តាមរយៈបទបញ្ជានីតិប្រតិបត្តិមួយរបស់ប្រធានាធិបតី ចេញកាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧ គឺមួយសប្តាហ៍ក្រោយលោកបានស្បថសច្ចាប្រណិធានចូលកាន់តំណែង លោកប្រធានាធិបតី Donald Trump បានដាក់កំហិតបណ្តោះអាសន្នលើអន្តោប្រវេសន៍មកពីប្រទេសឥស្លាម៧ ដែលលោកបាននិយាយថា ជាកន្លែងបណ្តុះបណ្តាលភេរវកម្ម។ ចំណាត់ការនេះ បានត្រូវរិះគន់ច្រើនដោយពួកអ្នកការពារជនអន្តោប្រវេសន៍ ហើយបានត្រូវរារាំងនៅក្នុងតុលាការថែមទៀតផង និងនាំឱ្យមានការប្រយុទ្ធខាងផ្លូវច្បាប់អំពីបទបញ្ជាបន្តបន្ទាប់។
នេះជាឧទាហរណ៍មួយដែលប្រធានាធិបតីស.រ.អ.បង្វែរការចេញគោលនយោបាយតាមរយៈវិធានការនានារបស់អំណាចប្រធានាធិបតី គឺរួមមានបទបញ្ជានីតិប្រតិបត្តិ សេចក្តីប្រកាសនិងអនុស្សារណៈ ដោយមិនឆ្លងកាត់សភានិងដំណើរការនីតិប្បញ្ញត្តិ។ លោក Trump បានពឹងពាក់ខ្លាំងលើមធ្យោបាយនេះ ហើយលោក Joe Biden ដែលត្រូវសន្មតថាជាប្រធានាធិបតីជាប់ឆ្នោត ក៏បានសន្យាថា នឹងធ្វើដូច្នេះដែរ។
នៅពេលបន្ទាប់មក បទបញ្ជាហាមប្រាមអន្តោប្រវេស្តន៍ដែលត្រូវកែសម្រួលមួយរបស់លោក Trump បានទទួលការយល់ព្រមពីតុលាការកំពូល។ លោក John Woolley ជាសហនាយកនៃគម្រោងការតំណែងប្រធានាធិបតីអាមេរិកាំង (American Presidency Project) នៅសាកលវិទ្យាល័យ California នៅក្រុង Santa Barbara។ លោកបាននិយាយថា ទោះជាយ៉ាងណាក៏ដោយ ក៏ការហាមប្រាមនេះ ទំនងជានឹងត្រូវប្រែក្រឡះនៅក្រោយលោក Biden ស្បថចូលកាន់តំណែងនៅថ្ងៃទី២០ ខែមករាដែលជាបទបញ្ជានីតិប្រតិបត្តិមួយ ក្នុងបណ្តាបទបញ្ជានីតិប្រតិបត្តិជាច្រើនរបស់ប្រធានាធិបតីនៅក្នុងរដ្ឋបាលថ្មីនៃគណបក្សប្រជាធិបតេយ្យ។
លោក John Woolley បានថ្លែងថា៖ «ដោយសារបទបញ្ជាសឹងតែទាំងអស់អាចត្រូវកែប្រែវិញបានដោយបទបញ្ជាមួយទៀត យើងមានទំនុកចិត្តខ្លាំងថា លោក Joe Biden នឹងចេញបទបញ្ជានីតិប្រតិបត្តិច្រើន»។
លោក George Washington ប្រធានាធិបតីស.រ.អ.ទីមួយ បានចេញផ្សាយដំបូងគេនូវអ្វីដែលបន្ទាប់មក បានត្រូវគេហៅថាបទបញ្ជានីតិប្រតិបត្តិរបស់ប្រធានាធិបតី ដោយផ្តល់ការណែនាំដល់ក្រសួងនានារបស់រដ្ឋាភិបាល។
នៅក្នុងអំឡុងសង្គ្រាមស៊ីវិលលោក Abraham Lincoln បានដោះលែងក្រុមទាសករដោយប្រើសេចក្តីប្រកាសនៃការរួចផុតពីទាសភាព (Emancipation Proclamation)ដែលមានបទបញ្ជានីតិប្រតិបត្តិពីរដាច់ដោយឡែកពីគ្នា។
លោក Franklin Roosevelt បានចុះហត្ថលេខាលើបទបញ្ជានីតិប្រតិបត្តិច្រើនជាងប្រធានាធិបតីណាៗទាំងអស់ គឺជាង៣.៧០០បទបញ្ជា នៅមុនលោកទទួលអនិច្ចកម្ម នៅពេលកាន់តំណែងក្នុងអាណត្តិទីបួន។ បទបញ្ជានីតិប្រតិបត្តិជាច្រើនរបស់លោក មានគោលដៅចាត់ចែងកិច្ចការប្រទេសនៅក្នុងអំឡុងមហាវិបត្តិសេដ្ឋកិច្ចដែលហៅថា Great Depression។ បទបញ្ជានីតិប្រតិបត្តិឯទៀតៗ មានគោលដៅកេណ្ឌប្រទេសជាតិក្នុងសង្គ្រាមលោកលើកទីពីរ។ បទបញ្ជានីតិប្រតិបត្តិជាច្រើនគ្រាន់ជាការណែនាំខាងរដ្ឋបាល។
