ប្រធានាធិបតីអាមេរិកលោក Joe Biden បានប្រកាសកាលពីថ្ងៃអាទិត្យថាលោកបានលើកលែងទោសដល់កូនប្រុសរបស់លោកគឺលោក Hunter Biden ដែលកំពុងប្រឈមការកាត់ទោសក្នុងខែនេះក្នុងសំណុំរឿងសហព័ន្ធចំនួន ២។
កន្លងមក លោក Biden បានប្តេជ្ញាថាលោកនឹងមិនធ្វើបែបនេះទេ តែក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យ លោកថាលោកធ្វើបែបនេះគឺដើម្បីឆ្លើយតបទៅនឹងអ្វីដែលលោកហៅថាជាការកាត់ទោសបែបសម្រាំងនិងអយុត្តិធម៌។
លោក Biden បាននិយាយថា៖ «បទចោទក្នុងសំណុំរឿងទាំងនេះបានធ្វើឡើងតែបន្ទាប់ពីគូបដិបក្ខនយោបាយរបស់ខ្ញុំជាច្រើននៅក្នុងសភាបានបង្កឱ្យមានសំណុំរឿងទាំងនេះកើតឡើងដើម្បីវាយប្រហារខ្ញុំនិងប្រឆាំងនឹងការបោះឆ្នោតជ្រើសរើសរូបខ្ញុំតែប៉ុណ្ណោះ»។
លោក Hunter ត្រូវបានកាត់ទោសក្នុងបទឧក្រិដ្ឋចំនួន ៣ កាលពីខែមិថុនាចំពោះការទិញកាំភ្លើងមួយដើមនៅឆ្នាំ ២០១៨។ រដ្ឋអាជ្ញាថាលោក Hunter បានអះអាងមិនត្រឹមត្រូវលើឯកសារសហព័ន្ធថាមិនបានប្រើប្រាស់ដោយខុសច្បាប់ឬញៀនថ្នាំនោះទេ។ លោក Hunter ក៏បានទទួលស្គាល់កំហុសផងដែរក្នុងសំណុំរឿងមួយដែលលោកត្រូវបានចោទប្រកាន់ថាមិនបានបង់ពន្ធយ៉ាងតិច ១ លាន ៤ សែនដុល្លារ។
កាលពីថ្ងៃអាទិត្យ លោកប្រធានាធិបតី Biden បានលើកលែងទោសដល់លោក Hunter ក្នុងសំណុំរឿងទាំងពីរ ព្រមទាំងបទល្មើសណាក៏ដោយដែលលោក Hunter «បានប្រព្រឹត្តឬប្រហែលជាបានប្រព្រឹត្តឬចូលរួម» ចន្លោះពីថ្ងៃទី ១ ខែមករា ឆ្នាំ ២០១៤ ដល់ថ្ងៃទី ១ ខែមករា ឆ្នាំ ២០២៤។
លោកប្រធានាធិបតី Biden បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ថាលោកសង្ឃឹមថា «ពលរដ្ឋអាមេរិកនឹងយល់ពីមូលហេតុដែលឪពុកនិងប្រធានាធិបតីម្នាក់សម្រេចចិត្តធ្វើបែបនេះ»។
លោក Biden បាននិយាយថា៖ «ក្នុងអាជីពពេញមួយជីវិតរបស់ខ្ញុំ ខ្ញុំធ្វើតាមគោលការណ៍សាមញ្ញមួយដែលនោះគឺប្រាប់ការណ៍ពិតដល់ពលរដ្ឋអាមេរិក។ ពួកគេនឹងយល់ដោយមិនលំអៀង។ ការណ៍ពិតនោះគឺថា ខ្ញុំជឿលើប្រព័ន្ធយុត្តិធម៌ តែពេលខ្ញុំត្រូវជួបរឿងនេះខ្លួនឯង ខ្ញុំក៏ជឿផងដែរថានយោបាយសុទ្ធសាធបានប៉ះពាល់ដល់ដំណើរការនេះ ហើយវាបាននាំឲ្យមានការអនុវត្តយុត្តិធម៌មិនត្រឹមត្រូវ។ ពេលខ្ញុំសម្រេចចិត្តបែបនេះកាលពីចុងសប្តាហ៍ ខ្ញុំគិតថាគ្មានហេតុផលអ្វីដែលត្រូវពន្យារពេលទៀតទេ»៕
ព័ត៌មានខ្លះក្នុងសេចក្តីរាយការណ៍នេះត្រូវបានដកស្រង់មកពីទីភ្នាក់ងារសារព័ត៌មាន AP និង Reuters។