លោក Biden ​ចាត់ទុក​ប្រធានាធិបតី​ Xi ​ជា​មេដឹកនាំ​ផ្តាច់ការ​ម្នាក់ ​នៅ​ក្នុង​ពិធី​អង្គាស​ប្រាក់​

រូប​ឯកសារ៖ រូប​ផ្គុំ​នេះ​បង្ហាញ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden កាល​ពី​ឆ្នាំ​២០២១ និង​ប្រធានាធិបតី​ចិន​លោក ​Xi Jinping កាល​ពី​ឆ្នាំ​២០១៩។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិកលោក​ Joe Biden ​កាលពី​ថ្ងៃអង្គារ ​បាន​ប្រៀប​ប្រដូច​ប្រធានាធិបតី​ចិន​លោក​ ​Xi Jinping​ ថា​ជា​មេដឹកនាំ​ផ្តាច់ការ​ម្នាក់​ក្នុង​ចំណោម​ក្រុម​មេដឹកនាំ​ផ្តាច់ការ​ ខណៈ​លោក​ថ្លែង​នៅ​ក្នុង​ពិធី​ទទួល​អ្នក​ផ្តល់​ប្រាក់​ឧបត្ថម្ភ​ដល់​យុទ្ធនាការ​រក​សំឡេងឆ្នោត ​ដែល​មាន​វត្តមាន​របស់​អ្នកកាសែត។ នេះ​បើ​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​ AFP។

ថ្លែង​នៅ​ក្នុង​ពិធី​រៃ​អង្គាស​ប្រាក់​មួយ​នៅ​ភាគ​ខាងជើង​នៃ​រដ្ឋ California​ លោក Biden ​បាន​ថ្លែង​ថា​លោក​ Xi ​បាន​ខឹង​ដោយសារ​ឧបទ្ទវហេតុ​មួយ​កាលពី​ខែកុម្ភៈ ​នៅ​ពេល​ដែល​បាឡុង​ចិន​មួយ ​ដែល​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន ​និយាយ​ថា​ត្រូវ​បាន​ប្រើប្រាស់​ដើម្បី​លួច​យកការណ៍​សម្ងាត់​នោះ ​បាន​ហោះ​កាត់​សហរដ្ឋ​អាមេរិក​ មុន​នឹង​ត្រូវ​បាន​យន្តហោះ​យោធា​អាមេរិក​បាញ់​ទម្លាក់។

លោក​Biden ​បាន​ថ្លែង​ថា៖ «មូលហេតុ​ដែល​លោក​ Xi Jinping ​ខឹង​សម្បា​យ៉ាង​ខ្លាំង ​នៅ​ពេល​ដែល​ខ្ញុំ​បាន​បាញ់​ទម្លាក់​បាឡុង​ដែល​មាន​ផ្ទុក​ប្រអប់២ ​ពោរពេញ​ទៅ​ដោយ​ឧបករណ៍​លួច​យកការណ៍​សម្ងាត់​នោះ ​គឺ​លោក​មិនបាន ​ដឹង​ថា​វា​នៅ​ទីនោះ‍»។

លោក​បាន​បន្ថែម​ថា៖ «ខ្ញុំ​និយាយ​មែន។ រឿង​នោះ​ជា​រឿង​អាម៉ាស់​យ៉ាង​ធំ​មួយ​សម្រាប់​ពួក​មេដឹកនាំ​ផ្តាច់ការ ​នៅ​ពេល​ដែល​ពួកគេ​មិន​បាន​ដឹង​ថា​មាន​រឿង​អ្វី​កើត​ឡើង‍»។

ការ​កត់​សម្គាល់​របស់​លោក Biden ​បាន​កើតឡើង​ប៉ុន្មាន​ថ្ងៃ​ក្រោយពី​លោក​រដ្ឋមន្ត្រី​ការបរទេស​ Antony Blinken ​បាន​បញ្ចប់​ទស្សនកិច្ច​ទៅកាន់​ទីក្រុង​ប៉េកាំង ​ក្នុង​គោលបំណង​បង្កើត​វិធី​ទាក់ទង​គ្នា​ឡើងវិញ ដើម្បី​បញ្ចៀស​ជម្លោះ​រវាង​មហា​អំណាច​ពិភពលោក​ទាំងពីរ។

ការប្រកួត​ប្រជែង​ដែល​មាន​ច្រើន​វិស័យ​រវាង​ចិន​និង​សហរដ្ឋ​អាមេរិក ​បាន​ក្លាយ​ទៅ​ជា​វិបត្តិ​ការទូត​ពេញ​ទំហឹង​មួយ ​តាំងពី​មាន​ឧបទ្ទវហេតុ​បាឡុង​កាលពី​ខែ​កុម្ភៈ​មក។

ជា​ការ​ឆ្លើយតប​ចំពោះ​អត្ថាធិប្បាយ​របស់​លោក Biden​ នៅ​ថ្ងៃពុធ​នេះ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​រិះគន់​ថា​អត្ថាធិប្បាយ​នោះ ​ជា​ការបង្ក​ហេតុ​នយោបាយ​ដោយ​បើក​ចំហ​មួយ‍»។

អ្នកនាំពាក្យ​ក្រសួង​ការបរទេស​ចិន ​អ្នកស្រី ​ Mao Ning ​បាន​ថ្លែង​ក្នុង​សន្និសីទ​កាសែត​មួយ​ថា​«ការ​កត់​សម្គាល់​យ៉ាង​សំខាន់​របស់​ភាគី​អាមេរិក ​ជា​ការគួរ​ឱ្យ​អស់​សំណើច​និង​ការ​គ្មាន​ការ​ទទួល​ខុសត្រូវ​យ៉ាង​ខ្លាំង​ជាទីបំផុត ​ដែល​បំពាន​លើ​ការពិត​ទូទៅ ​ពិធីការ​ការទូត ​និង​កិត្តិយស​នយោបាយ​របស់​ប្រទេស​ចិន‍»។

អ្នកស្រី​បន្ថែម​ថា៖​ «ប្រទេស​ចិន​មិន​ពេញចិត្ត​យ៉ាង​ខ្លាំង ​ហើយ​ប្រឆាំង​ជំទាស់​យ៉ាង​ខ្លាំង​ក្លាចំពោះ​រឿង​នេះ‍»៕