ព័ត៌មាននៃការសម្រេចចិត្តរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden ដើម្បីបញ្ចប់យុទ្ធនាការឈរឈ្មោះបោះឆ្នោតម្តងទៀតរបស់លោក បានក្លាយជាប្រធានបទដ៏ខ្លាំងនៅលើបណ្តាញព័ត៌មានសង្គមចិនកាលពីថ្ងៃចន្ទ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយកាលពីរសៀលថ្ងៃអាទិត្យម៉ោងនៅសហរដ្ឋអាមេរិក លោក Biden បានប្រកាសពីការសម្រេចចិត្តរបស់លោកមិនឈរឈ្មោះអាណត្តិទី ២ ហើយបានសន្យានឹងផ្តោតលើថាមពលរបស់លោកលើការបំពេញតួនាទីរបស់លោកជាប្រធានាធិបតី។
រហូតមកទល់ពេលនេះ រដ្ឋាភិបាលចិននៅតែរក្សាការស្ងៀមស្ងាត់អំពីការសម្រេចចិត្តនេះ។ នៅឯសន្និសីទកាសែតប្រចាំថ្ងៃកាលពីថ្ងៃចន្ទ អ្នកនាំពាក្យក្រសួងការបរទេសចិនអ្នកស្រី Mao Ning បានបដិសេធមិនធ្វើអត្ថាធិប្បាយ ហើយបាននិយាយថា៖ «ការបោះឆ្នោតប្រធានាធិបតីជាកិច្ចការផ្ទៃក្នុងរបស់សហរដ្ឋអាមេរិក»។
ទោះជាយ៉ាងណាក៏ដោយ នៅលើប្រព័ន្ធអនឡាញ ប្រធានបទ «លោក Biden ដកខ្លួនចេញពីការបោះឆ្នោត» បានទាក់ទាញអ្នកមើលជាង៤០០លាននៅលើបណ្តាញមីក្រូប្លុក Weibo របស់ចិននិងអត្ថាធិប្បាយរាប់ពាន់។
ប្រធានបទផ្សេងទៀតក៏ត្រូវចែកចាយយ៉ាងខ្លាំងដែរ។ ប្រធានបទនានាដូចជា «លោក Zelenskyyគោរពការសម្រេចចិត្តរបស់លោក Biden ដើម្បីដកខ្លួនចេញពីការបោះឆ្នោត» លោកស្រី Harrisសរសើរលោក Biden» និង«លោក Trump គិតថាលោកស្រី Harris ងាយស្រួលដើម្បីផ្តួលជាង» ដែលទាំងអស់នេះជាប្រធានបទធំៗបំផុតចំនួន ២០ នៅក្នុងស្វែងរកកាលពីថ្ងៃចន្ទនៅលើបណ្តាញសង្គម Weibo ដែលមានលក្ខណៈស្រដៀងគ្នាទៅនឹងបណ្តាញសង្គម X។
បណ្តាញព័ត៌មានសង្គមជាច្រើននៅក្នុងប្រទេសចិន រួមមានទីភ្នាក់ងារព័ត៌មានដែលរៀបចំចាត់ចែងដោយរដ្ឋស៊ីនហួ People's Daily និង Global Times បានរាយការណ៍ពីការដកខ្លួនរបស់លោក Biden ពីការប្រកួតប្រជែងនេះ។
ពលរដ្ឋចិនជាច្រើនបានសម្តែងនូវទស្សនៈថា ការសម្រេចចិត្តរបស់លោក Biden ប្រាកដជានឹងធ្វើឱ្យលោក Trump ឈ្នះការបោះឆ្នោតនៅក្នុងខែវិច្ឆិកា ខណៈដែលអ្នកខ្លះទៀតនិយាយថា អ្វីៗបានផ្លាស់ប្តូរភ្លាមៗសម្រាប់ប្រទេសអ៊ុយក្រែន ដែលយោងដល់ការរិះគន់ម្តងហើយម្តងទៀតរបស់លោក Trump ដល់ជំនួយយោធារបស់សហរដ្ឋអាមេរិកដល់អ៊ុយក្រែន។ ពលរដ្ឋចិនម្នាក់ឈ្មោះ Yo-Huai-To-Bi មកពីខេត្ត Shandong ភាគឦសាន្តបានសរសេរនៅលើបណ្តាញសង្គម Weibo ថា«យប់នេះនឹងក្លាយជាយប់ដេកមិនលក់សម្រាប់លោក Zelenskyy»។
ពលរដ្ឋចិនផ្សេងទៀតបានជជែកឱ្យហេតុផលថា សហរដ្ឋអាមេរិក នឹងបន្តប្រកួតប្រជែងជាមួយចិនហើយនឹងព្យាយាមខ្ទប់ការងើបឡើងរបស់ចិន ទោះជានរណាឈ្នះការបោះឆ្នោតនៅក្នុងខែវិច្ឆិកាក៏ដោយ។
ពលរដ្ឋម្នាក់ហៅថា «BIGTREE33» មកពីខេត្ត Fujian ភាគខាងអាគ្នេយ៍បានសរសេរនៅលើបណ្តាញសង្គម Weibo ថា៖ «យើងមិនគួរសប្បាយរីករាយអំពីព័ត៌មាននេះទេ ពីព្រោះលោក Trump ទំនងនឹងបន្តយុទ្ធសាស្ត្ររបស់លោក Biden ចំពោះប្រទេសចិន ហើយលោកប្រហែលដាក់ចេញវិធានការកាន់តែខ្លាំងឡើង»។
