ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Biden និង​​​នាយក​រដ្ឋមន្ត្រី​ស៊ុយអែត​​លោក Kristersson ​នឹង​ជួប​ចរចា​​គ្នា​នៅ​សេតវិមាន


រូបភាព​ផ្គុំរវាងប្រធានាធិបតី​​​ស.រ.អ.​លោក Joe Biden ​​និង​​នាយក​រដ្ឋមន្ត្រី​ស៊ុយអែត​លោក Ulf Kristersson
រូបភាព​ផ្គុំរវាងប្រធានាធិបតី​​​ស.រ.អ.​លោក Joe Biden ​​និង​​នាយក​រដ្ឋមន្ត្រី​ស៊ុយអែត​លោក Ulf Kristersson

ប្រធានាធិបតី​ស.រ.អ.​លោក Joe Biden មាន​កំណត់​នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះ​ទទួលនាយក​រដ្ឋមន្ត្រី​ស៊ុយអែត​លោក Ulf Kristersson ដើម្បី​ធ្វើការ​ចរចាគ្នា​នៅ​សេតវិមាន​នៅពេល​ពួក​មេដឹកនាំ​អង្គការ​អូតង់ប្រុង​ប្រៀប​ធ្វើ​សន្និសីទ​កំពូល​នៅ​ប្រទេស​លីទុយអានី។

ប្រទេស​ស៊ុយអែត​ប្រឹងប្រែង​សុំ​ចូល​ជា​សមាជិក​អង្គការអូតង់ដែល​ជា​ចំណាត់ការ​មួយ​បណ្តាល​មក​ពីការលុកលុយ​របស់រុស្ស៊ី​ក្នុ​ង​អ៊ុយក្រែន​កាលពី​ឆ្នាំទៅ។ ពួកមេដឹកនាំអូតង់​បានយល់ព្រម​ឱ្យ​ស៊ុយអែត​ចូល​រួមក្នុង​សន្និសីទ​កំពូល​របស់ពួក​គេកាល​ពី​ឆ្នាំ២០២២ ​តែ​ប្រទេស​តួកគី​និងប្រទេស​ហុងគ្រី​មិនទាន់បានផ្តល់​សច្ចាប័ន​ដល់​ការប្រឹងប្រែង​របស់​ស៊ុយអែតក្នុង​ដំណើរការ​មួយ​ដែលត្រូវ​តែ​មាន​ការ​មូលមតិ​ជា​ឯកច្ឆន្ទ​ពី​សមាជិក​បច្ចុប្បន្នទាំង​អស់។

ប្រទេស​ហ្វាំង​ឡង់បាន​ដាក់​ពាក្យសុំ​ចូល​ជា​សមាជិក​អូតង់ជា​មួយ​ប្រទេស​ស៊ុយអែត​ហើយបាន​ទទួល​ការយល់ព្រម​ពេញលេញ​ឱ្យ​ចូល​ក្នុង​អូតង់​កាល​ពី​ខែមេសា។​

អ្នកនាំពាក្យសេតវិមាន​លោកស្រី Karine Jean-Pierre​ បាននិយាយ​នៅក្នុង​សេចក្តី​ថ្លែងការណ៍មួយកាលពី​សប្តាហ៍​មុនថា៖​«លោក​ប្រធានាធិបតី Biden​ និង​លោក​នាយក​រដ្ឋមន្ត្រី Kristersson នឹង​ពិនិត្យ​មើល​កិច្ចសហ​ប្រតិបត្តិការខាង​សន្តិសុខ​ដែល​កើន​ជាង​មុន​របស់​យើងនិង​បញ្ជាក់​ជា​ថ្មី​អំពី​ទស្សនៈ​របស់​លោក​ទាំង​ពីរថា​ស៊ុយអែតគួរចូល​រួម​ក្នុង​អូតង់ឱ្យ​បាន​ឆាប់​រហ័ស​តាម​អាច​ធ្វើ​បាន‍»។

តួកគីបានចោទ​ប្រកាន់​ស៊ុយអែត​ថា​អត់ឱនខ្លាំង​ពេក​ឱ្យ​ក្រុម​នានា​ដែលតួកគី​ចាត់ទុក​ថា​ជា​អង្គការ​ភេរវកម្ម។ ជាផ្នែក​មួយ​នៃកិច្ច​ព្រមព្រៀងក្នុង​ចំណោម​តួកគី ​ស៊ុយអែតនិង​ហ្វាំងឡង់ ​ប្រទេស​ស៊ុយអែត​បានធ្វើ​កំណែ​ទម្រង់​មួយ​ចំនួន ​មានរួម​ទាំង​ច្បាប់ប្រឆាំង​នឹង​ភេរវកម្ម​ផង​ដែរ។ អគ្គលេខាធិការ​អង្គការ​អូតង់​លោក Jens Stoltenberg គ្រោងនឹង​អញ្ជើញប្រទេស​ទាំង​បីឱ្យ​ធ្វើការ​ចរចា​គ្នា​នៅ​ថ្ងៃព្រហស្បតិ៍។

លោកស្រី​ Jean-Pierre ក៏បាន​ថ្លែង​ដែរ​ថា​លោក​ Biden និង​លោក Kristersson ក៏នឹង​ពិភាក្សា​គ្នា​ដែរ​លើ​ការសម្រប​សម្រួលគ្នា​អំពី​ប្រទេសចិន ព្រមទាំងនឹងនិយាយអំពី​ការដោះស្រាយបញ្ហា​ប្រែប្រួល​អាកាសធាតុនិង​បច្ចេកវិទ្យា​ថ្មីៗ៕

ព័ត៌មានខ្លះ​ក្នុង​សេចក្តី​រាយការណ៍​នេះ​ដកស្រង់​ពី​ទីភ្នាក់ងារ​សារព័ត៌មាន​AP​និង​ Reuters

XS
SM
MD
LG