លោក Biden រិះគន់​ប្រធានា​ធិបតី​ត្រាំ​ថា​ «គ្មាន​សមត្ថភាព» ចំពោះ​ការ​សម្លាប់​ឧត្តមសេនីយ៍​ Soleimani

  • Jim Malone

បេក្ខជន​ប្រធានាធិបតី និង​ជា​អតីត​អនុ​ប្រធានាធិបតី Joe Biden ថ្លែង​អំពី​គោល​នយោបាយការបរទេស​​ នៅ​ទីក្រុង Manhattan ក្នុង​ទីក្រុង​ញូវយ៉ក កាល​លពី​ថ្ងៃ​ទី​០៧ មករា ២០២០។

លោក​ Joe Biden គូ​ប្រជែង​បេក្ខជន​ប្រធានា​ធិបតី​ខាង​គណ​បក្ស​ប្រជា​ធិប​តេយ្យ​សហរដ្ឋ​អាមេរិក ​បាន​ពណ៌​នា​ប្រធានា​ធិបតី​ ដូណាល់ ​ត្រាំ ​ថា​ ជា«​មេដឹកនាំ​អសមត្ថភាព​ប្រកប​ដោយ​គ្រោះ​ថ្នាក់»​កាលពី​ថ្ងៃ​អង្គារ​ចំពោះការ​វាយ​ប្រហារ​សម្លាប់​លោក​ Qassem Soleimani ​មេបញ្ជាការ​យោ​ធា​អ៊ីរ៉ង់។

លោក Biden និង​គូ​ប្រជែងខាង​គណបក្ស​ប្រជា​ធិបតេយ្យ​ផ្សេង​ទៀត​របស់​លោក ​បាន​រិះគន់​យ៉ាង​ខ្លាំង​ដល់​ការ​សម្រេច​របស់​លោក​ប្រធានា​ធិបតី​ត្រាំ​ហើយ​បាន​ព្រមាន​អំពី​ផល​វិបាក​នានា។

ថ្លែង​នៅ​ក្នុង​បូរី​ញូយ៉ក ​លោក​ Joe Biden ​បាន​រិះគន់​យ៉ាង​ច្រើន​ដល់​លោក​ប្រធានាធិបតី​ ត្រាំ​ អំពី​ផល​វិបាក​នៃ​ការ​វាយ​ប្រហារ​ដែល​បាន​សម្លាប់​ឧត្តមសេនីយ៍​អ៊ីរ៉ង់ Qassem Soleimani។

លោក​ Joe Biden ​បេក្ខជន​ប្រធានា​ធិបតី​ខាង​គណបក្ស​ប្រជា​ធិបតេយ្យ ​បាន​ថ្លែងថា៖ «ចំពោះ​ខ្ញុំ ​លោក​ប្រធានា​ធិបតី​ត្រាំ មិន​មាន​យុទ្ធ​សាស្រ្ត​ទាល់​តែ​សោះ​ចំពោះ​ការ​វាយ​ប្រហារ​នេះ។​ លោក​មិន​មាន​ច្រក​ចេញ​ហើយនេះ​ជា​ការ​ពិត​ដែល​ពិបាក​ទទួល​បំផុត។​កំហុស​ជា​ប្រចាំ​និង​ការ​សម្រេច​មិន​ល្អ​របស់​លោក ​បាន​បន្សល់​ឲ្យ​យើង ​សហរដ្ឋអាមេរិក ​មាន​ជម្រើស​ដ៏​មាន​កម្រិត​បំផុត​សម្រាប់​ធ្វើ​ឲ្យ​ជឿន​លឿន​ទៅ​មុខ»។
លោក​ Biden​ មាន​វិធី​ដោះ​ស្រាយ​ផ្ទុយ​ពីលោក​ប្រធានា​ធិបតី​ត្រាំ​អំពី​អ៊ីរ៉ង់ ​ដោយ​ជម្រើស​ខាង​ការទូត​ច្រើន​ដែល​បាន​ធ្វើ​ដោយ​រដ្ឋ​បាល​របស់​ប្រធានា​ធិបតី​អូបា​ម៉ា។