អ្នកធ្វើអត្ថាធិប្បាយចិនខ្លះបាននិយាយថា គណបក្សប្រជាធិបតេយ្យនឹងមានឱកាសតិចតួចបំផុតដើម្បីឈ្នះការបោះឆ្នោតប្រធានាធិបតីនៅក្នុងខែវិច្ឆិកា ដោយគ្មានលោក Biden ។
អ្នកស្រី Jia Min ជាអ្នកស្រាវជ្រាវនៅឯមូលនិធិស្រាវជ្រាវអភិវឌ្ឍន៍ក្រុងសៀងហៃ បានប្រាប់បណ្តាញព័ត៌មាន Shanghai Morning News នៅក្នុងវីដេអូមួយថា៖ «មិនមានភាគីណាមួយនៅក្នុងគណបក្សប្រជាធិបតេយ្យអាចស្ថាបនាឡើងវិញនូវយុទ្ធនាការមួយដែលអាចប្រកួតប្រជែងលោក Trump នៅក្នុងពេលដ៏ខ្លី បន្ទាប់ពីលោក Biden បានដកខ្លួនចេញពីការប្រកួតប្រជែង ពួកគណបក្សប្រជាធិបតេយ្យនឹងវិលត្រឡប់ទៅកាន់ស្ថានភាពបែកបាក់យ៉ាងខ្លាំង»។
លោក Hu Xijin ជាអតីតនិពន្ធនាយកកាសែត Global Times របស់រដ្ឋចិន បានសរសេរនៅលើបណ្តាញសង្គម X ថា នរណាក្លាយជាបេក្ខជនប្រធានាធិបតីគណបក្សប្រជាធិបតេយ្យក៏ដោយ នឹងធ្វើឱ្យមានការប្រែប្រួលបន្តិចបន្តួចប៉ុណ្ណោះដល់ការប្រកួតប្រជែងប្រធានាធិបតីនៅក្នុងខែវិច្ឆិកា។
លោកបានសរសេរទៀតថា៖ «ពីព្រោះបុគ្គលិកលក្ខណៈរបស់លោក Trump មានលក្ខណៈលេចធ្លោយ៉ាងខ្លាំង ពួកអ្នកបោះឆ្នោតអាមេរិកាំងឥឡូវនេះត្រូវបានបែងចែកទៅជា ២ ក្រុមគឺក្រុមស្រឡាញ់លោក Trump និងក្រុមអ្នកស្អប់លោក Trump។ ការបោះឆ្នោតនៅក្នុងខែវិច្ឆិកានឹងក្លាយជាការជ្រើសរើសរវាងលោក Trump ឬ «បេក្ខជនណាម្នាក់ទៀត»។
លោកស្រី Harris តទល់នឹងលោក Trump
ក្រោយពីលោក Biden បានផ្តល់ការគាំទ្រដល់អនុប្រធានាធិបតីសហរដ្ឋអាមេរិកលោកស្រី Kamala Harris ដើម្បីក្លាយជាបេក្ខជនប្រធានាធិបតីសម្រាប់គណបក្សប្រជាធិបតេយ្យមក ហើយលោកស្រី Harris បានសន្យានឹងទទួលបានការតែងតាំងជាបេក្ខជនខាងគណបក្សប្រជាធិបតេយ្យមក ប្រធានបទ«តើលោកស្រី Harris អាចផ្តួលលោក Trump ដែរឬទេ» ភ្លាមៗ បានក្លាយជាប្រធានបទដ៏ពេញនិយមមួយនៅលើបណ្តាញសង្គម Weibo។
ពលរដ្ឋចិនកាន់តែច្រើនឡើងហាក់ដូចជាជឿថា លោកស្រី Harris មានឱកាសតិចតួចដើម្បីផ្តួលលោក Trump នៅក្នុងការបោះឆ្នោតប្រធានាធិបតី។ ពលរដ្ឋចិនម្នាក់ដែលបានដាក់ឈ្មោះថា «Falling in Love with Jia-tze-hu» មកពីខេត្ត Shandong បានសរសេរនៅលើបណ្តាញសង្គម Weibo ថា៖ «ប្រសិនបើលោកស្រី Hillary Clinton មិនអាចផ្តួលលោក Trump នៅពេលនោះផង នោះលោកស្រី Harris គ្រាន់តែជាការកំប្លែងប៉ុណ្ណោះ»។
អ្នកវិភាគចិនខ្លះបាននិយាយថា លោកស្រី Harris ខ្វះបទពិសោធន៍និងថ្វីដៃដើម្បីធ្វើជាប្រធានាធិបតីថ្មីរបស់សហរដ្ឋអាមេរិក។
លោក Sun Chenghao ជាអ្នកស្រាវជ្រាវនៅឯមជ្ឈមណ្ឌលសម្រាប់សន្តិសុខនិងយុទ្ធសាស្ត្រអន្តរជាតិនៅឯសាកលវិទ្យាល័យ Tsinghua ក្នុងទីក្រុងប៉េកាំងបានប្រាប់បណ្តាញព័ត៌មានអនឡាញដែលមានឈ្មោះ Paper ថា៖ «បើក្រឡេកមើលប្រវត្តិទាំងអស់របស់លោកស្រី Harris ការបំពេញការងាររបស់លោកស្រីជាអនុប្រធានាធិបតីមិនមានអ្វីល្អប្រសើរនោះទេ ហើយលោកស្រីមិនបានបញ្ចេញថ្វីដៃផ្តល់លទ្ធផលគាប់ប្រសើនោះទេ»៕
ប្រែសម្រួលដោយលោក ជឹង ប៉ូជីន