ប្រធានាធិបតីអាមេរិកលោក Joe Biden បានជំរុញសម្ព័ន្ធមិត្តអូតង់ឱ្យរក្សាការគាំទ្រអ៊ុយក្រែនក្នុងសង្គ្រាមអ៊ុយក្រែនប្រឆាំងនឹងរុស្ស៊ី។ ការជំរុញនេះធ្វើឡើងពេលលោក Biden ទៅបំពេញទស្សនកិច្ចនៅអាល្លឺម៉ង់ជាលើកចុងក្រោយក្នុងនាមជាប្រធានាធិបតីមុនពេលការបោះឆ្នោតប្រធានាធិបតីអាមេរិកចូលមកដល់នៅថ្ងៃទី ៥ ខែវិច្ឆិកាខាងមុខនេះ។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AFP កាលពីថ្ងៃសុក្រ។
ពេលអ៊ុយក្រែនប្រឈមនឹងរដូវរងាទី ៣ ក្នុងពេលប្រទេសមានសង្គ្រាម ហើយចាញ់សមរភូមិនៅប៉ែកខាងកើត រដ្ឋាភិបាលអ៊ុយក្រែននិងសម្ព័ន្ធមិត្តភ័យខ្លាចថាលទ្ធភាពវិលត្រឡប់មកវិញរបស់លោក Donald Trump ចូលកាន់តំណែងនៅសេតវិមានអាចបន្ថយការគាំទ្រយោធារបស់អាមេរិកចំពោះអ៊ុយក្រែន។
លោក Biden ថ្លែងថា សម្ព័ន្ធមិត្តបស្ចិមប្រទេសត្រូវតែ «រក្សាការគាំទ្ររបស់យើង... រហូតទាល់តែអ៊ុយក្រែនទទួលបានសន្តិភាពដ៏យុត្តិធម៌និងឋិតថេរ»។ លោកថ្លែងទៀតថា៖ «យើងឈានចូលដល់រដូវរងាដ៏លំបាកខ្លាំងមួយ តែយើងមិនអាចបន្ធូរដៃបានទេ»។
បន្ទាប់មក លោក Biden បានជួបជាមួយអធិការបតីអាល្លឺម៉ង់លោក Olaf Scholz មុនពេលលោកទាំងពីរពិភាក្សាចតុភាគីជាមួយប្រធានាធិបតីបារាំងលោក Emmanuel Macron និងនាយករដ្ឋមន្ត្រីចក្រភពអង់គ្លេសលោក Keir Starmer។
រហូតមកដល់ពេលនេះ សហរដ្ឋអាមេរិកជាប្រទេសផ្តល់ជំនួយយោធាធំជាងគេបង្អស់ដល់អ៊ុយក្រែនតាំងពីរុស្ស៊ីបានឈ្លានពានពេញទំហឹងលើអ៊ុយក្រែននៅឆ្នាំ ២០២២ មក។ ប្រទេសផ្តល់ជំនួយយោធាធំជាងគេទីពីរដល់អ៊ុយក្រែនគឺអាល្លឺម៉ង់៕