លោក Biden ចេញ​វិធានការ​ការពារ​ប្រាក់​ថែមម៉ោង​សម្រាប់​អ្នក​ធ្វើការ​អាមេរិកាំង ៤ លាន​នាក់

  • ​Reuters

​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden ថ្លែង​នៅ​បន្ទប់ការទូត​ក្នុង​សតវិមាន​កាលពីថ្ងៃព្រហស្បតិ៍​ទី​៨ កុម្ភៈ ឆ្នាំ​២០២៤។ (AP Photo/Evan Vucci)

រដ្ឋបាល​របស់​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden កាលពី​ថ្ងៃ​ទី ២៣ ខែ​មេសា​បាន​ចេញ​វិធានការ​ការពារ​ប្រាក់​ថែមម៉ោង​សម្រាប់​បុគ្គលិក​ធ្វើ​ការងារ​ប្រាក់​បៀវត្សរ៍​ចំនួន​ប្រមាណ ៤ លាន​នាក់។ វិធានការ​នេះ​គឺ​ហួស​ពី​វិធានការ​សម័យ​លោក​អតីត​ប្រធានាធិបតី Barack Obama ដែល​ត្រូវបាន​តុលាការ​ច្រានចោល​ទៅទៀត។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន Reuters។

ច្បាប់​ក្រសួង​ការងារ​សហរដ្ឋ​អាមេរិក​នឹង​តម្រូវ​ឱ្យ​និយោជក​បង់​ប្រាក់​ធ្វើការ​ថែមម៉ោង​ដែល​លើស​ប្រាក់​ឈ្នួល​ធ្វើការ​ម៉ោង​ធម្មតា​ដល់​អ្នក​ដែល​ទទួល​បាន​ប្រាក់​បៀវត្សរ៍​តិច​ជាង ១.១២៨ ដុល្លារ​ក្នុង​មួយ​សប្តាហ៍ ឬ​ប្រមាណ ៥៨.៦០០ ដុល្លារ​ក្នុងមួយ​ឆ្នាំ នៅពេល​ពួកគេ​ធ្វើការ​លើស ៤០ ម៉ោង​ក្នុង​មួយ​សប្តាហ៍។

កម្រិត​ប្រាក់​បៀវត្សរ៍​បច្ចុប្បន្ន​ប្រមាណ ៣៥.៥០០ ដុល្លារ​ក្នុង​មួយ​ឆ្នាំ​ត្រូវបាន​កំណត់​ដោយ​រដ្ឋបាល​លោក Trump ក្នុង​ឆ្នាំ ២០២០ ដែល​ក្រុម​អ្នកតស៊ូមតិ​និង​សមាជិក​គណបក្ស​ប្រជាធិបតេយ្យ​ជាច្រើន​ថា​នៅ​មាន​កម្រិត​ទាប​ខ្លាំង។

ច្បាប់​នោះ​មិន​ប៉ះពាល់​ដល់​លក្ខខណ្ឌ​តម្រូវ​រឿង​ធ្វើការ​ថែមម៉ោង​របស់​អ្នក​ដែល​ទទួល​បាន​ប្រាក់​បៀវត្សរ៍​គិត​តាម​ម៉ោង​ធ្វើការ​នោះទេ។

អ្នកស្រី Julie Su ដែល​ជា​រដ្ឋមន្ត្រី​ស្តីទី​នៃ​ក្រសួង​ការងារ​និង​ជា​បេក្ខជន​ដែល​លោក Biden ស្នើ​តែងតាំង​សម្រាប់​តំណែង​នេះ បាន​បញ្ជាក់​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ថា វិធានការ​នេះ​ធានា​ថា​អ្នកធ្វើការ​នឹង​អាច​រក​ប្រាក់​បាន​ច្រើន​ជាងមុន​ឬ​ទទួល​បាន​ប្រាក់​បៀវត្សរ៍​ដដែល​ប៉ុន្តែ​ធ្វើការ​តិចម៉ោង​ជាងមុន។

អ្នកស្រី Su ថ្លែង​ថា៖ «ជា​ញឹកញយ បុគ្គលិក​ដែល​មាន​ប្រាក់​បៀវត្សរ៍​តិច​ធ្វើការ​ដូចគ្នា​ដូច​ទៅនឹង​អ្នក​ដែល​ធ្វើការ​គិត​តាម​ម៉ោង ប៉ុន្តែ​បាន​ចំណាយ​ពេល​ច្រើនជាង​នៅ​ឆ្ងាយ​ពី​ក្រុម​គ្រួសារ​របស់​ពួកគេ​ដោយ​មិន​ទទួល​បាន​ប្រាក់​បន្ថែម»។

