អស់រយៈពេលជាច្រើនខែបន្ទាប់ពីប្រទេសហ្វីលីពីនបានដកខ្លួនចេញពីគម្រោងក្រវាត់ផ្លូវពាណិជ្ជកម្ម (BRI) របស់ចិនមក សហរដ្ឋអាមេរិកបានប្រកាសអំពីគម្រោងហេដ្ឋារចនាសម្ព័ន្ធមួយចំនួននៅក្នុងប្រទេសហ្វីលីពីន ដែលនេះជាគំនិតផ្តួចផ្តើមជាលើកដំបូងបង្អស់ក្នុងការជំរុញការវិនិយោគនៅក្នុងប្រទេសជាដៃគូនានានៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។
គម្រោងហេដ្ឋារចនាសម្ព័ន្ធនេះ ដែលគេស្គាល់ថាច្រករបៀង PGI Luzon ត្រូវបានប្រកាសដោយប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden នៅពេលលោកទទួលជួបពិភាក្សាជាមួយប្រធានាធិបតីហ្វីលីពីនលោក Ferdinand Marcos Jr. និងនាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida នៅសេតវិមានកាលពីថ្ងៃព្រហស្បតិ៍។
គម្រោងផ្ដួចផ្ដើម PGI ដែលពាក្យពេញមានន័យថា «ភាពជាដៃគូសម្រាប់ហេដ្ឋារចនាសម្ព័ន្ធនិងការវិនិយោគសាកល» ត្រូវបានដាក់ឱ្យដំណើរការកាលពីឆ្នាំ ២០២១ ដោយសហរដ្ឋអាមេរិកនិងប្រទេសដៃគូនានានៃក្រុមប្រទេស G-7 ដោយមានឈ្មោះថា «គម្រោងកសាងពិភពលោកជាថ្មីឱ្យប្រសើរ (B3W)»។ គម្រោងនេះត្រូវបានបង្កើតឡើងជាជម្រើសមួយក្នុងការទប់ទល់នឹងគម្រោងក្រវាត់ផ្លូវពាណិជ្ជកម្ម (BRI) របស់ចិន។
លោក Biden បាននិយាយថា៖ «គម្រោងនេះមានន័យថានឹងមានការងារកាន់តែច្រើនថែមទៀតសម្រាប់មនុស្សនៅទូទាំងតំបន់ និងការវិនិយោគកាន់តែច្រើនថែមទៀតលើវិស័យដែលមានសារៈសំខាន់ចំពោះអនាគតរបស់យើងដូចជាថាមពលស្អាត កំពង់ផែ ផ្លូវរថភ្លើង កសិកម្ម និងវិស័យជាច្រើនផ្សេងទៀត»។
លោក Marcos ត្រូវបានគេមើលឃើញថាងាកកាន់តែជិតទៅរកសហរដ្ឋអាមេរិកជាងអតីតប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte ដែលកាន់តំណែងមុនលោក។ កាលពីឆ្នាំមុន លោកមិនបានចូលរួមនៅក្នុងកិច្ចប្រជុំកំពូលស្តីពីគម្រោងក្រវាត់ផ្លូវពាណិជ្ជកម្ម (BRI) របស់ចិននៅក្នុងរដ្ឋធានីប៉េកាំងនោះទេ ដែលកិច្ចប្រជុំនេះគឺជាការប្រារព្ធខួប ១០ ឆ្នាំនៃគម្រោងកសាងហេដ្ឋារចនាសម្ព័ន្ធអន្តរជាតិរបស់ចិនដែលមានទឹកប្រាក់មួយលានលានដុល្លារនេះ៕