​ហើយ​លោក Biden ក៏បាន​ជំរុញ​ឲ្យ​លោក​ប្រធានា​ធិបតី​ត្រាំស្វះស្វែងរកការ​យល់​ព្រម​ពី​សភា​ស្តីពី​ការ​ប្រើ​កម្លាំង។ លោកJoe Bidenបេក្ខជន​ប្រធានា​ធិបតី​ខាង​គណបក្ស​ប្រជា​ធិបតេយ្យ​ថ្លែងទៀត​ថា៖ «លោក​ប្រធានា​ធិបតី​ត្រូវ​ធ្វើការ​ជាមួយ​សភា។ លោក​ប្រធានា​ធិបតី​ត្រូវគោរព​សេច​ក្តី​សម្រេច​អំពី​អំណាច​នៃ​សង្គ្រាម។ ហើយ​ប្រធានា​ធិបតី​មិន​អាច​ធ្វើ​សង្គ្រាម​ជាមួយ​អ៊ីរ៉ង់​ដោយ​មិន​មាន​ការយល់​ព្រម​និង​ការអនុញ្ញាត​ពី​សភា​ទេ»។

គូ​ប្រជែង​ផ្សេង​ទៀត​របស់​លោក ​Biden ​សម្រាប់​ការ​តែង​តាំង​ជា​បេក្ខជន​ប្រ​ធានា​ធិបតី​ខាង​គណបក្ស​ប្រជាធិបេតេយ្យ ​ក៏​បាន​រិះគន់​លោក​ប្រធានា​ធិបតី​ត្រាំ​ភ្លាមៗ​ រួមទាំង​លោក ​Bernie Sanders​ សមាជិក​ព្រឹទ្ធសភា​រដ្ឋ ​Vermont ​ផងដែរ។

លោក​សមាជិក​ព្រឹទ្ធសភា ​Bernie Sanders ​ថ្លែងថា៖ «ទោះបី ច្បាប់​របស់​សហរដ្ឋ​អាមេរិក ប្រហែល​មានការ​ពិបាក​ក៏ដោយ សហរដ្ឋ​អាមេរិក ​ត្រូវតែ​ធ្វើ​ការ​ជាមួយ​សហគមន៍​អន្តរជាតិ​ដើម្បី​បញ្ចប់​ជម្លោះ​និង​ការ​គំរាម​កំហែង​នៃ​សង្គ្រាម ​មិន​មែន​ផ្សព្វផ្សាយ​សង្គ្រាម​ដូច​ប្រធានាធិបតី​ត្រាំ​កំពុង​ធ្វើ​នោះ​ទេ»។

លោកស្រី ​Amy Klobuchar​ សមាជិក​ព្រឹទ្ធ​សភា​និង​ជាគូ​ប្រជែងសម្រាប់​តំណែង​បេក្ខ ជន​ប្រធានា​ធិបតី​ម្នាក់​ទៀត ​ក៏​បាន​សម្តែង​នូវការ​ព្រួយ​កង្វល់​ដែរ។

លោក​ស្រី Amy Klobuchar បាន​ថ្លែងថា៖ «ខ្ញុំ​មានការ​ព្រួយ​កង្វល់​យ៉ាង​ខ្លាំង​ថា ប្រធានា​ធិប​តី​នេះ​បាន​ប្រើ​កម្លាំង​មិន​សមាមាត្រ​ហើយ​នឹង​ធ្វើការ​សម្រេច​ដែល​នឹង​ធ្វើឲ្យ​ជម្លោះនេះ​រីកកាន់​តែធំឡើង»។