នៅ​ក្រោម​ច្បាប់​នេះ កម្រិត​ប្រាក់​បៀវត្សរ៍​ប្រចាំ​ឆ្នាំ​នឹង​កើន​ដល់ ៤៣.៨៨៨ ដុល្លារ​នៅ​ថ្ងៃ​ទី ១ ខែ​កក្កដា​ខាងមុខ ហើយនឹង​កើន​ដល់ ៥៨.៦៥៦ ដុល្លារនៅ​ថ្ងៃ​ទី ១ ខែ​មករា ឆ្នាំ ២០២៥។ ចាប់ពី​ឆ្នាំ ២០២៧ ទៅ កម្រិត​ប្រាក់​បៀវត្សរ៍​នឹង​កើនឡើង​ជា​ស្វ័យប្រវត្តិ​រៀងរាល់ ៣ ឆ្នាំ​ម្តង​ដើម្បី​ឆ្លុះ​បញ្ចាំង​ឱ្យ​ឃើញ​អំពី​ការ​ប្រែប្រួល​នៃ​ប្រាក់​បៀវត្សរ៍​ជា​មធ្យម។

ច្បាប់​ប្រាក់​បៀវត្សរ៍​របស់​សហរដ្ឋ​អាមេរិក​តម្រូវ​ឱ្យ​និយោជក​បង់​ប្រាក់​ដល់​អ្នក​ធ្វើការ​ណា​ដែល​មាន​សិទ្ធិ​ធ្វើការ​ថែម​ម៉ោង​ចំនួន​មួយ​ដង​កន្លះ​នៃ​អត្រា​ប្រាក់​បៀវត្សរ៍​ធម្មតា នៅពេល​ពួកគេ​ធ្វើការ​លើស​ពី ៤០ ម៉ោង​ក្នុង​មួយ​សប្តាហ៍។

បុគ្គលិក​ដែល​ទទួល​បាន​ប្រាក់​បៀវត្សរ៍​លើស​កម្រិត​ប្រាក់​បៀវត្សរ៍​ដែល​កំណត់​នោះ​នឹង​នៅតែ​មាន​សិទ្ធិ​ទទួល​បាន​ប្រាក់​បន្ថែម​ម៉ោង ប្រសិនបើ​ពួកគេ​មិន​ធ្វើការ​ពាក់ព័ន្ធ​នឹង​ការ​គ្រប់គ្រង។

ជាទូទៅ​អ្នកធ្វើការ​នឹង​ត្រូវបាន​លើកលែង​ដោយ​ស្វ័យប្រវត្តិ ប្រសិនបើ​ពួកគេ​ទទួល​បាន​ប្រាក់​បៀវត្សរ៍​ច្រើន​ជាង ១០៧.៤៣២ ដុល្លារ​ក្នុង​មួយ​ឆ្នាំ។ ច្បាប់​ថ្មីនេះ​នឹង​តំឡើង​កម្រិត​ប្រាក់​បៀវត្សរ៍​នេះ​ឱ្យ​ដល់​ចំនួន​ប្រហែល ១៥១.០០០ ដុល្លារ​ក្នុង​មួយ​ឆ្នាំ។

រដ្ឋ​ជាច្រើន​ដូចជា California និង New York ជាដើម មាន​កម្រិត​ប្រាក់​បៀវត្សរ៍​សម្រាប់​កំណត់​ថាតើ​អ្នកណា​ដែល​មាន​សិទ្ធិ​អាច​ទទួល​បាន​ប្រាក់​ថែមម៉ោង​បាន​ខ្ពស់​ជាង​ស្តង់ដារ​បច្ចុប្បន្ន​របស់​រដ្ឋាភិបាល​អាមេរិក។

កាលពី​ឆ្នាំ ២០១៦ ក្រសួង​ការងារ​អាមេរិក​បាន​បង្កើន​កម្រិត​កំណត់​ប្រាក់​បៀវត្សរ៍​ទ្វេដង​ដល់​ចំនួន​ប្រមាណ ៤៧.០០០ ដុល្លារ​ក្នុង​មួយ​ឆ្នាំ។ នៅ​ឆ្នាំ ២០១៧ ចៅក្រម​សហព័ន្ធ​មួយ​រូប​នៅ​រដ្ឋ Texas បាន​ច្រានចោល​កម្រិត​កំណត់​ប្រាក់​បៀវត្សរ៍​នេះ ដោយ​បាន​និយាយ​ថា​កម្រិត​កំណត់​នេះ​ខ្ពស់​ខ្លាំង​ពេក ដែល​អាច​ធ្វើឱ្យ​អ្នក​ធ្វើការ​ផ្នែក​គ្រប់គ្រង​ដែល​ត្រូវបាន​លើកលែង​នោះ​ទទួល​បាន​ប្រាក់​ថែមម៉ោង​នេះ​ដែរ។

