ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បាននិយាយជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu កាលពីថ្ងៃពុធម្សិលមិញនៅពេលដែលអ៊ីស្រាអែលបន្តកិច្ចប្រតិបត្តិការយោធារបស់ខ្លួននៅក្នុងតំបន់ហ្កាហ្សានិងប្រទេសលីបង់ហើយនឹងពិចារណាការឆ្លើយតបដល់ការវាយប្រហារដោយកាំជ្រួចមីស៊ីលរបស់អ៊ីរ៉ង់កាលពីពេលថ្មីៗនេះ។
ការហៅទូរសព្ទនេះជាការសន្ទនាលើកទី១របស់អស់លោកចាប់តាំងពីថ្ងៃទី២១ ខែសីហាមក។ សេតវិមានបាននិយាយថាអ្នកស្រីអនុប្រធានាធិបតី Kamala Harrsi បានចូលរួមការហៅទូសព្ទនេះដែរ។
លោកនាយករដ្ឋមន្ត្រី Netanyahu កំពុងពិចារណាថាតើត្រូវឆ្លើយតបយ៉ាងដូចម្តេចបន្ទាប់ពីអ៊ីរ៉ង់កាលពីថ្ងៃទី១ ខែតុលា បានបាញ់កាំជ្រួចបាល្លីស្ទិកប្រហែល២រយគ្រាប់ដាក់អ៊ីស្រាអែលនៅក្នុងការរាលដាលកាន់តែខ្លាំងឡើងនៅក្នុងជម្លោះដែលមានរយៈពេលមួយឆ្នាំរវាងអ៊ីស្រាអែលនិងក្រុមរណបប្រដាប់អាវុធរបស់អ៊ីរ៉ង់ក្នុងតំបន់។
លោកប្រធានាធិបតី Biden បាននិយាយថាលោក នឹងមិនគាំទ្រការវាយប្រហារណាមួយរបស់អ៊ីស្រាអែលលើទីកន្លែងនុយក្លេអ៊ែរណាមួយរបស់អ៊ីរ៉ង់ទេ។
ក្នុងខណៈនោះដែរ ពួកមន្ត្រីប៉ាឡេស្ទីនបាននិយាយកាលពីថ្ងៃពុធម្សិលមិញថាការវាយប្រហាររបស់អ៊ីស្រាអែលក្នុងរយៈពេលមួយយប់នៅក្នុងតំបន់ហ្កាហ្សាភាគខាងជើងនិងកណ្តាលបានសម្លាប់មនុស្សយ៉ាងតិចណាស់ក៏១៨នាក់ដែរ។
ការវាយនោះបានត្រូវចំជំរំជនភៀសខ្លួន Nuseirat និង Bureij នៅផ្នែកកណ្តាលនៃតំបន់ Gaza Stript និងជំរំជនភៀសខ្លួន Jabaliya ក្នុងតំបន់ហ្កាហ្សាភាគខាងជើង។
យោធាអ៊ីស្រាអែលបាននិយាយកាលពីថ្ងៃពុធម្សិលមិញថាខ្លួនបានធ្វើការវាយប្រហារតាមអាកាសនិងថ្មើរជើងនៅក្នុងតំបន់ហ្កាហ្សាដៅលើពួកសកម្មប្រយុទ្ធហាម៉ាស់។
ការប្រយុទ្ធនិងបទបញ្ជាម្តងហើយម្តងទៀតរបស់អ៊ីស្រាអែលបានធ្វើឱ្យជនស៊ីវិលប៉ាឡេស្ទីនមិនដឹងទៅទីណា។ នេះបើតាមអង្គការសហប្រជាជាតិ។
លោក Philippe Lazzarini ប្រធានទីភ្នាក់ងារទទួលបន្ទុកជនភៀសខ្លួនប៉ាឡេស្ទីនរបស់អង្គការសហប្រជាជាតិបាននិយាយនៅលើបណ្តាញសង្គម X ថាមនុស្សយ៉ាងតិចណាស់៤សែននាក់ត្រូវបានជាប់នៅក្នុងតំបន់ហ្កាហ្សាភាគខាងជើង។
លោក Lazzarini បាននិយាយទៀតថាមនុស្សជាច្រើនកំពុងបដិសេធពុំធ្វើតាមបទ បញ្ជាជម្លៀស «ពីព្រោះតែ ពួកគេដឹងយ៉ាងច្បាស់ថាមិនមានទីកន្លែងណានៅក្នុងតំបន់ហ្កាហ្សាមានសុវត្ថិភាពទេ»៕