុង​រដ្ឋ Michigan ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ ដើម្បី​ជួប​ជាមួយ​សហជីព​កម្មករ​ផលិត​រថយន្ត​ ដែល​ជា​សកម្មភាព​ដ៏សំខាន់​មួយ​សម្រាប់​ជួយ​លោក​ក្នុង​ការ​ជាប់ឆ្នោត​ជាថ្មី​ឡើងវិញ​ នៅ​ក្នុង​រដ្ឋ​ដែល​មិន​ទាន់​មាន​ការ​សម្រេច​ចិត្ត​ថា​តើ​ត្រូវ​បោះ​ឱ្យ​បេក្ខជន​ណា​មួយ​នៅ​ឡើយ​នោះ​ និង​ជា​រដ្ឋ​ដែល​មាន​ពលរដ្ឋអាមេរិកាំង​ដើម​កំណើត​អារ៉ាប់​ច្រើន​គេ​បំផុត​ក្នុង​សហរដ្ឋ​អាមេរិក។​ ​

ក្នុង​ថ្ងៃ​ដដែល​នោះ​ដែរ​ លោកក៏​បាន​ចេញ​បទបញ្ជា​នីតិប្រតិបត្តិ​មួយ​ ដើម្បី​ដាក់​ទណ្ឌកម្មបុគ្គលតាំង​ទី​លំនៅថ្មី​មួយ​ចំនួន​ ដែល​គាំទ្រអំពើ​ហិង្សា​ប្រឆាំង​ពលរដ្ឋ​ប៉ាឡេស្ទីន​ក្នុង​តំបន់​West Bank ផង​ដែរ។

រដ្ឋបាល​លោក Biden ​បាន​និយាយ​ថា​ សកម្មភាព​នេះ​ឆ្លុះបញ្ចាំងពី​យុទ្ធវិធី​ជា​ប្រវត្តិសាស្ត្រ​ចំពោះ​សង្គ្រាម​រវាង​អ៊ីស្រាអែល​និង​ក្រុមហាម៉ាស់​ក្នុង​តំបន់​ហ្កាហ្សា​ ​ដែល​បាន​នាំ​ឱ្យ​មាន​អំពើ​ហិង្សា​កើនកាន់​តែ​ខ្លាំង​ឡើង​ក្នុង​តំបន់​ West Bank​ ដែល​ជា​តំបន់ដែល​មាន​ពលរដ្ឋ​ប៉ាឡេស្ទីន​កំពុង​រស់​នៅ​ផ្សេង​មួយ​ទៀត។

«លោក​ប្រធានាធិបតី Biden​ ក៏​បាន​និយាយ​ផង​ដែរ ពី​ការបារម្ភ​របស់​លោក​ចំពោះ​អំពើ​ហិង្សា​កើន​ឡើង​ក្នុង​តំបន់​ West Bank ដែល​បង្ក​ឡើង​ដោយ​បុគ្គលជ្រុល​និយម​មួយ​ចំនួន​ ជា​ពិសេស​ការកើន​ឡើង​អំពើ​ហិង្សា​ដែល​បង្ក​ដោយអ្នកតាំង​ទី​លំនៅ​ថ្មី​ជ្រុលនិយម​ ដែលកើន​ឡើងខ្ពស់មិន​ធ្លាប់​មាន​ក្នុង​ឆ្នាំ​២០២៣»។​ នេះ​បើ​តាម​ការលើក​ឡើង​របស់ទីប្រឹក្សា​សន្តិសុខ​ជាតិ​អាមេរិក​លោក​Jake Sullivan នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយកាល​ពី​ថ្ងៃ​ព្រហស្បតិ៍។​ ​

ក្រុម​មន្ត្រី​សេតវិមាន​និយាយ​ថា​ បទបញ្ជា​នីតិ​ប្រតិបត្តិនេះ ​ត្រូវ​បាន​រៀប​ចំ​ជា​យូរ​មក​ហើយ​ និង​បាន​បដិសេធ​ថា​ វា​ត្រូវ​បាន​ដាក់​ចេញ​ជួន​គ្នានឹង​ដំណើរ​ទស្សនកិច្ច​របស់​លោកBiden ​ស្រប​ពេល​ដែល​មាន​ការ​ខឹង​សម្បារ​ពី​ពលរដ្ឋអាមេរិកាំងមាន​ដើម​កំណើតអារ៉ាប់​និង​មូស្លីម​ ក៏​ដូច​ជាអ្នកប្រជាធិបតេយ្យ​និយម​វ័យ​ក្មេង​ជា​ច្រើន​នាក់ផង​ដែរ​ ជុំវិញ​ការគាំទ្រ​ដ៏​ខ្លាំងក្លារបស់​លោក Biden លើ​យុទ្ធនាការ​យោធា​របស់​អ៊ីស្រាអែលក្នុង​តំបន់​ហ្កាហ្សា។ លោក Biden បាន​លើកឡើង​ជា​ដំបូង​ពី​ការ​បារម្ភ​របស់​លោកចំពោះ​ពលរដ្ឋ​ប៉ាឡេស្ទីន​ក្នុង​តំបន់ West Bank ដែល​រង​ការវាយប្រហារ​ពីក្រុម​ដែល​លោក​ហៅ​ថា​ ជា​ក្រុម​តាំង​ទី​លំនៅថ្មី​«ជ្រុល​និយម»​អ៊ីស្រាអែល​កាលពី​ចុង​ខែ​តុលាកន្លង​ទៅ​ ​គឺ​តែ​ពីរបី​សប្តាហ៍​ប៉ុណ្ណោះ​ ក្រោយ​ក្រុមហាម៉ាស់​វាយប្រហារ​លើ​អ៊ីស្រាអែល​កាល​ពី​ថ្ងៃ​៧​ ខែ​តុលា៕