លោក Biden ជំរុញ​ឱ្យ​មាន​ការ​ប្រើ​រថយន្ត​អគ្គិសនី​នៅ​ឯ​ពិធី​តាំង​ពិព័រណ៍​រថយន្ត​ក្នុង​ទីក្រុង Detroit

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden ចូល​រថយន្ត​ម៉ាក Corvetteនៅ​ឯ​ពិធី​តាំង​ពិព័រណ៍​រថយន្ត​ក្នុង​ទីក្រុង Detroit សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃ​ទី​១៤ ខែ​កញ្ញា ឆ្នាំ​២០២២។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden បាន​ប្រកាស​កាលពី​ថ្ងៃ​ពុធ​នូវ​ទឹក​ប្រាក់​ចំនួន ៩០០ លាន​ដុល្លារ​សម្រាប់​សាងសង់​បណ្ដាញ​កន្លែង​បញ្ចូល​អាគុយ​រថយន្ត​អគ្គិសនី​នៅ​ក្នុង​រដ្ឋ​ចំនួន ៣៥ ដែល​នេះ​គឺ​ជា​ផ្នែក​មួយ​នៃ​ការ​ជំរុញ​ទៅ​មុខ​ប្រកប​ដោយ​មហិច្ឆតា​របស់​រដ្ឋបាល​របស់​លោក​ដើម្បី​ឱ្យ​មាន​រថយន្ត​ដែល​ដាក់​លក់​នៅ​សហរដ្ឋ​អាមេរិក​ចំនួន ៥០% ជា​រថយន្ត​អគ្គិសនី​នៅ​ត្រឹម​ឆ្នាំ ២០៣០ ខាង​មុខ។

លោក Biden បាន​និយាយ​នៅ​ក្នុង​ពិធី​តាំង​ពិព័រណ៍​រថយន្ត​អន្តរជាតិ​នៅ​ទ្វីប​អាមេរិក​ខាង​ជើង (North American International Auto Show) ក្នុង​ទីក្រុង Detroit រដ្ឋ Michigan ថា៖ «ដំណើរ​កម្សាន្ត​តាម​រថយន្ត​នៅ​សហរដ្ឋ​អាមេរិក​គឺ​នឹង​ធ្វើ​ឡើង​ដោយ​រថយន្ត​អគ្គិសនី​ទាំងស្រុង»។

ថវិកា​ចំនួន ៩០០ លាន​ដុល្លារ​នេះ​គឺ​ជា​ផ្នែក​មួយ​នៃ​ថវិកា​ចំនួន ៧.៥០០ លាន​ដុល្លារ​ដែល​ផ្ដល់​ឱ្យ​តាម​រយៈ​ច្បាប់​ហេដ្ឋារចនាសម្ព័ន្ធ​ឆ្នាំ ២០២១ ដែល​មាន​ការ​គាំទ្រ​ពី​គណបក្ស​ទាំង​ពីរ នៅ​ក្នុង​ការ​សាងសង់​បណ្ដាញ​ថ្នាក់​ជាតិ​នៃ​កន្លែង​បញ្ចូល​អាគុយ​រថយន្ត​អគ្គិសនី​ចំនួន ៥ សែន​កន្លែង។

ច្បាប់​នេះ​ក៏​មាន​ការ​ផ្ដល់​ថវិកា​ចំនួន ៧ ពាន់​លាន​ដុល្លារ​ផង​ដែរ​សម្រាប់​ការ​ធានា​ឱ្យ​មាន​នូវ​ខ្សែ​សង្វាក់​ផ្គត់ផ្គង់​រ៉ែ​សំខាន់ៗ​សម្រាប់​ការ​ផលិត​អាគុយ​រថយន្ត​អគ្គិសនី និង​ថវិកា​ចំនួន ១០ ពាន់​លាន​ដុល្លារ​ទៀត​សម្រាប់​ចរាចរណ៍​ធ្វើ​ដំណើរ​ដែល​មិន​ប៉ះពាល់​ដល់​បរិស្ថាន​និង​សម្រាប់​រថយន្ត​ដឹក​សិស្ស។

លោក Biden ដែល​ធ្លាប់​ប្រកាស​ខ្លួន​លោក​ថា​ជា «អ្នក​ចូលចិត្ត​រថយន្ត» ត្រូវ​បាន​គេ​បង្ហាញ​ជូន​លោក​នូវ​គំរូ​រថយន្ត​អគ្គិសនី​ថ្មី​ចុងក្រោយ​បង្អស់​ដែល​ផលិត​ដោយ​ក្រុមហ៊ុន General Motors ក្រុមហ៊ុន Ford និង​ក្រុមហ៊ុន Stellantis ហើយ​លោក​បាន​សាក​បើក​រថយន្ត LYRIQ SUV របស់​ក្រុមហ៊ុន Cadillac នៅ​ជុំវិញ​កន្លែង​តាំង​ពិព័រណ៍។

ទាក់ទិន​នឹង​រថយន្ត​អគ្គិសនី​នេះ សហរដ្ឋ​អាមេរិក​ស្ថិត​នៅ​ពី​ក្រោយ​ប្រទេស​ចិន​និង​បណ្ដា​ប្រទេស​ជា​ច្រើន​នៅ​ទ្វីប​អឺរ៉ុប។ នេះ​បើ​យោង​តាម​របាយការណ៍​ឆ្នាំ ២០២២ អំពី​ទស្សនៈវិស័យ​រថយន្ត​អគ្គិសនី​សាកលលោក​របស់​ទីភ្នាក់ងារ​ថាមពល​អន្តរជាតិ (International Energy Agency)។

បើ​ទោះបីជា​ការ​លក់​រថយន្ត​អគ្គិសនី​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​បាន​កើន​ឡើង​ជាង ២ ដង​នៅ​ក្នុង​ឆ្នាំ ២០២១ រហូត​ដល់​ចំនួន ៦៣០.០០០ គ្រឿង​ក៏ដោយ ក៏​ការ​លក់​នៅ​ប្រទេស​ចិន​បាន​កើនឡើង​ជិត ៣ ដង​រហូត​ដល់​ចំនួន ៣ លាន ៣ សែន​គ្រឿង ដែល​ស្មើ​នឹង​ចំនួន​នៃ​ការ​លក់​រថយន្ត​អគ្គិសនី​សរុប​នៅ​លើ​ពិភពលោក​ប្រហែល​ពាក់​កណ្ដាល។ រី​ឯ​ការ​លក់​នៅ​ទ្វីប​អឺរ៉ុប​វិញ​បាន​កើនឡើង ៦៥% រហូត​ដល់​ចំនួន ២ លាន ៣ សែន​គ្រឿង៕