លោក ​Pete Buttigieg​ ជា​បេក្ខជន​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ម្នាក់​ទៀត​និង​ជា​អតីត​អភិបាល​ក្រុង ​South Bendនៃ​រដ្ឋ​ Indiana ​បាន​ថ្លែង​អំពី​ការ​វាយ​ប្រហារ​នោះក្នុង​អំឡុង​នៃការ​ពិភាក្សា​ជា​សាធារណៈ​នៅ​ក្នុង​រដ្ឋ​ Iowa។

លោក​បាន​ថ្លែងថា៖​«ការ​មានតួនាទី​ជាមេដឹកនាំ​សាកល​លោក ​មិន​មាន​ន័យថា ​ត្រូវ​ប្រើ​កម្លាំង​យោ​ធា​គ្រប់​បញ្ហា​នោះ​ទេ។​ ការណ៍​នេះ ​មានន័យថា ត្រូវ​ប្រើ​ប្រាស់​រាល់​មធ្យោបាយ​នានា​ដូចជា ការទូត សេដ្ឋកិច្ច ​សង្គម ព័ត៌មាន​ហើយ​ប្រើ​កម្លាំង​យោធា នៅ​ពេល​ចាំ​បាច់​បំផុត​ដើម្បី​ធ្វើ​ឲ្យ​ប្រាកដ​ថា ផលប្រយោជន៍​របស់​យើង ​ត្រូវបាន​ការពារ​ហើយ​តម្លៃដែល​យើង​បាន​ចែក​រំលែក​ជាមួយ​មនុស្ស​ជាតិ​ទាំង​មូល​ត្រូវបាន​គេ​គោរព​និង​ផ្សព្វ ផ្សាយ​ទូទាំង​ពិភពលោក»។

នៅឯ​សេតវិមាន​កាលពី​ថ្ងៃ​អង្គារ លោក​ប្រធានា​ធិបតី​ត្រាំ ​ជាថ្មី​ម្តង​ទៀត បាន​ការពារ​ ការ​សម្រេច​របស់​លោក​ស្តីពី​ការ​សម្លាប់​ឧត្តមសេនីយ៍ ​Soleimani ​នេះ។ លោក​ប្រធានា​ធិបតី​ត្រាំ ​បាន​ថ្លែង​ថា៖ «ជន​នោះ​ត្រូវ​បាន​គេ​ហៅថា មនុស្ស​អាក្រក់​ហើយជន​នោះ ​ជា​មនុស្ស​អាក្រក់​បំផុត។ហើយ ​ជន​នោះ ​លែងជា​មនុស្ស​អាក្រក់​ទៀត​ហើយ។​ជន​នោះ ​បាន​ស្លាប់​ហើយ ​ហើយ​នេះ​ជា​រឿង​ល្អយ៉ាង​ខ្លាំង​បំផុត​សម្រាប់​ប្រទេស​ជា​ច្រើន»។

ការផ្តោត​ការយក​ចិត្ត​ទុកដាក់​លើ​ប្រទេស​អ៊ីរ៉ង់ ​កើត​មាន​ឡើង​នៅពេល​ដែល​យុទ្ធនា ការ​ឃោសនា​បោះ​ឆ្នោត​បឋម​របស់​គណបក្ស​ប្រជា​ធិបតេយ្យ ​បាន​ក្តៅ​គគុក​ឡើង​ តែ​ប៉ុន្មាន​សប្តាហ៍​ប៉ុណ្ណោះ​មុនពេល​ការ​បោះ​ឆ្នោត​លើកដំបូង​ដែល​ត្រូវ​ធ្វើ​ឡើង​នៅ​ក្នុង​ការ​បោះ​ឆ្នោតបថម​ជ្រើសរើស​បេក្ខជន​ប្រ​ធានា​ធិបតី​នៅ​ថ្ងៃ​ទី៣ ​ខែ​កុម្ភៈ៕

ប្រែ​សម្រួល​ដោយ​ ជឹង ប៉ូជីន