បេក្ខជន​ប្រធានាធិបតី​លោក Joe Biden ស្វែងរក​សំឡេង Hispanic ក្នុង​រដ្ឋ Florida

  • Steve Herman

បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ​លោក Joe Biden ថ្លែង​នៅ​ក្នុង​ព្រឹត្តិការណ៍​ប្រចាំ​ឆ្នាំ «ខែ​វប្បធម៌​សហគមន៍ Hispanic» នៅ​ថ្ងៃអង្គារ ទី១៥ ខែកញ្ញា ឆ្នាំ ២០២០ នៅ​ទីក្រុង​Kissimmee រដ្ឋ Florida។

ការ​ស្ទង់​មតិ​បង្ហាញ​ថា លោក Biden និង​លោក Trump មាន​ប្រជាប្រិយភាព​ស្មើ​គ្នា​នៅ​រដ្ឋ Florida ដោយ​លោក Trump នាំ​មុខ​​បន្តិច​ខាង​សំឡេង​អ្នក​បោះឆ្នោត​ Hispanic ខណៈ​លោក Biden ទទួល​​ការ​គាំទ្រ​កាន់​តែ​ខ្លាំង​ពី​អ្នក​បោះឆ្នោត​ស្បែក​ស​វ័យ​ចំណាស់​នៅ​រដ្ឋ Florida។

នៅ​ក្នុង​សារ​មួយដើម្បីទាក់ទាញការ​គាំទ្រពី​អ្នក​បោះ​ឆ្នោតក្នុងសហគមន៍​ជនជាតិ Hispanic នោះ​ បេក្ខជនប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ​លោក Joe Biden​ បាន​ចោទ​ប្រកាន់​ប្រធានាធិបតីអាមេរិក​លោក Donald Trump​ ​ថា ​បាន​ធ្វើ​ឲ្យសហគមន៍ Hispanics មាន​ភាព​បរាជ័យ​ម្តង​ហើយម្តង​ទៀត នៅ​ក្នុង​អាណត្តិ​ជិត​៤​ឆ្នាំ​របស់​លោក​ជា​ប្រធានាធិបតី​នោះ​ ដោយ​លោក Biden ថា ក្នុង​នោះ​មួយ​ចំណែក គឺ​ដោយ​បាន​បង្កើត​ឲ្យ​មានការ​ស្អប់​គ្នា និង​ការ​បែក​បាក់​នៅ​ក្នុងអាមេរិក​ទាំង​មូល​ ដើម្បី​ផល​ប្រយោជន៍​របស់​លោក​ Trump។​

អតីត​អនុ​ប្រធានាធិបតីលោក ​Joe Biden​ បាន​ថ្លែង​យ៉ាង​ដូច​នេះ​នៅ​ក្នុង​ព្រឹត្តិការណ៍ប្រចាំ​ឆ្នាំ «ខែវប្បធម៌​សហគមន៍ Hispanic» ដែល​បាន​ប្រារព្ធ​ធ្វើក្នុង​រដ្ឋ​ Florida កាល​ពី​យប់​ថ្ងៃ​អង្គារ​ ដែល​នៅ​ទី​នោះ​ លោក​ស្វែង​រក​ការ​គាំទ្រ​ដ៏​សំខាន់​ពី​អ្នក​បោះ​ឆ្នោត​ដែល​មាន​ប្រភព​មក​ពី​ទ្វីបអាមេរិក​ឡាទីន។​

លោក Biden ក៏បាន​ចោទ​ប្រ​កាន់​លោក​ Trump ថា មិន​បាន​យក​ចិត្ត​ទុក​ដាក់ដល់​ពលរដ្ឋ​ Puerto Rico​ ដែល​ជាដែល​កោះ​មួយរបស់អាមេរិក​ដែរ​នោះ​ ​ដែល​បាន​រងគ្រោះ​ដោយ​ខ្យល់​ព្យុះ Maria ​ក្នុង​ឆ្នាំ​២០១៧។

ក្រុម​អ្នក​ធ្វើ​យុទ្ធនាការ​របស់​លោកប្រធានាធីបតី​ត្រាំ​ បានកាត់​បន្ថយ​ប្រជាប្រិយភាព​របស់​លោក Biden ​ជាមួយ​សហគមន៍ ​Hispanic ដោយ​បានចោទ​លោក Biden ថា​គ្រាន់​តែ​ជា​កូនជឹង​របស់ក្រុម​អ្នកសង្គម​និយម​តែ​ប៉ុណ្ណោះ។​

ការ​ស្ទង់​មតិ​បង្ហាញ​ថា លោក Biden និង​លោក Trump មាន​ប្រជាប្រិយភាព​ស្មើ​គ្នា​នៅ​រដ្ឋ Florida ដោយ​លោក Trump នាំ​មុខបន្តិច​ខាង​សំឡេង​អ្នក​បោះឆ្នោត​ Hispanic ខណៈ​លោក Biden ទទួលការ​គាំទ្រ​កាន់​តែ​ខ្លាំង​ពី​អ្នក​បោះឆ្នោត​ស្បែក​ស​វ័យ​ចំណាស់​នៅ​រដ្ឋ Florida៕