ច្បាប់​ថ្មី​នេះ​ទំនងជា​នឹង​ប្រឈម​នឹង​បញ្ហា​ផ្លូវច្បាប់​ដែល​អះអាង​ថា ដូច​កាលពី​ជំនាន់​រដ្ឋបាល​លោក Obama ច្បាប់​នេះ​បំពាន​ច្បាប់​ប្រាក់​បៀវត្សរ៍​របស់​រដ្ឋាភិបាល​សហព័ន្ធ​តាម​រយៈ​ការ​រួម​បញ្ចូល​នូវ​អ្នក​គ្រប់គ្រង​ដែល​ទទួល​បាន​ប្រាក់​បៀវត្សរ៍​ទាប​និង​អ្នកធ្វើការ​វិជ្ជាជីវៈ​ជាច្រើន ដែល​ជាទូទៅ​មិន​មាន​សិទ្ធិ​ទទួល​បាន​ប្រាក់​ថែម​ម៉ោង។

ក្រុមហ៊ុន​ធំៗ​ជាច្រើន​បាន​អំពាវនាវ​ឱ្យ​ក្រសួង​ការងារ​អាមេរិក​ពន្យារពេល​កែប្រែ​បទបញ្ញត្តិ​ពាក់ព័ន្ធ​នឹង​ប្រាក់​ថែមម៉ោង ដោយ​លើកឡើង​អំពី​ភាព​ស្រពិចស្រពិល​ផ្នែក​សេដ្ឋកិច្ច​និង​កង្វះ​អ្នកធ្វើការ​ដែល​ធ្វើឱ្យ​ក្រុមហ៊ុន​នីមួយៗ​ត្រូវ​បង្កើន​ការ​ចំណាយ​លើ​ផ្នែក​ប្រតិបត្តិការ។

លោក Michael Layman អនុ​ប្រធាន​ជាន់ខ្ពស់​នៃ​សមាគម International Franchise បាន​បញ្ជាក់​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ថា៖ «វិធានការ​នេះ...បាន​ធ្វើឡើង​ចំពេល​ដែល​សហគ្រិន​ជាច្រើន​នៅតែ​ត្រដាបត្រដួស​ក្នុង​ស្ថានភាព​ដាក់​កំហិត​ដែល​មិន​អាច​ទាយទុក​មុន​បាន ដែល​ប្រឈមនឹង​បញ្ហា​អតិផរណា​ដែល​កំពុង​បន្តមាន បញ្ហា​ប្រឈម​ផ្នែក​ការងារ និង​តម្លៃ​ទំនិញ​ខ្ពស់»។

វិធានការ​នេះ​អាច​ប៉ះពាល់​ដល់​អ្នកធ្វើការ​ដោយ​ជំរុញ​ឱ្យ​អាជីវកម្ម​ជាច្រើន​ប្រែក្លាយ​ការងារ​ប្រាក់​បៀវត្សរ៍​ទៅជា​ការងារ​ប្រាក់ម៉ោង ដោយ​បន្ថយ​ប្រាក់​បៀវត្សរ៍​របស់​និយោជិក​និង​ដកចេញ​នូវ​អត្ថប្រយោជន៍​មួយ​ចំនួន​ពី​និយោជិក។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​សមាជិក​រដ្ឋសភា​អាមេរិក​អ្នកស្រី Virginia Foxx ខាង​គណបក្ស​សាធារណរដ្ឋ ដែលជា​ប្រធាន​គណៈកម្មាធិការ​រដ្ឋសភា​ទទួល​បន្ទុក​កិច្ចការ​ការងារ។

អ្នកស្រី Foxx បាន​បញ្ជាក់​នៅក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ថា៖ «ប្រសិនបើ​រដ្ឋាភិបាល​អាមេរិក​បង្កើត​វិធានការ​នេះ​ឡើង​ក្នុង​បំណង​លើក​កម្ពស់​ស្ដង់ដារ​ជីវភាព​រស់នៅ​របស់​អ្នកធ្វើការ នោះ​គោលដៅ​នេះ​គឺជា​ការ​បរាជ័យ​យ៉ាង​ធ្ងន់ធ្ងរ»។

ស្របពេល​ជាមួយ​គ្នា​នេះ សហជីព​ការងារ ក្រុម​តស៊ូមតិ​ការងារ និង​សមាជិក​គណបក្ស​ប្រជាធិបតេយ្យ​ជាច្រើន​បាន​គាំទ្រ​វិធានការ​នេះ។

សហជីព​ការងារ AFL-CIO ដ៏​ធំ​ជាងគេ​បង្អស់​នៅ​សហរដ្ឋ​អាមេរិក បាន​លើកឡើង​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ដោយ​សរសើរ​ចំណាត់ការ​របស់​រដ្ឋបាល​លោក Biden សម្រាប់​ការ​ស្តារ​ឡើងវិញ​នូវ​វិធានការ​ការពារ​ប្រាក់​ថែមម៉ោង​ដែល​សហជីព​ការងារ​នេះ​ថ្លែង​ថា​ត្រូវបាន​បំផ្លាញ​ចោល​ដោយ​រដ្ឋបាល​លោក​អតីត​ប្រធានាធិបតី Donald Trump៕


ប្រែ​សម្រួល​ដោយ​អ្នកនាង ស្រេង លក្ខិណា