លោក Biden បង្ហាញ​របៀបវារៈ​ថ្ងៃ​ដំបូង​របស់​លោក​សម្រាប់​ពេល​ចូល​កាន់​តំណែង​ជា​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក

រូបឯកសារ៖ ប្រធានាធិបតី​ជាប់​ឆ្នោត​សហរដ្ឋ​អាមេរិក លោក Joe Biden ថ្លែង​សុន្ទរកថា​ទៅ​លើ​ចំណាត់ការ​របស់​សហរដ្ឋ​អាមេរិក​ចំពោះ​ជំងឺ​កូវីដ១៩ នៅ​ក្រុង Wilmington រដ្ឋ Delaware ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០។

នៅ​ថ្ងៃ​ដំបូង​នៃ​ការ​កាន់​តំណែង​ជា​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក Joe Biden មាន​គម្រោង​ចាត់​វិធានការ​នីតិ​ប្រតិបត្តិ​ដើម្បី​កែប្រែ​ត្រឡប់​មក​វិញ​នូវ​សេចក្តី​សម្រេច​ដ៏​ចម្រូងចម្រាស​មួយ​ចំនួន​ របស់​លោក​ប្រធានាធិបតី Donald Trump និង​ដោះស្រាយ​វិបត្តិ​ជំងឺ​កូវីដ១៩។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក Ron Klain នាយ​ខុទ្ទកាល័យ​របស់​លោក Bidenកាល​ពី​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន។

លោក Klain បាន​លើកឡើង​ថា នៅ​ថ្ងៃ​ពុធ​ស្អែក បន្ទាប់ពី​ស្បថ​ចូល​កាន់​តំណែង លោក Bidenនឹង​បញ្ចប់​នូវ​ការ​រឹត​បន្តឹង​របស់​លោក Trump លើ​ជន​អន្តោប្រវេសន៍​មកពី​ប្រទេស​មួយ​ចំនួន​ដែល​មាន​ប្រជាពលរដ្ឋ​ភាគ​ច្រើន​ជា​អ្នក​កាន់​សាសនា​ឥស្លាម ចូលរួម​ឡើង​វិញ​នៅ​ក្នុង​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស​ស្ដីពី​អាកាសធាតុ និង​ចេញ​បទ​បញ្ជា​តម្រូវ​ឲ្យ​មាន​ការ​ពាក់​ម៉ាស​ការពារ​ជំងឺ​កូវីដ១៩ ពេល​ស្ថិត​ក្នុង​អាគារ​រដ្ឋាភិបាល​សហព័ន្ធ និង​ក្នុង​ពេល​ធ្វើ​ដំណើរ​ឆ្លង​កាត់​រដ្ឋ​នីមួយៗ​ជាដើម។

វិធានការ​មួយ​ចំនួន​ទៀត​ដែល​លោក Biden នឹង​ធ្វើ​នៅ​ថ្ងៃ​ដំបូង​មាន​ដូចជា ការ​បន្ត​ការ​ផ្អាក​ការ​សង​ប្រាក់​កម្ចី​របស់​និស្សិត និង​វិធានការ​រារាំង​មិន​ឲ្យ​មាន​ការ​បណ្តេញ​ចេញ​ពី​លំនៅដ្ឋាន​សម្រាប់​ពលរដ្ឋ​ណា​ដែល​រង​ការ​ប៉ះពាល់​ក្នុង​អំឡុង​ពេល​នៃ​វិបត្តិ​ជំងឺ​កូវីដ១៩ នេះ។

នៅ​ថ្ងៃ​ព្រហស្បតិ៍ លោក Biden នឹង​ចុះ​ហត្ថលេខា​លើ​បទ​បញ្ជា​មួយ​ចំនួន​ពាក់ព័ន្ធ​នឹង​ជំងឺ​កូវីដ១៩ ក្នុង​គោល​បំណង​បើក​សាលារៀន​និង​អាជីវកម្ម​ឡើង​វិញ និង​បង្កើន​ការ​ធ្វើ​តេស្ត​រក​ជំងឺ​កូវីដ១៩។ នៅ​ថ្ងៃ​សុក្រ លោក Biden នឹង​ចាត់​វិធានការ​លើ​រឿង​ជំនួយ​វិបត្តិ​ជំងឺ​កូវីដ១៩។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក Klain។

លោក Klain បាន​បន្ថែម​ថា ក្នុង​សប្តាហ៍​បន្ទាប់ លោក Biden នឹង​ចាត់​វិធានការ​បន្ថែម​ទៀត​ពាក់ព័ន្ធ​នឹង​បញ្ហា​កំណែ​ទម្រង់​ប្រព័ន្ធ​យុត្តិធម៌​ព្រហ្មទណ្ឌ បញ្ហា​ប្រែប្រួល​អាកាសធាតុ និង​បញ្ហា​អន្តោប្រវេសន៍៕