លោក Trump បានចេញបទបញ្ជានីតិប្រតិបត្តិ១៩៥ រហូតដល់ខែវិច្ឆិកា ឆ្នាំ២០២០ នៅក្នុងអាណត្តិតែមួយ ដោយមានចំនួនប្រហែលនឹងប្រធានាធិបតីកាលពីពេលថ្មីៗនេះដែរ។
លោក Kenneth Mayer ជាអ្នកវិទ្យាសាស្ត្រនយោបាយនៅឯសាកលវិទ្យាល័យWisconsin-Madison។ លោកបានពន្យល់ថា អំណាចនៃការធ្វើសកម្មភាពជាឯកតោភាគីរបស់ប្រធានាធិបតីនេះ មិនមានចែងនៅក្នុងរដ្ឋធម្មនុញ្ញសហរដ្ឋអាមេរិកទេដែលគ្រាន់តែនិយាយថា ប្រធានាធិបតីជាអ្នកទទួលបន្ទុកខាងសាខានីតិប្រតិបត្តិរបស់រដ្ឋាភិបាល។
លោកបាននិយាយថា៖ «បទបញ្ជានីតិប្រតិបត្តិទាំងនេះ ជាការអនុវត្តធម្មតាមួយនៃអំណាចទូលំទូលាយរបស់នីតិប្រតិបត្តិ»។
បទបញ្ជានីតិប្រតិបត្តិខ្លះ មានគោលដៅខាងសន្តិសុខជាតិដោយមានរួមបញ្ចូលបទបញ្ជានីតិប្រតិបត្តិមួយត្រូវចុះហត្ថលេខាដោយលោកប្រធានាធិបតី Franklin Roosevelt ដែលនៅពេលក្រោយមក បានត្រូវរិះគន់ខ្លាំងទាក់ទិននឹងការឃុំឃាំងពលរដ្ឋអាមេរិកាំងដើមកំណើតជប៉ុន នៅក្នុងជំរំនៅពេលមានសង្ក្រាមលោកលើកទីពីរ។
លោកប្រធានាធិបតី George W. Bush បានចេញបទបញ្ជាចម្រូងចម្រាសដើម្បីសម្រួលការប្រមូលព័ត៌មានពីការស៊ើបការណ៍សម្ងាត់ក្នុងសង្គ្រាមប្រឆាំងនឹងភេរវកម្ម គឺបទបញ្ជាដែលអនុញ្ញាតឱ្យមានការថតសំឡេងដោយមិនចាំបាច់មានដីកា នូវការសន្ទនាគ្នាជាអន្តរជាតិ ដែលនៅពេលខ្លះ មានទាក់ទិនជាមួយក្រុមពលរដ្ឋអាមេរិកាំង។
លោក Trump បានប្រើប្រាស់អំណាចប្រធានាធិបតីដោយមិនឆ្លងតាមសភាដើម្បីដកស.រ.អ. ចេញពីកិច្ចព្រមព្រៀងក្រុងប៉ារីស ដែលជាកិច្ចព្រមព្រៀងមួយប្រយុទ្ធប្រឆាំងនឹងការឡើងកម្តៅអាកាសធាតុជុំវិញពិភពលោក។ លោកបានជូនដំណឹងទៅអង្គការសហប្រជាជាតិអំពីសេចក្តីសម្រេចនេះកាលពីខែវិច្ឆិកា ឆ្នាំ២០១៩ គឺមួយឆ្នាំមុនការសម្រេចដកថយនេះ បានចូលជាធរមានកាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំនេះ។ លោក Biden សន្យាថា នឹងប្រែក្រឡះការដកខ្លួនថយនេះវិញ។
អ្នកស្រី Kim Wehle ដែលជាសាស្ត្រាចារ្យនៅមហាវិទ្យាល័យច្បាប់នៃសាកលវិទ្យាល័យBaltimore បាននិយាយថា៖ «ការបែងចែកអំណាចនិងសំណួរខាងរដ្ឋធម្មនុញ្ញ បានត្រូវដកចេញពីចំណងជើងព័ត៌មានសំខាន់ៗ ជារៀងរាល់ថ្ងៃ»។
ចំណាត់ការប្រធានាធិបតី ក៏ជាចំណងជើងព័ត៌មានសំខាន់ៗដែរកាលពីសម័យមុនៗ ដូចជានៅពេលលោកប្រធានាធិបតី Harry Truman បានបញ្ជាឱ្យមានក្រុមទាហានចម្រុះពូជសាសន៍នៅក្នុងកងយោធាស.រ.អ. កាលពីឆ្នាំ១៩៤៨។
ចំណាត់ការខ្លះរបស់ប្រធានាធិបតី បាននាំឱ្យមានការខ្វែងគំនិតគ្នាជាមួយសាខាមួយទៀតនៃរដ្ឋាភិបាលសហរដ្ឋអាមេរិក ដូចជានៅពេលលោកប្រធានាធិបតី Truman បានធ្វើជាតូបនីយកម្មរោងចក្រដែកថែប នៅពេលមានសង្គ្រាមកូរ៉េ។
លោកស្រី Kim Wehle ដែលជាសាស្ត្រាចារ្យច្បាប់បានថ្លែងថា៖ «ពេលនោះជាការប៉ុនប៉ងដើម្បីកាន់កាប់ឧស្សាហកម្មឯកជន ដោយមានគោលដៅបម្រើកិច្ចខិតខំប្រឹងប្រែងក្នុងសង្គ្រាម»។
លោកស្រីបាននិយាយបន្ថែមថា៖ «តុលាការ[ពេលនោះ] បានថ្លែងថា ធ្វើដូច្នេះមិនបានទេ»។
ប្រែសម្រួលដោយលោក ឈឹម សុមេធ