ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បាននិយាយកាលពីថ្ងៃពុធថា លោកជឿថាប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin «ច្បាស់ជា» ទន់ខ្សោយ នៅក្នុងប្រទេសរបស់លោក ដោយសារការបះបោរដែលមានរយៈពេលខ្លីកាលពីចុងសប្តាហ៍មុន ដែលដឹកនាំដោយមេក្រុមទាហានស៊ីឈ្នួលក្រុម Wagner គឺលោក Prigozhin។
ប៉ុន្តែលោក Biden បាននិយាយទៅកាន់អ្នកកាសែតនៅសេតវិមានថា៖ «ពិបាកនិយាយ»អំពីថាតើលោក Putin បានទន់ខ្សោយដល់កម្រិតណានោះ។
លោក Biden ថាលោក Putin កំពុងចាញ់សង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែន និងចាញ់សង្គ្រាមនៅក្នុងប្រទេស។
លោក Biden ថ្លែងថា៖ «ហើយលោកបានក្លាយជាមនុស្សដែលគេមិនចូលចិត្តនៅជុំវិញពិភពលោក។ ហើយមិនមែនតែអង្គការអូតង់ទេ។ មិនមែនតែសហភាពអឺរ៉ុបទេ។ មានទាំងជប៉ុនផងដែរ។ ប្រទេសដល់ទៅ៤០ឯណោះ»។
លោក Prigozhin ដំបូងឡើយ គ្រោងចាប់ខ្លួនរដ្ឋមន្ត្រីក្រសួងការពារជាតិរុស្ស៊ី លោក Sergei Shoigu និង លោកនាយឧត្តមសេនីយ៍ Valery Gerasimov ក្នុងអំឡុងទស្សនកិច្ចមួយទៅកាន់តំបន់ខាងត្បូងដែលជាប់ជាមួយទល់ដែនអ៊ុយក្រែន។ នេះបើតាមសេចក្តីរាយការណ៍របស់កាសែត The Wall Street Journal។
ប៉ុន្តែទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់រុស្ស៊ី បានដឹងអំពីផែនការនេះ ២ថ្ងៃមុនការអនុវត្ត។ នេះបើតាមក្រុមមន្ត្រីបស្ចិមប្រទេស ហើយក៏បានបង្ខំលោក Prigozhin ឱ្យធ្វើការបះបោរភ្លាមៗឆាប់ជាងការគ្រោងទុករបស់លោក៕