លោក Biden ទទួល​ស្វាគមន៍​ប្រធានាធិបតី​ហ្វីលីពីន​ចំ​ពេល​មាន​ភាពតានតឹង​កើនឡើង​ជាមួយ​ចិន

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden និង​ប្រធានាធិបតី​ហ្វីលីពីន​លោក Ferdinand Marcos Jr. ដើរ​ទៅ​ការិយាល័យ​ប្រធានាធិបតី (Oval Office) បន្ទាប់ពី​ពិធី​ស្វាគមន៍​នៅ​សេតវិមាន​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden ​បាន​ធានា​ចំពោះ​សម​ភាគី​ហ្វីលីពីន​របស់​លោក​កាលពី​ថ្ងៃ​ចន្ទ​អំពី​ការ​តាំងចិត្ត​របស់​សហរដ្ឋ​អាមេរិក​ចំពោះ​ប្រទេស​ហ្វីលីពីន ​នៅ​ចំ​ពេល​មាន​ភាព​តានតឹង​កើនឡើង​ជាមួយ​នឹង​ចិន។

លោក Biden ​បាន​និយាយ​ថា៖ «សហរដ្ឋ​អាមេរិក​នៅតែ​តាំងចិត្ត​ម៉ឺងម៉ាត់​ដើម្បី​ការពារ​ប្រទេស​ហ្វីលីពីន ​ដែល​ក្នុង​នោះ​រួម​មាន​ទាំង​សមុទ្រ​ចិន​ខាង​ត្បូង​ផង​ដែរ ​ហើយ​សហរដ្ឋ​អាមេរិក​នឹង​បន្ត​គាំទ្រ​គោល​បំណង​ទំនើប​កម្ម​យោធា​របស់​ហ្វីលីពីន»។

មេដឹកនាំ​ទាំង​ពីរ​បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​សហ​ប្រតិបត្តិការ​ការពារ​ថ្មី​មួយ​កាលពី​ថ្ងៃ​ចន្ទ​ដើម្បី​ពង្រឹង​សន្តិសុខ​ហ្វីលីពីន​ និង​គាំទ្រ​ការ​ធ្វើ​ទំនើបកម្ម​យោធា។

កិច្ច​ព្រមព្រៀង​នេះ​ផ្អែក​លើ​ការ​បញ្ចប់​កាលពី​សប្ដាហ៍​មុន​នូវ​សមយុទ្ធ​យោធា​ដ៏​ធំ​បំផុត​មិន​ធ្លាប់​មាន​ពី​មុន​មក​រវាង​ប្រទេស​ទាំង​ពីរ ​ក៏​ដូចជា​កិច្ច​ព្រមព្រៀង​កាលពី​ដើម​ឆ្នាំ​នេះ ​ដែល​ហ្វីលីពីន​បាន​យល់ព្រម​ផ្ដល់​លទ្ធភាព​ដល់​សហរដ្ឋ​អាមេរិក​ឱ្យ​ប្រើប្រាស់​មូលដ្ឋាន​កងទ័ព​ចំនួន​ ៤ ​បន្ថែម​ទៀត​នៅ​ហ្វីលីពីន។

កាលពី​ថ្ងៃ​ចន្ទ ​ប្រធានាធិបតី​ហ្វីលីពីន​លោក Ferdinand Marcos Jr. ​បាន​និយាយ​ថា ​ហ្វីលីពីន​ស្ថិត​នៅ​ជួរ​មុខ​នៃ​ភាព​តានតឹង​កើនឡើង​នៅ​សមុទ្រ​ចិន​ខាង​ត្បូង។

លោក Marcos ​បញ្ជាក់​ដូច្នេះ​ថា៖ «បញ្ហា​ភូមិសាស្ត្រ​នយោបាយ​ក៏​មាន​ផង​ដែរដែល​ធ្វើ​ឱ្យ​តំបន់​នេះ ដែល​ក្នុង​នោះហ្វីលីពីន​អាច​ស្ថិត​ក្នុង​ស្ថានការណ៍​ភូមិសាស្ត្រ​នយោបាយ​ដ៏​ស្មុគស្មាញ​បំផុត​នៅ​លើ​ពិភពលោក​នា​ពេល​បច្ចុប្បន្ន។ ដូច្នេះ​ហើយ ​វា​ជា​រឿង​ធម្មតា​ទេ​ដែល​ហ្វីលីពីន​សម្លឹង​ទៅ​រក​សហរដ្ឋ​អាមេរិក​ដែល​ជា​ដៃគូ​សន្ធិសញ្ញា​របស់​ខ្លួន​តែ​មួយ​គត់​នៅ​លើ​ពិភពលោក​ដើម្បី​ពង្រឹង​ និង​កំណត់​ឡើង​វិញ​នូវ​ទំនាក់ទំនង​ដែល​យើង​មាន ​និង​តួនាទី​ដែល​យើង​ធ្វើ​ឡើង​នៅ​ចំ​ពេល​ប្រឈម​នឹង​ភាព​តានតឹង​កើនឡើង​ទាំង​នោះ​ដែល​យើង​ឃើញ​នៅ​ពេល​ឥឡូវ​នេះ​នៅ​ជុំវិញ​សមុទ្រ​ចិន​ខាង​ត្បូង​ និង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ​និង​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក»។

ប្រទេស​ចិន​បាន​យាយី​ម្ដង​ហើយ​ម្ដង​ទៀត​លើ​កង​ល្បាត​ទាហាន​ជើង​ទឹក​និង​កង​ល្បាត​ឆ្មាំ​សមុទ្រ​ហ្វីលីពីន ​និង​ប្រឆាំង​នឹង​វិធីសាស្ត្រ​របស់​ហ្វីលីពីន។

នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​រួម ​លោក Biden ​និង​លោក Marcos ​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា ​លោក​ទាំង​ពីរ​នឹង​ធ្វើការ​រួម​គ្នា​ក្នុង​នាម​ជា​សម្ព័ន្ធមិត្ត​លើ​កិច្ច​ប្រឹងប្រែង​ដូច​នេះ​ដើម្បី​លើក​កម្ពស់ ​«វិបុលភាព​ប្រកប​ដោយ​បរិយាបន្ន​និង​ទូលំទូលាយ»​ វិនិយោគ​លើ «ការ​ផ្លាស់ប្ដូរ​ទៅ​រក​ថាមពល​ស្អាត» ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ប្រែប្រួល​អាកាសធាតុ ​ទ្រទ្រង់​សន្តិភាព​និង​ស្ថិរភាព​អន្តរជាតិ ​និង​ធានា​ឱ្យ​មាន​ការ​គោរព​សិទ្ធិ​មនុស្ស​និង​នីតិរដ្ឋ៕

អ្នកស្រី Nike Ching រួមចំណែក​នៅក្នុង​សេចក្តី​រាយការណ៍​នេះ។