លោក Biden ស្ថិត​នៅ​ហ្វាំងឡង់ ដើម្បី​ចរចាជាមួយមេដឹកនាំ​ប្រទេស​ក្នុង​តំបន់​ Nordic

លោកប្រធានាធិបតី Joe Biden ថតរូបជាមួយកក្រុមមេដឹកនាំតំបន់ Nordic

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក Joe Biden កំពុង​ស្ថិត​ក្នុង​ទីក្រុងហែលស៊ិនគី ដើម្បី​ជួប​ជាមួយ​ក្រុម​មេដឹកនាំ​ប្រទេស​ក្នុង​តំបន់ Nordic និង​សរសើរ​ប្រទេស​ហ្វាំងឡង់ ចំពោះ​ការ​ចូល​ជាសមាជិក​អង្គការ​អូតង់។

កាលវិភាគការងារ​របស់​លោក​ Biden រួម​មាន​ការ​ជួប​ដាច់​ដោយឡែក​ជាមួយ​ប្រធានាធិបតី​ហ្វាំងឡង់​លោក Sauli Niinisto មុន​ជំនួប​ធំ ដែល​រួម​បញ្ចូល​នាយក​រដ្ឋមន្ត្រីស៊ុយអែត លោក Ulf​Kristersson ​នាយករដ្ឋមន្ត្រី​ន័រវែស លោក Jonas Gahr Store នាយករដ្ឋមន្ត្រី​ដាណឺម៉ាក​អ្នកស្រី​Mette Frederiksen និង​នាយក​រដ្ឋមន្ត្រី​អ៊ីស្លង់ អ្នកស្រី Katrin Jakobsdottir។

របៀបវារៈ​សម្រាប់​កិច្ច​ប្រជុំ​កំពូល​សហរដ្ឋ​អាមេរិក-Nordic ត្រូវ​គេ​រំពឹង​ថា​នឹង​បញ្ចូល​ការ​ពិភាក្សា​អំពី​ការ​ប្រែប្រួល​អាកាសធាតុ សហប្រតិបត្តិការ​សន្តិសុខ​និង​បច្ចេកវិទ្យា​ថ្មីៗ។

ប្រទេស​ហ្វាំងឡង់​និង​ស៊ុយអែត បាន​ស្នើ​ចូល​ជា​សមាជិក​អង្គការ​អូតង់ ជា​ការ​ឆ្លើយតប​ទៅ​នឹង​ការ​ឈ្លាន​ពាន​របស់រុស្ស៊ី​លើ​អ៊ុយក្រែន​កាល​ពី​ឆ្នាំ​មុន។

សម្ព័ន្ធ​អូតង់ បាន​ទទួល​យក​ហ្វាំងឡង់​ជា​សមាជិក​កាល​ពី​ខែ​មេសា តែ​សមាជិក​ភាព​របស់​ស៊ុយអែត​ត្រូវ​បាន​បង្អាក់​ដោយ​ប្រទេស​តួកគី ដោយ​សារ​ការ​តវ៉ា​របស់​តួកគី​ថា​ស៊ុយអែត អត់ឱនជ្រុល​ដល់​ក្រុម​ដែល​រដ្ឋាភិបាល​តួកគី​ចាត់ទុក​ថា​ជាអង្គការ​ភេរវកម្ម។

ក្រោយ​ការ​ចរចា​ជាច្រើន​ដង និង​ការ​អនុម័ត​កំណែទម្រង់​របស់​ស៊ុយអែត​ដែល​រួម​បញ្ចូល​ច្បាប់​ថ្មី​ស្តីពី​ការ​ប្រឆាំង​ភេរវកម្ម​ផង ប្រធានាធិបតី​តួកគី​លោក Recep Tayyip Erdogan បាន​និយាយ​ក្នុង​សប្តាហ៍​នេះ​ថា​លោក​នឹង​ទម្លាក់​ចោល​ការ​ជំទាស់​របស់​លោក ហើយ​នឹង​ផ្តល់​អនុសាសន៍​ដល់​តំណាងរាស្ត្រ​តួកគី ឲ្យ​យល់​ព្រម​ឲ្យ​ស៊ុយអែត​ចូលជា​សមាជិក​អង្គការ​អូតង់​។

ប្រទេស​ផ្សេង​ទៀត​ដែលចូល​រួម​ក្នុង​កិច្ច​ប្រជុំ​កំពូល​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ គឺ​សុទ្ធ​តែ​ជា​សមាជិក​អូតង់​ទាំង​អស់។

ព័ត៌មាន​ខ្លះ​ក្នុង​សេចក្តីរាយការណ៍​នេះ មាន​ប្រភព​ពី​ទីភ្នាក់ងារ​សារព័ត៌មាន​ Agence France-Presse និង​ Reuters។